នាយកក្លឹបបាល់ទាត់យុវជនក្លឹប Barcelona លោក Patrick Kluivert បានលើកឡើងថា Matthijs de Ligt មានអារម្មណ៍សោកស្តាយបន្តិចហើយនាពេលនេះដែលបានសម្រេចចិត្តបដិសេធចូលរួមជាមួយ Barcelona ហើយជ្រើសរើស Juventus កាលពីរដូវក្តៅកន្លងទៅនេះ។

លោក Kluivert បានប្រាប់ Mundo Deportivo នៅពេលសួរអំពីកិច្ចពិភាក្សាដែលអាចនិងកើតមានឡើងសម្រាប់ការនាំយក De Ligt សាជាថ្មីថា: ខ្ញុំមិនបានព្យាយាមបញ្ចុះបញ្ចូលគាត់ទេ ខ្ញុំអាចប្រាប់គាត់ពីរឿងល្អៗទាំងនៅទីក្រុងបាសេឡូណា ក៏ដូចជាក្លឹបផងដែរ។ ខ្ញុំយល់ថាពេលនេះគាត់កំពុងគិតពីក្លឹបទី២ ដែលគាត់ធ្លាប់បដិសេធ។

ខ្សែការពារឆ្នើមរូបនេះមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយម្ចាស់ជើងឯក La Liga ហើយទីបំផុត Juventus ម្ចាស់ជើងឯក SerieA បានផ្តួលគូប្រជែងយ៉ាងស្វិតស្វាញ ដើម្បីចុះហត្ថលេខា De Ligt កីឡាករអន្តរជាតិហូល្លង់ពីក្លឹប Ajax កាលពីខែមិថុនាក្នុងកិច្ចព្រមព្រៀងរយៈពេល ៥ឆ្នាំក្នុងតម្លៃ ៧៥លានផោន។

យ៉ាងណាមិញ De Ligt ប្រឈមមុខជាកីឡាករបម្រុង និងមិនបានចូលលេងភ្លាមនោះទេ ទើបតែពេលខ្សែការពារ Giorgio Chiellini បានរងរបួសជង្គង់យ៉ាងធ្ងន់ធ្ងរទើបគេបានចូលលេងជម្រើសដំបូង។ មួយវិញទៀត De Ligt ប្រឈមនឹងការរិះគន់ចំពោះការផ្តល់បាល់ពិន័យប៉េណាល់ទីចំនួន ២លើកក្រោយបង្កកំហុសប៉ះដៃក្នុងការបង្ហាញខ្លួននៅ Serie A ចំនួន ៩ដងផងដែរ។