លោក Duncan Ferguson នឹងនៅតែបន្តដឹកនាំក្នុងក្លិប Everton សម្រាប់ការប្រកួតក្របខ័ណ្ឌ Premier League របស់ពួកគេជាមួយនឹងក្រុម Arsenal នៅរាត្រីថ្ងៃសៅរ៍ ខណៈដែលលោក Carlo Ancelotti ត្រូវបានចាត់ទុកថា ជាបេក្ខភាពនាំមុខគេដែលត្រូវតែងតាំងជាគ្រូបង្វឹកពេញសិទ្ធិក្នុងពេលឆាប់ៗនេះ។

គ្រូបង្វឹកសញ្ជាតិស្កុតឡេនរូបនេះ បានដឹកនាំក្រុម Everton សម្រាប់ការប្រកួត៣លើកចុងក្រោយ បន្ទាប់ពីការបណ្តេញលោក Marco Silva ចេញពីតំណែង ដោយលោកបានទទួលជ័យជម្នះក្នុងពេលប្រកួតជាមួយនឹងក្រុម Chelsea និងស្មើជាមួយនឹងក្រុម Manchester United ក្នុងក្របខ័ណ្ឌ Premier League មុននឹងចាញ់ដោយការស៊ុតបាល់ប៉េណាល់ក្រោមស្នាដៃក្រុម Leicester ក្នុងការប្រកួតពាន League Cup កាលពីថ្ងៃពុធ។

ក្លិប Everton បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «លោក Duncan Ferguson នឹងនៅតែស្ថិតជាអ្នកចាត់ការទូទៅបណ្តោះអាសន្នសម្រាប់ការប្រកួតក្របខ័ណ្ឌ Premier League របស់ Everton ជាមួយនឹងក្រុម Arsenal នៅលើទឹកដីខ្លួនឯង នាថ្ងៃសៅរ៍»។

មានព័ត៌មានជាច្រើនចេញផ្សាយថា លោក Ancelotti កំពុងតែស្ថិតយ៉ាងប្រកៀកក្នុងការយល់ព្រមលើការព្រមព្រៀងគ្នាមួយ ប៉ុន្តែ ប្រសិនបើការតាំងតាំងនេះកើតឡើងនៅរយៈពេល២ ទៅ៣ថ្ងៃទៀត ការប្រកួតជាលើកដំបូងរបស់លោកពេលនេះ គឺការជួបជាមួយនឹងក្រុម Burnley នៅថ្ងៃ Boxing Day លើទឹកដីខ្លួនឯង៕

ប្រភពព័ត៌មាន៖ Channel News Asia