នៅក្នុងកម្មវិធី ONE: FIRE& FURY កាលថ្ងៃទី ៣១ មករា នៅក្រុងម៉ានីលប្រទេសហ្វីលីពីន កីឡាករគុនចម្រុះ Joshua Pacio ឬ “The Passion” មកពី Team Lakay នៅតែរក្សាខ្សែក្រវាត់ ONE Strawweight World Champion បន្ទាប់ពីឈ្នះកីឡាករជើងចាស់ប្រេស៊ីល Alex Silva ឬ «Little Rock»។ ខាងក្រោមនេះជាការជ្រើសរើសគូល្អចំនួន ៤ គូដើម្បីចែកជូនមិត្តអ្នកអាន។

1#- Joshua Pacio នៅតែបង្ហាញភាពខ្លាំង

ម្ចាស់ខ្សែក្រវាត់ ONE Strawweight World Champion កីឡាករ Joshua Pacio ឬ គេស្គាល់ឈ្មោះក្រៅ “The Passion” បានឈ្នះពិន្ទុមិនឯកច្ឆន្ទលើ ជើងចាស់ Alex Silva ឬ «Little Rock» ដើម្បីថែរក្សាខ្សែក្រវាត់របស់ខ្លួន។ នៅទឹកទី១ Pacio និង ម្ចាស់ខ្សែក្រវាត់ Copa do Mundo Brazilian Jiu-Jitsu World Champion ដែលជាបេក្ខភាពដណ្ដើមមិនហ៊ានកញ្ជ្រោលពេកនោះទេ ពោលស្ទាបស្ទង់តិចៗ។ ដោយកម្លាំងនៅពេញ Alex ចូលបោក Pacio ក៏មិនជាបញ្ហា ព្រោះអាចរើសរួចរៀងៗខ្លួន។ បន្ទាប់មក Pacio ចូលចាប់បោកល្អតែ Alex អាចរើហើយនៅពីលើវិញនិងរិះរកក្បាច់ដើម្បីផ្ដួល នៅទឹកទី២ តែមិនអាចទៅរួចឡើយ។ បន្ទាប់មក Pacio ក៏នៅពីលើវិញម្ដង និងប្រើក្បាច់ឃ្លេលើក្រោមទៅវិញទៅមករហូតដល់ចុងទឹកទី២។ យ៉ាងណាក្ដី ទឹកទី២នេះ ទោះ Pacio នៅពីក្រោមក៏អាចវ៉ៃឡើងមកលើ Alex បានល្អដែរ។ ចូលទឹកទី៣ អ្នកទាំងពីរចូលវ៉ៃប្រយោលសិនមុនចាប់ឃ្លេគ្នា។ Pacio នៅពីលើមួយគ្រាមុនពេលខ្ទាតទៅពីក្រោមវិញ តែ Pacio អុកជង្គង់ចំៗ ពីរលើ និងប្រើក្បាច់ជើង និង ដៃបានល្អដូចគ្នា។ មិនបង្អង់យូរនៅទឹកទី៤ កីឡាករវ័យ២៤ឆ្នាំរបស់ហ្វីលីពីននៅពីលើមួយសន្ទុះ ក៏ Alex គាបឲ្យនៅក្រោមវិញ ហើយរកក្បាច់ដេកដើម្បីផ្ដួលទៅមក។ រឿងគួរកត់សម្គាល់ Pacio អាចធ្វើឲ្យ កីឡាករប្រេស៊ីល ដេកលើក្ដាររេញ ពីរដងតែក្រឡឹងឈរៗ ធ្វើអីមិនចេញ រហូតដល់ អាជ្ញាកណ្ដាលឲ្យ Alex ឈរវិញ។ បែបណាក្ដី Pacio អាចវ៉ៃបានពីលើពីរបីដៃនៅទឹកនេះបន្ទាប់ពីប្រើជើងរវ៉ែការពារខ្លួនល្អ។ នៅទឹកកាត់សេចក្ដីដោយអស់កម្លាំងរៀងខ្លួនៗ ដូច្នេះក្បាច់ឃ្លេហាក់មិនសូវមានប្រសិទ្ធភាពដូចគ្នា ប៉ុន្តែបន្តវ៉ៃឈរហើយដកឃ្លា និងញាប់ដូច ៤ ទឹកដំបូងឡើយ។

