​Aston Villa បាន​បញ្ជាក់​ថា​ ខ្សែបម្រើ John McGinn​ បាន​រង​របួស​បាក់​កជើង​ក្នុង​ការ​ប្រកួត​ដែល​ចាញ់ ៣–១ កាលពី​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​កន្លងទៅ​ ក្រោម​ស្នាដៃ​ក្រុម Southampton។​ ​កីឡាករ​វ័យ ២៥ឆ្នាំ​រូប​នេះ​បាន​រង​របួស​នៅ​នាទី​ទី​៧ ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Premier League​។

​​មិន​មាន​ពេលវេលា​កំណត់​ សម្រាប់​ការ​វិល​ត្រឡប់​របស់​គាត់​ទៅ​សកម្មភាព​នោះ​ទេ ​ប៉ុន្តែ​អាការៈ​គាត់​អាច​នឹង​អវត្តមាន​រយៈពេល​រហូត​ដល់​ទៅ​បី​ខែ​។​ ​Aston Villa ដែល​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​តំបន់​កាត់​ចោល ​បន្ទាប់ពី​ចាញ់​កាលពី​ថ្ងៃ​សៅរ៍​នោះ នឹង​ត្រូវ​ជួប​ជាមួយ​ក្រុម​ទាំង២ នៅ​ពីក្រោម​ពួកគេ​គឺ Norwich City និង Watford នៅ​ក្នុង​ការប្រកួត​ ២លើក​បន្ទាប់​នៅ English Premier League​។​

​កាល​ពី​សប្ដាហ៍​មុន​ John McGinn​ ត្រូវ​បាន​គេ​ជ្រើសរើស​ជា​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ​របស់​ស្កុ​ត​ឡេ​ន ​បន្ទាប់ពី​រក​បាន​គ្រាប់​បាល់​ក្នុង​ការប្រកួត​ឲ្យ​ក្រុម​ជំរើស​ជាតិ​ ៧​គ្រាប់​ក្នុង​ឆ្នាំ​២០១៩។

​​ស្កុ​ត​ឡេ​ន​ជួប​ជាមួយ​អ៊ីស្រាអែល ​ក្នុង​ការ​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ​Play-Off Euro ២០២០​ នៅ​ថ្ងៃ​ទី​២៦ ខែ​មីនា​។​ ​សូម​បញ្ជាក់​ថា​ John McGinn​ គឺជា​កីឡាករ​ដែល​អតីត​អ្នកចាត់ការ Manchester United, Sir Alex Ferguson ផ្តល់​យោបល់​ដល់ Ole Gunnar Solskjaer​ ក្នុង​ការ​នាំ​យក​មក​កាន់ Old Trafford កាលពី​ដើម​រដូវ​កាល​កន្លងមក តែ​ការ​ចរចា​ផ្ទេរ​មិនបាន​សំរេច​៕