ស្តេចប្រដាល់ហ្វីលីពីន Manny Pacquiao បាននិយាយថាគាត់បានទទួលបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រនយោបាយ និងរដ្ឋបាលរដ្ឋាភិបាលក្នុងស្រុក។ លោក Pacquiao គឺជាអ្នកប្រដាល់តែម្នាក់គត់ក្នុងប្រវត្តិសាស្ត្រ ដែលឈ្នះជើងឯកពិភពលោកក្នុងថ្នាក់ទម្ងន់ ៨ ផ្សេងៗគ្នា។
អត្តពលិកវ័យ ៤០ ឆ្នាំរូបនេះបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Makati ក្នុងប្រទេសហ្វីលីពីន។ លោកបានបង្ហាញនៅលើបណ្តាញសង្គមដោយបង្ហោះរូបថតជាច្រើនក្នុងការបញ្ចប់ការសិក្សារបស់លោក។
ទន្ទឹមនឹងរូបភាពសប្បាយរីករាយ លោក Pacquiao បានចែករំលែកសារដ៏មានអត្ថន័យថា“ ចូរយើងឆ្លាក់វានៅក្នុងដួងចិត្តរបស់យើង៖ វាមិនដែលយឺតពេលក្នុងការសម្រចក្តីសុបិនធំនោះទេ។ វាមិនដែលយឺតពេលទេក្នុងការសម្រេចក្តីសុបិនរបស់យើង។ ការរស់នៅរបស់អ្នកដោយក្តីស្រឡាញ់ មិនមែនសម្រាប់តែខ្លួនអ្នកប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់គ្រួសារអ្នក និងប្រទេសរបស់យើងផងដែរ។”
បច្ចុប្បន្នលោក Manny Pacquiao បម្រើការងារជាសមាជិកព្រឹទ្ធសភានៅប្រទេសហ្វីលីពីន។ អ្នកប្រដាល់ជើងខ្លាំងរូបនេះត្រូវបានគេស្គាល់ច្បាស់ថាអាជីពរបស់គាត់ជាអ្នកប្រដាល់។ ហើយបើយោងតាមទស្សនាវដ្តី Forbes បច្ចុប្បន្នលោក Pacquiao មានទ្រព្យសម្បត្តិ ២៦ លានដុល្លារ ។