កីឡាករគុនចម្រុះ Kevin Belingon ឬ គេស្គាល់ថា «The Silencer» បានក្លាយជាវីរបុរសនៅប្រទេសហ្វីលីពីន នៅពេលរូបគេជោគជ័យក្នុងពិភពក្បាច់គុនចម្រុះរបស់ខ្លួន បន្ទាប់ពីបានជម្នះរាល់ឧបសគ្គជាច្រើននៅក្នុងជីវិត។

Belingon ត្រូវប្រឈមនឹង Bibiano Fernandes ដើម្បីដណ្ដើមខ្សែក្រវាត់ ONE Bantamweight World Title នៅសង្វៀន ONE: CENTURY PART II នាថ្ងៃទី ១៣ ខែ តុលាខាងមុខនាក្រុងតូក្យូប្រទេសជប៉ុន។ Belingon បានតស៊ូព្យាយាមរាល់ការលំបាកកាលនៅតូច ប៉ុន្តែរូបគេអាចធ្វើឲ្យគ្រួសារខ្ពស់មុខខ្ពស់មាត់តាមរយៈក្បាច់គុន។ ក្នុងនោះគ្រួសាររបស់គេបានរួមចំណែកបណ្ដុះឆន្ទៈនិងលើកទឹកចិត្តដែលនាំឲ្យមានមោទនភាពនាពេលបច្ចុប្បន្ន។

គ្មានសមាជិកគ្រួសារណាម្នាក់ហ្វឹកហាត់ក្បាច់គុន ឬ ឈាមជ័រជាអ្នកហាត់គុននោះឡើយ ប៉ុន្តែពួកគេស្រលាញ់ក្បាច់គុន។ Belingon រៀបរាប់ថា៖ «គ្រួសាររបស់ខ្ញុំស្រលាញ់ក្បាច់គុនដោយបេះដូង។ គ្រួសារខ្ញុំជាអ្នកគាំទ្រកីឡា និងចូលចិត្តតាមដានកីឡា។ រាល់ពេលខ្ញុំប្រកួត ពួកគេតែងតែទស្សនាទាំងអស់គ្នានៅផ្ទះ និង ធ្វើឲ្យរូបខ្ញុំកក់កក់ក្ដៅ និងក្លាយជាកីឡាករលំដាប់ពិភពលោកម្នាក់ នៅសង្វៀន ONE Championship»។

ជាអកុសល Belingon បានបាត់បង់អ្នកគាំទ្រដ៏បំផុតខ្លះរបស់ខ្លួនដោយសារសោកនាដកម្មដ៏អាក្រក់មួយ ដែលបណ្ដាលឲ្យជីតា និង ពូរបស់គេបាត់បង់ជីវិត ហើយ «The Silencer» ពិតលំបាកចិត្តក្នុងការបរិយាយអំពីហេតុការណ៍នេះណាស់។ «The Silencer» ថ្លែងយ៉ាងក្រៀមក្រំថា៖ «រហូតដល់ពេលនេះខ្ញុំមិនអាចបំភ្លេចពួកគេបានទេ។ ពួកគេនៅក្នុងចិត្តខ្ញុំ និងនៅជាមួយខ្ញុំជានិច្ច។ វាជាការឈឺចាប់រហូតដល់បច្ចុប្បន្ន»។ ជើងខ្លាំងហ្វីលីពីនសង្កត់ធ្ងន់យ៉ាងដូច្នេះ៖ «ពួកគេជាកម្លាំងចិត្តរបស់ខ្ញុំ នៅពេលខ្ញុំឡើងប្រកួតម្ដងៗ។ ទោះបីពួកគាត់ចាកឆ្ងាយ ពួកគាត់ ស្ថិតនៅក្នុងចិត្តខ្ញុំជានិច្ច។ ខ្ញុំអាចនិយាយបានតែប៉ុណ្ណឹងឯង»។

Belingon នៅតែចងចាំមិនភ្លេចរាល់ពាក្យពេចន៍លើកទឹកចិត្តដែលធ្វើឲ្យរូបគេជម្នះទាំងការហ្វឹកហាត់ និង ការឡើងសង្វៀនប្រកួត។ «ក្បាច់គុនគឺជាក្ដីស្រលាញ់របស់ខ្ញុំ។ ខ្ញុំមិនខ្វល់ថាមានរឿងអ្វីកើតឡើងទេ ខ្ញុំនឹងបន្តវារហូត។ ពួកគាត់នៅជាមួយខ្ញុំ និង មើលខ្ញុំប្រកួតគ្រប់ពេល។ ពួកគាត់នៅតែផ្ដល់កម្លាំងចិត្តឲ្យខ្ញុំកាន់តែខ្លាំងឡើង»។

