ទីបំផុតខ្សែប្រយុទ្ធសម្បូរររឿងមិនចេះចប់នៅលើទីលាន Mario Balotelli ត្រូវបានបណ្តេញចេញពីការប្រកួត៧នាទីប៉ុណ្ណោះ បន្ទាប់ពីរូបគេចូលលេងក្នុងនាមកីឡាករបម្រុងកំលុងពេល Brescia បើកទ្វារផ្ទះទទួលភ្ញៀវ Cagliari នៅក្របខណ្ឌ Serie A កាលពីថ្ងៃអាទិត្យ។

អតីតខ្សែប្រយុទ្ធអន្តរជាតិអ៊ីតាលីរូបនេះបានទទួលកាតលឿងលើកទី២ បន្ទាប់ពីព្យាយាមដណ្តើមបាល់ពីកីឡាករ Fabio Pisacane ហើយទាត់ត្រូវមុខគូបដិបក្ស នៅនាទីទី៧៤ តង់ទី២។

ដូច្នេះ Balotelli នឹងខកខានការប្រកួតនាថ្ងៃសុក្រខាងមុខនេះជាមួយអតីតក្រុម AC Milan តាមរយៈការព្យួរ។ បច្ចុប្បន្នកីឡាករវ័យ ២៩ ឆ្នាំរូបនេះរកបាន ៥ គ្រាប់ចាប់តាំងពីចូលរួមជាមួយ Brescia កាលពីខែសីហានិងទទួលកាតក្រហមចំនួន ១៣លើក ក្នុងអាជីពរបស់គាត់ហើយគ្រាន់តែជាកីឡាករទី ២ ក្នុងលីគកំពូលទាំង ៥ របស់អឺរ៉ុបដែលត្រូវបានបណ្តេញចេញច្រើនបំផុតក្នុងរយៈពេល ៤ រដូវកាលចុងក្រោយរួមជាមួយខ្សែការពារ J Monerson របស់ Monaco។

ប្រធានក្លិប Brescia លោក Massimo Cellino ថ្មីៗនេះបាននិយាយថាអតីតខ្សែប្រយុទ្ធក្រុម Manchester City និង Liverpool គឺអាចចាកចេញពីក្លិបនៅស្រុកកំណើតរបស់គាត់មួយនេះនៅខែមករានេះ ពីព្រោះគាត់មិនសមនឹងលេងអោយក្រុមដែលប្រឈមនិងការកាត់ចោលនោះទេ។ គិតត្រឹមសប្តាហ៏ទី២០នេះ Brescia បច្ចុប្បន្នស្ថិតនៅលេខរៀងទី ១៨ នៅ Serie A និងត្រូវការ១ពិន្ទុប៉ុណ្ណោះដើម្បីឡើងទៅរកចំណាត់ថ្នាក់មានសុវត្ថិភាព។