នៅពេល Ilias Ennahachi ធ្វើឲ្យរំភើបញាប់ញ័រនៅសង្វៀន Cadillac Arena នាទីក្រុងប៉េកាំងប្រទេសចិនកាលថ្ងៃសៅរ៍ ទី១៦ ខែ វិច្ឆិកា រូបគេបានប្រើភាពវៃឆ្លាតដើម្បីការពារខ្សែក្រវាត់ ONE Flyweight Kickboxing World Title។ Ennahachi ឡើងការពារខ្សែក្រវាត់ទល់នឹងកីឡាករម្ចាស់ផ្ទះចិន Wang Wenfeng ឬ ឈ្មោះក្រៅ «Metal Storm» គួរឲ្យទាក់ទាញនៅក្នុងកម្មវិធី ONE: AGE OF DRAGONS ដោយឈ្នះពិន្ទុមិនឯកច្ឆន្ទបន្ទាប់ពីដណ្ដើមបានកាលខែ សីហា។
ម្ចាស់ខ្សែក្រវាត់ពិភពលោកវ័យ២៣ឆ្នាំបានចេញកណ្ដាប់ដៃនិងជើងបានល្អអមដោយល្បឿនលឿនដែលទទួលបានពិន្ទុមានប្រៀបលើកីឡាករម្ចាស់ផ្ទះនៅទឹកដំបូង។
ម្ចាស់ខ្សែក្រវាត់សញ្ជាតិហូឡង់តែងតែដកថយដោយបច្ចេកទេស ខណៈ កីឡាករចិនបានព្យាយាមបម្លាស់ទីសម្រុកចូល និង កៀងៗរកកន្លែងវ៉ៃចេញពេញរេញ។ Ennahachi បានផលចំណេញពីការឆ្មក់កណ្ដាប់ដៃ នៅពេលដែល Wang ព្យាយាមចូលកៀក។ «Metal Storm» នៅតែចូលគាបកីឡាករកូនកាត់ហូឡង់-ម៉ារ៉ុកដើម្បីរកចន្លោះប្រហោង ហើយក៏ទទួលបានផលខ្លះៗនៅទឹកទី២។ កីឡាករចិនប្រើជើងឆ្វេងទាត់ផង រួមទាំងកណ្ដាប់ដៃដែរដើម្បីបង្អាក់ចលនារបស់ Ennahachi ប៉ុន្តែ Wang មិនចំណេញច្រើនទេ។ យ៉ាងណាក្ដី កីឡាករមកពីក្លិប SB Gym នៅតែអាចទទួលបានទទួលពិន្ទុពីចៅក្រមដោយសារកណ្ដាប់ពីចម្ងាយពេលកីឡាករចិនព្យាយាមចូលកៀក។
បន្ទាប់មកម្ចាស់ខ្សែក្រវាត់ KLF World Champion នៅតែដាក់សម្ពាធនៅទឹកទី៣ដោយប្រឹងសន្ធាប់ដូចជា ជង្គង់ ជើងឆ្វេងយ៉ាងខ្លាំង និង ការម៉ាត់ខ្លាំងសំដៅ Ennahachi។ បែបណាក៏ដោយកីឡាករកូនកាត់ហូឡង់-ម៉ារ៉ុក នៅតែធ្វើបានល្អក្នុងការវ៉ៃសងវិញ ហើយប្រើជើងឆ្វេងទាត់ចំក្បាលកីឡាករចិនផងដែរ។
Wang បានធ្វើឲ្យអ្នកគាំទ្រចិនដែលទៅទស្សនាផ្ទាល់ហើបគូថពីកៅអីនៅពេលរូបគេគ្រប់គ្រងការប្រកួតបានល្អនៅទឹកទី៤លើ Ennahachi ប៉ុន្តែម្ចាស់ការពារខ្សែក្រវាត់ World Champion នៅតែបង្កើតឱកាស និង អាចមានឱកាសទាត់ចំក្បាល ហើយប្រើកណ្ដាប់ដៃយកពិន្ទុពី Wang។
កីឡាករឡើងដណ្ដើមខ្សែក្រវាត់នៅតែបង្ហាញឆន្ទៈ ខ្លាំងនៅទឹកចុងក្រោយខណៈដែល Ennahachi មិនអាចធ្វេសប្រហែសឡើយក្នុងនាមជាម្ចាស់ខ្សែក្រវាត់។ កីឡាករទាំងពីរបានបញ្ចេញអាវុធរៀងៗខ្លួនមិនឲ្យអ្នកទស្សនាធុញទ្រាន់ឡើយ ហើយ ក្រោយចប់ការប្រកួតពួកគេទាំងពីរបានអបអរសាទរប្រកបដោយក្ដីរំពឹងទុកដូចគ្នា។ លទ្ធផលចុងក្រោយEnnahachi ឈ្នះពិន្ទុមិនឯកច្ឆន្ទលើ Wang ដើម្បីការពារខ្សែក្រវាត់របស់ខ្លួន និង រក្សាកំណត់ត្រា ឈ្នះ៣៦ លើក និង ចាញ់ ៣លើកក្នុងអាជីព។
Ilias Ennahachi បានថ្លែងថា ៖«ខ្ញុំបានធ្វើការខ្លាំងដើម្បីប្រកួតថ្ងៃនេះ តែវាជាការប្រកួតដ៏តានតឹងមួយ។ ខ្ញុំមិនទាន់ដឹងជួបអ្នកណាទៀតទេ អាស្រ័យលើ ONE អ្នករៀបចំ។ ខ្ញុំសូមអរគុណដល់ ONE Championship ដែលរៀបចំការប្រកួត។ ខ្ញុំនឹងប្រឹងបន្តទៀតដើម្បីការពារខ្សែក្រវាត់។ ខ្ញុំអរគុណដល់ប្រជាជនចិន ខ្ញុំស្រលាញ់អ្នកទាំងអស់គ្នា ហើយ ខ្ញុំស្រលាញ់រដ្ឋធានីប៉េកាំង»។
កម្មវិធីបន្ទាប់ សូមកុំភ្លេចទស្សនាកម្មវិធីប្រកួតបន្ទាប់នៅ ONE: AGE OF GREATNESS នៅថ្ងៃទី ២២ ខែ វិច្ឆិកា ខាងមុខ ពីសិង្ហបុរីចាប់ពីម៉ោង ៦:៣០ ល្ងាចតទៅ (ម៉ោងកម្ពុជា) តាមរយៈ Facebook, Twitter, YouTube, ONE Super App, និង ផ្សាយបន្តផ្ទាល់ដោយ CBS។
អត្ថបទ៖ ស៊ីធី
សូមចុចលីងនេះដើម្បីឡៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង