ក្លិប Watford បានចុះហត្ថលេខាជាមួយនឹងខ្សែប្រយុទ្ធ Ignacio Pussetto ពីក្លិប Udinese ក្នុងតម្លៃខ្លួន៨លានអឺរ៉ូ (ស្មើនឹង៩លានដុល្លារអាមេរិក) ក្នុងកិច្ចសន្យារយៈពេល៤ឆ្នាំកន្លះ។

Pussetto វ័យ២៤ឆ្នាំ ដែលបានចូលរួមជាមួយនឹងក្លិបរបស់អ៊ីតាលីមួយនេះ ចាប់តាំងពីឆ្នាំ២០១៨ ពីក្លិប Huracan ក្នុងប្រទេសកំណើតរបស់គេគឺអាហ្សង់ទីន ក៏អាចលេងក្នុងតួនាទីជាខ្សែបម្រើស្លាបផងដែរ។ រូបគេភាគច្រើនត្រូវបានប្រើប្រាស់ក្នុងនាមជាកីឡាករបម្រុងនៅរដូវកាលនេះ និងបានស៊ុតបាល់បញ្ចូលទីត្រឹមតែ១គ្រាប់គត់ក្នុងការបង្ហាញខ្លួន១៤លើក ពោលគឺក្នុងពេលចាញ់ក្រុម Juventus ក្នុងលទ្ធផល ៣-១ កាលពីថ្ងៃទី១៥ ខែធ្នូ។ សរុបទាំងអស់ រូបគេបានស៊ុតបាល់បញ្ចូលទី៥គ្រាប់ ក្នុងការបង្ហាញខ្លួន៥០លើកសម្រាប់ក្រុមស្ថិតក្នុងក្របខ័ណ្ឌ Serie A មួយនេះ។

លោក Giampaolo Pozzo ដែលជាម្ចាស់កម្មសិទ្ធិក្លិប Udinese គឺជាឪពុករបស់លោក Gino ម្ចាស់កម្មសិទ្ធិក្លិប Watford ហើយមានការដោះដូរកីឡាករជាច្រើនរវាងក្លិបទាំង២ បើគិតចាប់តាំងពីពួកគេបានទិញយកក្លិបរបស់ក្របខ័ណ្ឌ Premier League កាលពីឆ្នាំ២០១២ ខណៈដែលកីឡាករ Stefano Okaka និង Ken Sema គឺជាគំរូនៃការដោះដូរចុងក្រោយគេបំផុត។ Pussetto ប្រហែលជាត្រូវប្រជែងយកតំណែងក្នុងតំបន់ប្រយុទ្ធ និងមិនត្រូវបានរំពឹងទុកថា នឹងជាប់ក្នុងជម្រើសទាំង១១នាក់ភ្លាមៗឡើយ៕

ប្រភពព័ត៌មាន៖ BBC