ក្លិប Norwich បានចុះហត្ថលេខាជាមួយនឹងខ្សែបម្រើ Lukas Rupp ពីក្លិប Hoffenheim កាលពីថ្ងៃចន្ទ សម្រាប់តម្លៃខ្លួនបិទជិតមួយដែលត្រូវបានគេជឿជាក់ថា មានចំនួន៥០ម៉ឺនអឺរ៉ូ (ស្មើនឹង៥៥,៧ម៉ឺនដុល្លារអាមេរិក)។

ខ្សែបម្រើសញ្ជាតិអាល្លឺម៉ង់ Rupp បានយល់ព្រមចុះកិច្ចសន្យារយៈពេល២ឆ្នាំកន្លះ ជាមួយនឹងក្លិបស្ថិតក្នុងក្របខ័ណ្ឌ Premier League មួយនេះ ខណៈដែលលោកគ្រូបង្វឹក Daniel Farke បានធ្វើការចាប់អារម្មណ៍ទៅកាន់ក្របខ័ណ្ឌ Bundesliga ម្តងទៀត ដើម្បីនាំយកកីឡាករថ្មីជាលើកទី២របស់លោក ក្នុងពេលបើកទីផ្សារដោះដូរកីឡាករនៅខែមករានេះ។

កីឡាករវ័យ២៩ឆ្នាំរូបនេះ បានលេងរយៈពេល៩រដូវកាល ក្នុងក្របខ័ណ្ឌកំពូលរបស់អាល្លឺម៉ង់ ជាមួយនឹងក្លិបជាច្រើន ក្នុងនោះរាប់បញ្ចូលទាំងក្លិប Borussia Monchengladbach, Paderborn, Stuttgart និងHoffenheim ផងដែរ។

Rupp ដែលបានបង្ហាញខ្លួនក្នុងការប្រកួតលីកចំនួន៧លើកសម្រាប់ក្លិប Hoffenheim នៅរដូវកាលនេះ បានប្រាប់គេហទំព័ររបស់ក្លិប Norwich ថា៖ «ខ្ញុំបានស្ថិតក្នុងជំរំហ្វឹកហាត់ នៅ Marbella ជាមួយនឹងក្លិប Hoffenheim ហើយរយៈពេល២ថ្ងៃក្រោយមក ខ្ញុំស្ថិតនៅទីនេះ ហេតុនេះ វាពិតជាលឿនណាស់។

ប៉ុន្តែ ខ្ញុំពិតជារីករាយក្នុងការស្ថិតនៅទីនេះ»។ Rupp បានបន្ថែមទៀតថា៖ «វាជាសុបិនតាំងពីកុមារភាព។ ខ្ញុំបានលេងឲ្យក្របខ័ណ្ឌ Bundesliga អស់រយៈពេល១០ឆ្នាំហើយ ហើយវាជាការបើកទំព័រថ្មីមួយសម្រាប់ខ្ញុំ។ ខ្ញុំចង់ក្លាយជាផ្នែកមួយនៃក្រុមនេះ និងជួយក្រុមនេះឲ្យរក្សាវត្តមានក្នុងក្របខ័ណ្ឌ Premier League»៕

ប្រភពព័ត៌មាន៖ Channel News Asia