ទីបំផុត Pacio ឈ្នះ Alex ដោយពិន្ទុដោយមិនឯកច្ឆន្ទ។ នេះជាការការពារខ្សែក្រវាត់បានសម្រេចលើកទី២ បន្ទាប់ពីការពារលើកទី១ ឈ្នះ Rene Catalan។ ម្ចាស់ខ្សែក្រវាត់ Pacio បានថ្លែងថា៖«ខ្ញុំខំប្រឹងហាត់ខ្លាំងណាស់ដើម្បីការប្រកួតថ្ងៃនេះ។ ខ្ញុំមិនសូវពេញចិត្តនឹងការវ៉ៃរបស់ខ្ញុំថ្ងៃនេះ ប៉ុន្តែខ្ញុំនឹងខំឲ្យខ្លាំងក្លាទៀត។ ខ្ញុំនឹងដុះខាត់ជំនាញប្រកួតលើក្ដាររេញរបស់ខ្ញុំបន្តទៀត និង ក្បាច់ចូលចាប់បោករបស់ខ្ញុំដូចគ្នា។ ចុងក្រោយខ្ញុំសូមអរគុណអ្នកទាំងអស់គ្នា … សូមអរគុណចំពោះការគាំទ្រ»។

2# វីរបុរសហ្វីលីពីន Eduard Folayang ចាញ់ពិន្ទុមិនឯកច្ឆន្ទ

វាជាការតស៊ូដ៏អង់អាចរយៈពេល ៣ទឹកពេញ ប៉ុន្តែ Eduard Folayang ឬ ឈ្មោះក្រៅ «Landslide» បានចាញ់ពិន្ទុកីឡាករហូឡង់ Pieter Buist ឬ “The Archangel” ដោយមិនឯកច្ឆន្ទ។ អតីតម្ចាស់ខ្សែក្រវាត់ ONE Lightweight World Champion ខំយ៉ាងខ្លាំងដើម្បីផ្គាប់ចិត្តអ្នកគាំទ្រនៅទឹកទី១ ព្រោះតែជាប់ឃ្លេកយ៉ាងយូររបស់ Pieter Buist ប៉ុន្តែអាចរើបម្រាស់បានវិញ មុនប្ដូរការប្រកួតក្នុងជំហរ។ ក្រោយមក Folayang ក៏ចាប់បានឃ្លេវិញ តែមិនបង្កគ្រោះថ្នាក់ដល់ Pieter នោះទេមុនពេលឈរវ៉ៃរៀងខ្លួនៗនៅចុងទឹកទី១។ ក្រោយមកទៀតការប្រកួតដោយប្រយោលមួយសន្ទុះក៏ឱបវិញនៅទឹកទី២។ Pieter បានប្រើក្បាច់គាបកល្អលើ Folayang ប៊ិះនឹងយកឈ្នះប៉ុន្តែ វីរបុរសហ្វីលីពីន រើបានវិញ។ នៅសល់ ៣០ វិនាទីគេទាំងពីរមិនកញ្ជ្រោលទៀតឡើយរហូតដល់ចប់ទឹក។ ទឹកទី៣ “The Archangel” បន្តធ្វើបានល្អ ដដែលដោយទាត់ជើងក្រោមនិងចាប់ឱបមិនឲ្យកីឡាករហ្វីលីពីនប្រើក្បាច់បាន មុនពេលរើសបម្រាស់រួច។ ទឹកនេះមិនមានអ្នកណាស៊ីដាច់នោះទេ ហើយកីឡាករហូឡង់ ឈ្នះពិន្ទុលើកីឡាករម្ចាស់ដោយមិនឯកច្ឆន្ទ។

