យុវជន​ឆ្នើម​ខាង​គុន​ល្បុក្កតោ​ ណាង​ សុវណ្ណ​ ថា​នឹង​ប្រឹង​ប្រែង​ហ្វឹកហាត់​ ហើយវិវដ្ដ​ខ្លូន​ឲ្យ​ដូច​អ្នក​ប្រដាល់​ក្នុង​ទ្រុង​ ចាន់​ រតនា​ និង​អ្នក​ប្រដាល់​សេរី​គុន​ខ្មែរ​ ឃីម​ ឌីម៉ា​ នៅ​ពេល​អនាគត​ខាង​មុខ​នេះ។​

ណាង​ សុវណ្ណ​ បាន​ឲ្យ​ដឹង​ថា​ បច្ចុប្បន្ន​នេះ​កំពុង​ហ្វឹកហាត់​ក្នុង​ឈុត​ថ្នាល​គុន​ល្បុក្កតោ​ជម្រើស​ជាតិ​ ទន្ទឹង​និង​នេះ​ដែរ​គឺ​ប្រឹងប្រែង​ជា​ខ្លាំង​ដើម្បី​សន្សំ​ក្បាច់​ក្បួន​ក៏​ដូច​ជា​បទ​ពិសោធ​ពី​គ្រូ​ៗ​ រួម​និង​សិស្ស​ច្បង​ជា​ដើម។​

កីឡាករ​វ័យ​ ១៤​ឆ្នាំ​រូប​នេះ​បន្ត​ទៀត​ថា​ មិន​យូរ​មិន​ឆាប់​ទេ​ខ្លួន​នឹង​ព្យាយាម​ហ្វឹកហាត់​ក្បាច់​គុន​ចម្រុះ​ និង​សេរី​បន្ថែម​ទៀត​ ព្រោះ​ចង់​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ដូច​ទៅ​និង​រៀមច្បង​ ចាន់​ រតនា​ និង​ ឃីម​ ឌីម៉ា។​ កីឡាករ​ដែល​មាន​មហិច្ឆតា​ធំ​ខាង​លើ​នេះ ​ប្រាប់​ទៀត​ថា​ បើ​ប្រដាល់​ MMA​ វិញ​ចូលចិត្ត​មើល​ ចាន់​ រតនា​ ប្រកួត​ ហើយ​បើ​ប្រដាល់​សេរី​គុន​ខ្មែរ​វិញ​ចូល​ចិត្ត​មើល​ ឃីម​ ឌីម៉ា។​

ណាង​ សុវណ្ណ ​បច្ចុប្បន្ន​នេះ​កំពុង​ហ្វឹកហាត់​នៅ​ក្លឹប​ល្បុក្កតោ​ស​ និង​ជា​កីឡាករ​ថ្នាល​ជម្រើស​ជាតិ​ផង​ដែរ។​ រហូត​មក​ដល់​ពេល​នេះ​ហ្វឹកហាត់​បាន​ប្រហែល​ ៣ឆ្នាំ​មក​ហើយ៕​

Credit: Sabay