កីឡាករកំពូលគុនចម្រុះលេចធ្លោកម្ពុជា ចាន់ រតនា បានបង្ហើបអំពីការសរសើរដល់កីឡាករកំពូលគុនចម្រុះលំដាប់ពិភពលោករបស់ មីយ៉ាន់ម៉ា Aung La Nsang ដែលសក្ដិសមជាកីឡាករម្ចាស់ខ្សែក្រវាត់លំដាប់ពិភពលោកពិតប្រាកដ។

ការសរសើរមិនដាច់ពីមាត់បែបនេះបន្ទាប់ពី ចាន់ រតនា ធ្លាប់ជួប Aung La Nsang ម្ដងចំពេលដែលរូបគេទៅឲ្យទឹក Phoe Thaw អំឡុងពេលប្រកួតកាលដើមឆ្នាំ២០១៩នេះ និង បានថតរូបអនុស្សាវរីយ៍ជាមួយគ្នាទៀតផង។ Phoe Thaw គឺជាជាមិត្តជិតស្និទ្ធរបស់ ចាន់ រតនា ហើយរូបគេជាកីឡាករគុនចម្រុះលំដាប់កំពូលម្នាក់របស់មីយ៉ាន់ម៉ាផងដែរ។ តាមរយៈទំនាក់ទំនងនេះបានធ្វើឲ្យកីឡាករកំពូលរបស់កម្ពុជាបានជួប និង ស្គាល់អំពីអត្តចរិតខ្លះៗរបស់ ម្ចាស់ខ្សែក្រវាត់ពិភពលោកពីរស្ថាប័ន Aung La Nsang។

ចាន់ រតនា បានគូសបញ្ជាក់ថា៖«ខ្ញុំបានជួបគាត់[Aung La Nsang]ផ្ទាល់។ គាត់មានអត្តចរិតរួសរាយរាក់ទាក់ ហើយក្បាច់គុនទៀតសោតសក្ដិសមជាកីឡាករលំដាប់ពិភពលោកតំណាងមីយ៉ាន់ម៉ា។ Aung La Nsang គាត់ពូកដោះឃ្លេ និង ផ្ដួលគូប្រកួតដោយកណ្ដាប់ដៃភាគច្រើន។ ខ្ញុំក៏បានឃើញជាក់ស្ដែងតាយរយៈការប្រកួតនានា ហើយខ្ញុំបានឈ្វេងយល់ច្រើនអំពីក្បាច់គុនMMA របស់គាត់»។

កីឡាករគុនចម្រុះកម្ពុជាបានបន្តថា Aung La Nsang ដែលជាម្ចាស់ខ្សែក្រវាត់ ONE Middleweight Championship និង ONE Light Heavyweight Championship បានលើកទឹកចិត្តរូបគេដោយប្រយោលក្នុងនាមជាកីឡាករនៅតំបន់អាស៊ានដូចគ្នា។ កីឡាករជំនាញយុទ្ធគុនខមសង្កត់ធ្ងន់ថា៖«គាត់ជាកីឡាករអាស៊ានដូចយើងដែរ ដូច្នេះខ្ញុំត្រូវប្រឹងប្រែងឲ្យខ្លាំងក្លាមិនរាថយ។ យើងមិនបានដូចគាត់ប៉ុន្តែយើងបានកម្រិតខ្ពស់មួយដើម្បីប្រកួតខ្សែក្រវាត់នៅថ្ងៃអនាគត»។

កីឡាករដែលមានកំណត់ត្រាឈ្នះ ៧ លើកលើសង្វៀនគុនចម្រុះតំណាងឲ្យកម្ពុជាគូសបញ្ជាក់ថា ៖«Aung La Nsang មិនត្រឹមតែជំនាញកណ្ដាប់ដៃទេ ប៉ុន្តែក្បាច់ MMA ក៏សាហាវដែរ។ ពេលដែលរើរួច ឬ នៅពីលើសុទ្ធតែសន្លប់របស់គាត់ហើយ»។ Aung La Nsang ឬ ឈ្មោះហៅក្រៅ «Burmese Python» បច្ចុប្បន្នមានវ័យ ៣៤ ឆ្នាំ គឺជាកីឡាករលំដាប់កំពូលរបស់មីយ៉ាន់ម៉ា និង ពិភពលោក។ «Burmese Python» មានកំណត់ត្រាប្រកួត MMA ឬ គុនចម្រុះបានចំនួន ៣៧ ដងដោយឈ្នះ ២៦ ដងក្នុងនោះផ្ដួលគូប្រកួតឲ្យសន្លប់ចំនួន១២ដង , ធ្វើឲ្យអាជ្ញាកណ្ដាលបញ្ឈប់ ១២, ឈ្នះដោយពិន្ទុ ២ដង និង ចាញ់ ១០ដង។

«Burmese Python» ទើបផ្ដួលវីរបុរសរបស់ហ្វីលីពីន Brandon Vera ឲ្យសន្លប់នៅសង្វៀន ONE: CENTURY កាលថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០១៩ ដើម្បីការពារខ្សែក្រវាត់ ONE Light Heavyweight Championship របស់ខ្លួនជាលើកដំបូង។ កីឡាករវ័យ ៣៤ ឆ្នាំ របស់មីយ៉ាន់ម៉ា ឈ្នះខ្សែក្រវាត់ ONE Light Heavyweight Championship បន្ទាប់ពីផ្ដួល Alexandre Machado ឲ្យសន្លប់នៅខែ កុម្ភៈ ឆ្នាំ ២០១៨។

គួររំលឹកថា Aung La Nsang មិនដែលចាញ់ទាល់តែសោះនៅសង្វៀន ONE Championship គិតចាប់តាំងពីខែ មិថុនា ឆ្នាំ ២០១៧ មក។

កម្មវិធីបន្ទាប់ សូមកុំភ្លេចទស្សនាកម្មវិធីប្រកួតបន្ទាប់នៅ ONE: Mark OF GREATNESS នៅថ្ងៃទី ៦ ខែ ធ្នូ ខាងមុខ ពីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ចាប់ពីម៉ោង ៥:០០ ល្ងាចតទៅ (ម៉ោងកម្ពុជា)តាមរយៈ Facebook, Twitter, YouTube, ONE Super App, និង ផ្សាយបន្តផ្ទាល់ដោយ CBS។

អត្ថបទ៖ ស៊ីធី

សូមចុចលីងនេះដើម្បីលៃផេកផងអរគុណច្រើន Usportkh CamsportNews Real Madrid C.F Boxing Football Boxing ដឹងគ្រប់យ៉ាង