ក្រោយជួយកម្ពុជាឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាលើកដំបូងនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០ វិញ្ញសាបាល់ទាត់បុរស គ្រូបង្គោលរបស់ក្រុមជម្រើសជាតិកម្ពុជា U-22 លោក Felix G. Dalmas ក៏បានរំលឹកទៅដល់ឈ្មោះរបស់លោក Keisuke Honda ដែលជាអ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិ ដែលបានជួយផ្ដល់យោបល់ខាងផ្នែកបច្ចេកទេសដល់ក្រុម U-22 កម្ពុជា។

ថ្លែងក្នុងសន្និសីទកាសែតក្រោយចប់ការប្រកួត បុរសសញ្ជាតិអាហ្សង់ទីនបាននិយាយថា៖

“ខ្ញុំពិតជារីករាយចំពោះកីឡាករនិងជ័យជម្នះ ព្រោះពួកគេប្រឹងប្រែងខ្លាំងណាស់។ ហើយចំពោះលទ្ធផលនេះដែរ ខ្ញុំគ្រាន់តែជាផ្នែកតូចមួយប៉ុណ្ណោះ នៅពីក្រោយនេះដោយមានការខិតខំប្រឹងប្រែងរបស់កីឡាករយើង ក៏ដូចជាក្រុមមន្រ្តីបច្ចេកទេស ហើយក៏មានការផ្ដល់យោបល់បច្ចេកទេសពីសំណាក់អ្នកចាត់ការទូទៅក្រុមជម្រើសជាតិលោក Keisuke Honda ទើបយើងមានថ្ងៃនេះ ជំហានបន្ទាប់របស់យើងត្រូវផ្ដោតទៅលើការប្រកួតបន្ត។”

លោក Felix បានបន្តទៀថា៖

“អ្វីដែលខ្ញុំមិនភ្លេចនោះគឺការគាំទ្រកម្លាំងចិត្តពីអ្នកគាំទ្រកម្ពុជាដែលតែងតែនៅពីក្រោយពួកយើងមិនថាក្នុងកាលៈទេសៈណាក៏ដោយ។”
គួរឲ្យដឹងដែរថា ក្រោយឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត កម្ពុជាបានកក់មេដាយសំរឹទ្ធរួចជាស្រេច ខណៈគូប្រកួតរបស់កម្ពុជានៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រមិនទាន់រកឃើញនៅឡើយ ដោយរង់ចាំការប្រកួតបិទបញ្ចប់ពូល B នៅថ្ងៃស្អេក៕

Credit: Khmerlaod