កីឡាករមកពី Team Lakay បានយកឈ្នះ Fernandes ដែលជាកីឡាករគ្រងខ្សែក្រវាត់ World Champion បានច្រើនសម័យក្នុងប្រវត្តិសាស្ត្ររបស់ ONE កាលខែ វិច្ឆិកា ឆ្នាំ ២០១៨។ បន្ទាប់មក កីឡាករសញ្ជាតិហ្វីលីពីន របូតខ្សែក្រវាត់កាល ONE Bantamweight World Champion កាលខែ មីនា ឆ្នាំ ២០១៩ កន្លងទៅក្រោយចាញ់ Fernandes ដដែល។ ទោះជាបែបណាក្ដី Belingon មានការតាំងចិត្តខ្ពស់ទោះមានភាពឈឺចាប់នៅក្នុងចិត្តក៏ដោយ ដើម្បីយកជ័យជម្នះខាងមុខឧទ្ទិសដល់ជីតា និង ពូ ដែលបានចែកឋាន។

Belingon បន្ថែមទៀតថា៖ «កាលៈទេសៈប្រហែលខុសគ្នា ប៉ុន្តែវាតែងតែលំបាកជានិច្ច។ គ្មានភាពងាយស្រួលនោះទេ។ វាមានពេលច្រើនឆ្នាំហើយ ដែលខ្ញុំខំធ្វើចិត្ត។ បើសិនក្នុងចិត្តអ្នកក៏វាពិបាកបំភ្លេចដែរ។ ប៉ុន្តែខ្ញុំត្រូវតែបន្តការងាររបស់ខ្ញុំ។ ទោះមិនអាចបំភ្លេចពួកគាត់ ប៉ុន្តែត្រូវយកពួកគាត់ជាកម្លាំងចិត្តដើម្បីបន្តដំណើរទៅមុខ»។

នៅថ្ងៃទី ១៣ តុលា ខាងមុខ Belingon ជួប «The Flash» ជាលើកទី៤ក្នុងប្រវត្តិសាស្ត្រ ONE Bantamweight World Championship នៅក្រុងតូក្យូ ហើយគេត្រូវរកតិកនិកដើម្បីផ្ដួលគូប្រកួតទោះជាលំបាកជាងមុខបន្តិចក្ដី។ បុរសវ័យ ៣១ ឆ្នាំនឹងធ្វើរឿងគ្រប់យ៉ាងដើម្បីអ្នកដែលគាំទ្រ និងមនុស្សជាទីស្រលាញ់មានមោទនភាព។ Belingon សង្កត់ធ្ងន់ខ្លីថា៖«ខ្ញុំនឹងឧទ្ទិសការឡើងប្រកួតរបស់ខ្ញុំទាំងអស់ជូនដល់ជីតា និង ពូរបស់ខ្ញុំ»។

ONE: CENTURY ជាការប្រកួតគុនចម្រុះលំដាប់ពិភពលោកមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។ ក្នុងនោះមានការប្រកួតដណ្ដើមខ្សែក្រវាត់ ជាច្រើនដូចជាវគ្គផ្ដាច់ព្រ័ត្រ World Grand Prix Championship ក្នុង៣ប្រភេទទម្ងន់ផ្សេងគ្នា ហើយមានគូប្រកួតជើងឯកពិភពលោក ប៉ះជើងឯកពិភពលោក។

កុំភ្លេចតាមដាន កម្មវិធីកក្រើកមិនធ្លាប់មានគម្រប់១០០លើកនៃការរៀបចំការប្រកួតរបស់ស្ថាប័ន ONE Championship ត្រូវបានដាក់ឈ្មោះថា ONE: CENTURY។ ONE CENTURY នឹងរៀបចំឡើងនៅថ្ងៃទី ១៣ តុលា ខាងមុខនឹងផ្សាយបន្តផ្ទាល់ចាប់ពីម៉ោង ៩ យប់តទៅ (ម៉ោងកម្ពុជា) តាមរយៈ https://www.facebook.com/ONEChampionship/ , ONE Super App និង YouTube: https://www.youtube.com/user/OneFCMMA។
អត្ថបទ៖ ស៊ីធី
សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង
