ក្រោយតស៊ូជាច្រើនឆ្នាំ ពេលនេះអ្នកប្រដាល់គុនចម្រុះសញ្ជាតិហ្វីលីពីន Rene Catalan ទទួលបានឱកាសឡើងដណ្ដើមខ្សែក្រវាត់ ONE ប្រភេទទម្ងន់ Straweight ពីមិត្តរួមជាតិ Joshua Pacio នៅថ្ងៃស្អែកនាទីក្រុងម៉ានីលប្រទេសហ្វីលីពីន។
មូលហេតុធំដែលអ្នកប្រដាល់វ័យ៤០ឆ្នាំមានឱកាសនេះ ដោយសារតែ៦ប្រកួតចុងក្រោយរបស់គេនៅសង្វៀន ONE មិនទាន់ស្គាល់ពាក្យចាញ់នៅឡើយទេ។ ចុងក្រោយកាលពីខែ មីនា ឆ្នាំ ២០១៩ គេបានយកឈ្នះកីឡាករជប៉ុន Yoshitaka Naito ត្រឹមទឹក១ប៉ុណ្ណោះ។
ងាកទៅមើលអតីតកាលបន្តិច គ្រប់គ្នាប្រាកដជាចាំបានថា Rene Catatan ធ្លាប់ប៉ះកីឡាករកម្ពុជា ឃីម ឌីម៉ាកាលពីឆ្នាំ២០១៣ នៅប្រទេសសិង្ហបុរី។ អំឡុងពេលនោះឌីម៉ាមានប្រៀបក្នុងទឹកពីរ បន្ទាប់ពីចេញកែវពិឃាដផ្ទួនៗ រួចបន្តថែមធ្វើឲ្យ Rena បោះបង់ការប្រកួត។ លើសង្វៀនអាជ្ញាកណ្ដាលបានលើកដៃឲ្យកីឡាករកម្ពុជាឈ្នះ។
យ៉ាងណា ក្រោយចប់ការប្រកួតតាមការសិក្សាគេចាប់បានឌីម៉ា វាយខុសលក្ខខណ្ឌចំពយខាងក្រោយក្បាលរបស់ Rene ធ្វើឲ្យមានការសម្រេចមិនប្រកាសលទ្ធផលវិញ។ ចាប់អារម្មណ៍ខ្សែជីវិតរបស់កីឡាករទាំងពីរបច្ចុប្បន្ន Rene បានបន្តក្នុងវិស័យ MMA រហូតបានវាយគូខ្សែក្រវាត់។ ចំណែកឌីម៉ា កំពុងព្យាបាលរបួសមិនទាន់ដឹងពេលណាបានប្រកួតវិញទេ ក្នុងវិស័យគុនខ្មែរ៕
Credit: Sabay