កីឡាការិនីឥណ្ឌា Puja Tomar ឬ មានឈ្មោះក្រៅ «The Cyclone» បានត្រៀមរួចរាល់ហើយសម្រាប់ការប្រកួតដ៏ធំបំផុតនៅក្នុងជីវិតរបស់គេ។ នៅថ្ងៃ សុក្រ ទី ១០ ខែ មករា ខាងមុខ កីឡាការិនីមកពីឥណ្ឌាចាប់ផ្ដើមនៅ ONE Championship ឆ្នាំ ២០២០ នាសង្វៀន Impact Arena នៅក្រុងបាងកកប្រទេសថៃ។

Puja Tomar នឹងប្រឈមមុខដាក់ ម្ចាស់ខ្សែក្រវាត់ ONE Atomweight Kickboxing និង Muay Thai World Champion កីឡាការិនី Stamp Fairtex ដែលជាគូឯករងនៅក្នុងកម្មវិធី ONE: A NEW TOMORROW។ កីឡាការិនីវ័យ ២៦ ឆ្នាំមកពីតំបន់ Muzaffarnagar នៃប្រទេសឥណ្ឌា បានទទួលស្គាល់ថា៖ «ខ្ញុំមានសម្ពាធយ៉ាងខ្លាំង ព្រោះវាជាការប្រកួតដ៏ធំបំផុតក្នុងជីវិត។ Stamp Fairtex ជាម្ចាស់ខ្សែក្រវាត់ដល់ពីរខ្សែ។ ដូច្នេះវាជាការប្រកួតដ៏តានតឹង។ ពេលខ្លះ ខ្ញុំមើលឃើញរឿងអវិជ្ជមានជាច្រើនលើបណ្ដាញសង្គម ប៉ុន្តែ ខ្ញុំត្រូវតែព្យាយាមធ្វើឲ្យទៅជាផ្លូវវិជ្ជមានមួយ។ ដូច្នេះខ្ញុំមានអារម្មណ៍ថា ខ្ញុំនឹងធ្វើបានល្អ»។

Tomar ដែលជាជើងឯកក្នុងកម្មវិធីប្រកួត Indian Wushu Champion ច្រើនសម័យមានទំនុកចិត្តខ្ពស់ថានឹងធ្វើបានល្អនៅរាជធានីបាងកក។ ក្រោយពេលចាប់ផ្ដើមអាជីពដ៏លំបាក «The Cyclone» មានកំណត់ត្រាជាច្រើននៅក្នុងជីវិត។

កាលខែ មករា Tomar ប៉ះវីរនារីឥណ្ឌូណេស៊ី Priscilla Hertati Lumban Gaol នៅហ្សាកាតា ហើយឈ្នះដោយពិន្ទុមិនឯកច្ឆន្ទលើកីឡាការិនីម្ចាស់ផ្ទះ។ នេះជារឿងរ៉ាវ ស្រដៀងគ្នាដែល Tomar ប៉ះកីឡាការិនីជើងខ្លាំងម្ចាស់ផ្ទះនៅមុខទស្សនិកជនជាច្រើនពាន់នាក់នារាជធានីបាងកក។ កីឡាការិនីឥណ្ឌាត្រូវតែរៀបចំផែនការឲ្យបានល្អទល់នឹងម្ចាស់ខ្សែក្រវាត់ពីររបស់ ONE Championship។

«ឆន្ទៈរបស់ខ្ញុំខ្លាំង, ខ្ញុំមិនដែលបោះបង់ និង អ្វីៗមិនទាន់បញ្ចប់នោះឡើយ។ អ្វីក៏ដោយដែលខ្ញុំអាចធ្វើបាន ខ្ញុំនឹងធ្វើ ១០០%។ ខ្ញុំបានហ្វឹកហាត់ជាច្រើនចំពោះក្បាច់ វូស៊ូ និង ជឺជិតស៊ូ។ ខ្ញុំល្អឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ»។ Tomar រៀបរាប់បែបនេះ។

