អតីត​ខ្សែប្រយុទ្ធ​ជំរើស​អាល្លឺម៉ង់ Lukas Podolski​ បាន​មក​ដល់​កីឡដ្ឋាន​របស់​ក្លិប​​ម៉ាឡេស៊ី ​Johor DarulTa’zim (JDT) ចំ​ពេល​មាន​ពាក្យ​ច​ចាម​អារាម​អំពី​ការផ្ទេរ​ ទៅកាន់​ក្រុម​ជើងឯក​លី​គ​កំពូល​ម៉ាឡេស៊ី​។

ខ្សែប្រយុទ្ធ​វ័យ ៣៤​ឆ្នាំ​រូប​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ បាន​ទៅដល់​ពហុ​កីឡដ្ឋាន Sultan Ibrahim Larkin ថ្មី​របស់ JDT ក៏ដូចជា​កន្លែង​ហ្វឹកហាត់​របស់​ពួកគេ​ផង​ដែរ​ ខណៈ​ដែល​គាត់​កំពុង​ពិភាក្សា​ជាមួយ​ម្ចាស់​ក្លិប ​Johor ព្រះអង្គម្ចាស់ Tunku Ismail Idris ផង​ដែរ​។​

ន​គេ​រាយការណ៍​ថា ​JDT ខិត​ជិត​លើ​ការ​ចុះហត្ថលេខា​នាំ​យក​ អតីត​ម្ចាស់​ជ័យ​លាភ​ជើងឯក​បាល់ទាត់​ពិភព​លោក ​ជាមួយ​ក្រុម​ជំរើស​ជាតិ​អាល្លឺម៉ង់​រូប​នេះ​ ហើយ​ពាក្យ​ចចាមអារ៉ាម​កាន់​តែ​ខ្លាំង​នៅ​ពេល​ដែល ​Podolski ​បាន​សរសេរ​ថា​ “​ជួប​គ្នា​ឆាប់ៗ​”​ លើ​ការ​បង្ហោះ​នៅ​បណ្ដាញ​សង្គម ​Instagram របស់ ​JDT។​

មិនយូរប៉ុន្មាន​ព្រះអង្គម្ចាស់ ​Johor បញ្ជាក់​ថា ​អតីត​ខ្សែប្រយុទ្ធ​ក្រុម ​Bayern Munich និង ​Arsenal ពិតជា​ចាប់​អារម្មណ៍​ចង់​ចូល​រួម​ ជាមួយ​ក្រុម​ជើងឯក​លី​គ​កំពូល​ម៉ាឡេស៊ី​ និង​បាន​លើក​ឡើង​ពី​ដំណើរ​ទស្សនកិច្ច​របស់​ Podolski ​នៅ​ Johor Bahru​ ផង​ដែរ​។

ទោះ​យ៉ាង​ណា​ការ​ចុះហត្ថលេខា​នឹង​មាន​ភាព​ស្មុគស្មាញ​ ដោយសារ​ JDT មាន​កីឡាករ​បរទេស​ចំនួន​ ៥​នាក់​ទៅ​ហើយ​សម្រាប់​រដូវ​កាល​ខាងមុខ ​ដែល​នេះ​ជា​ចំនួន​អតិបរមា​ដែល​ពួកគេ​អាច​បំពេញ​បាន​តាម​គោល​ការ​ ដែល​បាន​កំណត់​របស់​លី​គ​កំពូល​ម៉ាឡេស៊ី​៕