#3 Petchdam ឈ្នះដោយពិន្ទុជាឯកច្ឆន្ទលើ Momotaro

អតីតម្ចាស់ខ្សែក្រវាត់ ONE Flyweight Kickboxing World Champion កីឡាករ Petchdam Petchyindee Academy ឬ “The Baby Shark” បានយកឈ្នះពិន្ទុ Kohei “Momotaro” Kodera ជាឯកច្ឆន្ទក្នុងការប្រកួតក្បាច់គុនមួយថៃ។ ទឹកដំបូងកីឡាករទាំងពីរចូលចិត្តវ៉ៃដោយប្រយោល ជាពិសេសការប្រើក្បាច់ទាត់ ហើយចូលម៉ាត់ៗលឿនៗក៏ដកឃ្លាចេញវិញ។ យ៉ាងណាក្ដី អ្នកទាំងពីរអាចវាយចូលគ្នាមួយកែងទៅមក ប៉ុន្តែស្រាលៗមិនបង្ករបួសស្នាម។ ចូលដល់ទឹកទី២ “The Baby Shark” ធ្វើបានល្អ ជាពិសេស ការវ៉ៃមួយកែង និង អុកជង្គង់ ហើយកីឡាករថៃរូបនេះដើរចូលរហូត ខណៈដែល កីឡាករជប៉ុនថយហើយវាយសងមួយៗមកវិញ។

នៅទឹកចុងក្រោយ “Momotaro” ដែលធ្លាប់ផ្ដួលគូប្រកួតប្រើពេលត្រឹម ៤១ វិនាទីកន្លងមក និងបង្កើតកំណត់ត្រាថ្មីនៅ ONE បានព្យាយាមហក់បុកជង្គង់ និង ទាត់ចូលប្រឡោះក្លៀកបានល្អ តែ Momotaro ក៏ចាប់ជើងជាប់ដូចគ្នា តែមិនអាចធ្វើអី “The Baby Shark” បាន។ ទីបំផុត កីឡាករថៃធ្វើបានល្អ មុនឈ្នះពិន្ទុជាឯកច្ឆន្ទ។

#4- ខ្លាំង Lito Adiwang ឈ្នះ ៧លើកជាប់គ្នានៅសង្វៀន ONE

វាជាការប្រកួតដ៏គឃ្លើនរវាង Lito Adiwang ឬគេស្គាល់ថា “Thunder Kid” មកពីក្រុងពី Baguio និង កីឡាករថៃ Pongsiri Mitsatit ដែលគេស្គាល់ថា “The Smiling Assassin”។ គ្រាន់តែជួងចាប់ផ្ដើមភ្លាម Adiwang ចូលសម្រុកធ្វើឲ្យកីឡាករថៃ “The Smiling Assassin” ដកឃ្លាសឹងមិនរួច។ មិនយូរប៉ុន្មាន កីឡាករម្ចាស់ផ្ទះបាននៅពីលើហើយកីឡាករថៃនៅពីក្រោម។ Lito Adiwang សន្ធាប់វ៉ៃពីខាងលើដូចព្យុះសង្ឃរា ប៉ុន្តែ Pongsiri រងជាប់នឹងអាចរើរួចម្ដង។ យ៉ាងណាក្ដី លើកទី២ ក៏ចូលឃ្លេរបស់ Adiwang ជាថ្មី ដោយជើងស្ដាំឃ្លេគាបក និង ដៃគាបដៃរបស់ Pongsiri រហូតដល់ចុះចាញ់តែម្ដង។ ក្រោយជ័យជម្នះកីឡាករទម្ងន់ strawweight ថ្លែងថា៖«ខ្ញុំបានរៀបចំទុកជាមុន និងបញ្ចប់គូប្រកួតតាមវិធីណាក៏ដោយ។ ពេលខ្ញុំស្ថិតក្នុងជំហរល្អខ្ញុំនឹងបញ្ចប់គូប្រកួតតែម្ដង។ ខ្ញុំសប្បាយចិត្តដែលបានមកប្រកួតទីនេះម្ដងទៀតសូមអរគុណចំពោះការគាំទ្រ»។ នេះជាជ័យជម្នះ ៧ លើកជាប់គ្នានៅសង្វៀន ONE តាំងពីឆ្នាំ ២០១៦ មក។

កុំភ្លេចទស្សនា កម្មវិធីប្រកួតបន្ទាប់របស់ស្ថាប័ន ONE Championship សូមទស្សនា ONE: WARROR’S CODE ពីក្រុម នៅសុក្រទី ៧ ខែ កុម្ភៈ ឆ្នាំ ២០២០ ចាប់ពីវេលាម៉ោង ៦:៣០ ល្ងាចតទៅនៅក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ីដែលមានផ្សាយផ្ទាល់តាមរយៈ Facebook, Twitter, YouTube,និង ONE Super App៕

អត្ថបទ៖ ស៊ីធី