ចំណែកកីឡាការិនីថៃមកពីក្លិប Fairtex កំពុងស្ថិតក្នុងដំណើរឆ្ពោះទៅរកខ្សែក្រវាត់ទី៣ពីប្រភេទកីឡាគុនចម្រុះ។ បើសិនជាអាចបែបនេះ កីឡាការិនីវ័យ ២២ ឆ្នាំនឹងក្លាយជាកីឡាការិនីប្រវត្តិសាស្ត្រដែលអាចគ្រងខ្សែក្រវាត់ដល់៣ទៅថ្ងៃអនាគត។ Stamp ចាប់ផ្ដើមប្រកួតគុនចម្រុះនៅខែ កក្កដា ឆ្នាំ ២០១៨ នៅពេលរូបគេផ្ដួលមិត្តរួមជាតិរបស់ Tomar កីឡាការិនី Rashi Shinde ត្រឹមតែ ១៩ វិនាទីតាមរយៈក្បាច់ទាត់ចំក្បាល នៅក្នុងកម្មវិធី ONE Warrior Series 2។

បន្ទាប់មក Stamp ក៏ផ្អាកសិន ប៉ុន្តែងាកមកប្រកួតក្នុងកម្មវិធី ONE Super Series ដើម្បីឈ្នះខ្សែក្រវាត់ ONE Atomweight Kickboxing និង Muay Thai World Championships។ នៅខែ សីហា Stamp ត្រលប់មកប្រកួតគុនចម្រុះវិញដោយឃ្លេកយកឈ្នះលើ Asha Rokaនៅទឹកទី៣។ ៣ខែបន្ទាប់ពោលខែ វិច្ឆិកា Stamp បន្តគ្រប់គ្រងការប្រកួតបានល្អលើកីឡាការិនីកូនកាត់វៀតណាមអាមេរិក Bi Nguyen ហើយក៏ឈ្នះពិន្ទុជាឯកច្ឆន្ទ។

យ៉ាងណាក្ដី Tomar បានស្វែងយល់ច្រើនអំពីដៃគូមកពី Pattaya។ ដ្បិត Stamp ល្អ ប៉ុន្តែមិនមែនល្អគ្រប់រឿងទាំងអស់នោះឡើយ ហើយម្ចាស់ខ្សែក្រវាត់ពីរកម្រិត ONE World Champion ក៏អាចទទួលលទ្ធផលមិនល្អដែរ។

«Stamp ពិតជាល្អលើក្បាច់គុនមួយថៃ។ ការប្រយុទ្ធពិតជាអស្ចារ្យណាស់ ស្របពេលក្បាច់ kickboxing ក៏មិនអាចមើលរំលងបាន។ Stapm អាចចល័តគ្រប់ពេល ដូច្នេះខ្ញុំត្រូវរកវិធីដើម្បីចាប់ផ្ដួល។ ហើយខ្ញុំក៏អាចការពារ និងប្រើក្បាច់ប្រកួតលើក្ដាររេញបានផងដែរ»។ កីឡាការិនីគុនចម្រុះឥណ្ឌាគូសបញ្ជាក់បែបនេះ។

Stamp មានកំណត់ត្រាល្អឥតខ្ចោះក្នុងគុនចម្រុះលើប្រភេទទម្ងន់ atomweight ប៉ុន្តែ Tomar ក៏មានស្នៀតមិនធម្មតាដែរ។ «The Cyclone» ដាក់គោលដៅយកជ័យក្នុងដីរបស់ Stamp ដើម្បីដណ្ដើមបានកេរ្តិ៍ឈ្មោះឲ្យកាន់តែល្បឺរន្ទឺ។

Tomar ពន្យល់បន្ត៖ «ពេលខ្ញុំឈ្នះការប្រកួតចុងក្រោយ ក្នុងគុនចម្រុះ មានអ្នកគាំទ្រជាច្រើនបានកត់សម្គាល់។ បើសិនខ្ញុំឈ្នះការប្រកួតនេះទៀត អ្នកគាំទ្រនឹងផ្ទុះការគាំទ្រកាន់តែខ្លាំង។ ខ្ញុំចង់ប្រាប់អ្នកគាំទ្រនៅឥណ្ឌាថា ខ្ញុំធ្វើការខ្លាំងក្លាណាស់ដើម្បីទទួលបានលទ្ធផលល្អ»។

កុំភ្លេចទស្សនា កម្មវិធីបន្ទាប់របស់ស្ថាប័ន ONE Championship សូមទស្សនា ONE: A NEW TOMORROW នៅថ្ងៃទី ១០ ខែ មករា ចាប់ពីវេលាម៉ោង ៧ ល្ងាចតទៅដែលមានផ្សាយផ្ទាល់តាមរយៈ Facebook, Twitter, YouTube,និង ONE Super App។

អត្ថបទ៖ ស៊ីធី