បើទោះបីបានរងបរាជ័យ៣លើកពីការប្រកួតទាំង៣លើករបស់ខ្លួនក៏ដោយ ប៉ុន្តែ លោក Peter Bosz គ្រូបង្វឹករបស់ក្រុម Bayer Leverkusen ពោរពេញដោយសុទិដ្ឋិនិយមថា ពួកគេអាចផ្តួលក្រុម Atletico Madrid នៅរាត្រីនេះ ដើម្បីរក្សាក្តីសង្ឃឹមដ៏ស្តួចស្តើងរបស់ខ្លួន និងបង្កើតរឿងអភិនិហារក្នុងក្របខ័ណ្ឌ Champions League។
ការរងបរាជ័យក្រោមស្នាដៃក្រុម Lokomotiv Moscow, Juventus និង Atletico ធ្វើឲ្យក្រុម Leverkusen មិនមានពិន្ទុសោះ និងឈរនៅបាតតារាងនៃពូល D ខណៈដែលនៅសល់ការប្រកួតត្រឹមតែ៣លើកទៀតប៉ុណ្ណោះ។
វាមានរយៈពេលច្រើនជាង១៥ឆ្នាំមកហើយ បើគិតចាប់តាំងពីក្រុមមួយបានឈានទៅវគ្គបន្តនៃក្របខ័ណ្ឌ Champions League បើទោះបីចាញ់ការប្រកួតទាំង៣លើកដំបូងរបស់ខ្លួន ដែលនៅពេលនោះក្រុម Newcastle United បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ ក្នុងការប្រកួតវគ្គចែកពូល នារដូវកាលឆ្នាំ២០០២-២០០៣ តាមរយៈការដណ្តើមបានជ័យជម្នះរាល់ការប្រកួតទាំង៣លើកចុងក្រោយរបស់ខ្លួន។
ប៉ុន្តែ ទោះបីជាយ៉ាងណា លោក Bosz ចង់ដណ្តើមបានជ័យជម្នះលើក្រុម Atletico ដែលបានផ្តួលក្រុមរបស់លោកក្នុងលទ្ធផល ១-០ ក្នុងទីក្រុងម៉ាឌ្រីដ កាលពី២សប្តាហ៍មុន និងមាន៧ពិន្ទុស្មើជាមួយនឹងក្រុម Juventus នៅលើកំពូលតារាងនៃពូល ដើម្បីរក្សាក្តីសង្ឃឹមរបស់ពួកគេក្នុងក្របខ័ណ្ឌកំពូលអឺរ៉ុប។
លោក Bosz បាននិយាយកាលពីថ្ងៃអង្គារថា៖ «ឱកាសពិតជាតូច ប៉ុន្តែ វានៅតែជាឱកាស។ នៅសល់៩ពិន្ទុទៀតដែលត្រូវដណ្តើមយកក្នុងពូលនេះ។ ខ្ញុំគឺជាអ្នកប្រយុទ្ធម្នាក់ ហើយខ្ញុំនឹងនិយាយថា វាបញ្ចប់ នៅពេលដែលវាពិតជាបញ្ចប់មែន»៕