គ្រូបង្វឹកបណ្តោះអាសន្នលោក Freddie Ljungberg បានបញ្ជាក់ថា Arsenal «មិនបានផ្តោតលើការប្រកួតឡើយ» សម្រាប់រយៈពេល៤៥នាទីដំបូង ខណៈដែលការមិនស្គាល់ឈ្នះសោះរបស់ក្រុមកាំភ្លើងធំ បានឈានដល់៩ប្រកួត បន្ទាប់ពីចាញ់ក្នុងលទ្ធផល ២-១ ក្រោមស្នាដៃក្រុម Brighton កាលពីថ្ងៃព្រហស្បតិ៍។

កីឡាករ Neal Maupay បានតែតរកគ្រាប់បាល់ឈ្នះសម្រាប់ក្រុម Brighton នៅរយៈពេល១០នាទីចុងក្រោយ បន្ទាប់ពីខ្សែប្រយុទ្ធ Alexandre Lacazette បានតាមស្មើគ្រាប់បាល់បើកឆាករបស់កីឡាករ Adam Webster សម្រាប់ក្រុម Brighton។

ការរងបរាជ័យនេះ ធ្វើឲ្យក្រុម Arsenal ធ្លាក់ទៅឈរក្នុងចំណាត់ថ្នាក់លេខ១០ និងតាមពីក្រោយក្រុមឈរលេខ៤ Chelsea ចំនួន១០ពិន្ទុ ក្នុងការប្រជែងដណ្តើមកៅអីទៅកាន់ក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយ។

ជាមួយគ្នានេះ វាហាក់បង្ហាញថា លោក Ljungberg មិនអាចទទួលបានតំណែងជាអ្នកចាត់ការទូទៅជាអចិន្ត្រៃយ៍ឡើយ ខណៈដែលអ្នកគាំទ្រមួយក្រុមផ្សេងទៀតនៅកីឡដ្ឋាន Emirates បានស្វាគមន៍សំឡេងកញ្ចែបញ្ចប់ការប្រកួត ជាមួយនឹងការស្រែកចំអកបន្ទរតាមគ្នា។

ក្រោយពីការបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ នៅលើទឹកដីក្រុម Norwich កាលពីថ្ងៃអាទិត្យ ក្នុងការប្រកួតទី១ បើគិតចាប់តាំងពីលោក Unai Emery ត្រូវបានបណ្តេញចេញ មិនមានសញ្ញាដែលលោក Ljungberg បានបង្កើតឲ្យមានការភ្ញាក់ផ្អើលឡើយ ខណៈដែលក្រុម Brighton បានគ្រប់គ្រងការប្រកួតនៅរយៈពេល៤៥នាទីដំបូង និងគួរតែអាចរកបានគ្រាប់បាល់ច្រើនជាង១គ្រាប់។

លោក Ljungberg បានឲ្យដឹងថា៖ «អ្នកមិនអាចបោះបង់ការប្រកួតពាក់កណ្តាលតង់ទាំងមូល ក្នុងពេលប្រកួតជាមួយណាក្រុមណាឡើយ ក្នុង Premier League»៕

ប្រភពព័ត៌មាន៖ Channel News Asia