ការប្រកួតគូខ្លាំងៗលំដាប់ពិភពលោក World Title នឹងធ្វើកម្មវិធីកាន់តែញាប់ញ័រសម្រាប់អ្នកទស្សនា។ ឥឡូវគូប្រកួតខ្លាំងៗប្រចាំពីរព្រឹត្តិការណ៍ផ្សេងគ្នារបស់ ONE Championship ត្រូវបានបង្ហាញខ្លួននៅឆ្នាំ ២០២០នេះ។ នៅថ្ងៃព្រហស្បតិ៍ ទី២០ខែកុម្ភៈ ប្រធាន និងជានាយកប្រតិបត្តិរបស់ ONE Championship លោក Chatri Sityodtong បានប្រកាសជើងខ្លាំងលំដាប់ពិភពលោកចំនួន ៦គូ នៅសង្វៀន ONE: INFINITY 1 និង ONE: INFINITY 2។

កម្មវិធីដំបូង ONE: INFINITY 1 រៀបចំនៅសង្វៀន Istora Senayan នាក្រុងហ្សាកាតាប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃសុក្រទី ១០ ខែមេសា ឆ្នាំ ២០២០។ នេះជាការប្រកួតដណ្ដើមយកឈ្នះចាញ់រវាងម្ចាស់ខ្សែក្រវាត់លំដាប់ពិភពលោកទម្ងន់ flyweight ផ្នែកគុនចម្រុះដែលនឹងបង្ហាញខ្លួនមានដូចជា ម្ចាស់ខ្សែក្រវាត់ ONE Flyweight World Champion កីឡាករ Adriano “Mikinho” Moraes ឡើងការពារខ្សែក្រវាត់ទល់នឹងម្ចាស់ខ្សែក្រវាត់ ONE Flyweight World Grand Prix Champion កីឡាករ Demetrious “Mighty Mouse” Johnson។

ជាមួយគ្នានោះម្ចាស់ខ្សែក្រវាត់ពីរស្ថាប័ន ONE World Champion កីឡាករ Aung La “The Burmese Python” N Sang ឡើងប្រកួតក្នុងទម្ងន់ middleweight តតាំងនឹងគូប្រជែងស្លាប់រសជាយូរមកហើយ និងជាអតីតម្ចាស់ខ្សែក្រវាត់ទម្ងន់ដដែលនេះ Vitaly Bigdash។ លើសពីនេះទៅទៀត ម្ចាស់ខ្សែក្រវាត់ ONE Light Heavyweight Kickboxing World Champion កីឡាករ Roman Kryklia ត្រូវឡើងការពារខ្សែក្រវាត់លើកដំបូងរបស់ខ្លួនទល់នឹង Andrei “Mister KO” Stoica។

ចំណែក ONE: INFINITY 2 មានកីឡាករកម្រិតពិភពលោកចំនួន ៣ គូដែរដែលរៀបចំនៅសង្វៀន Mall Of Asia Arena នាក្រុងម៉ានីលប្រទេសហ្វីលីពីន នៅថ្ងៃសុក្រទី ២៩ ខែ ឧសភា ឆ្នាំ ២០២០។ ក្នុងកម្មវិធីអស្ចារ្យនេះ ម្ចាស់ខ្សែក្រវាត់ ONE Heavyweight World Champion កីឡាករ Brandon “The Truth” Vera បានប្រកាស កាលខែមុនថាគេអាចនឹងឡើងមកការពារខ្សែក្រវាត់លើកទី៣នៅរដ្ឋធានីប្រទេសហ្វីលីពីន។ គូប្រជែងរបស់គេ គឺ Arjan “Singh” Bhullar ដែលរូបគេចង់ដណ្ដើមខ្សែក្រវាត់ត្រលប់ទៅប្រទេសឥណ្ឌាវិញ។

ជាមួយគ្នានោះម្ចាស់ខ្សែក្រវាត់ ONE Lightweight World Champion កីឡាករ Christian “The Warrior” Lee នឹងត្រូវឡើងការពារខ្សែក្រវាត់ទល់នឹងអ្នកលេងគុនចម្រុះមិនដែលចាញ់សោះមកពី ម៉ុលដូវ៉ា Iuri Lapicus ដែលរូបគេទើបឃ្លេបញ្ចប់អតីតម្ចាស់ខ្សែក្រវាត់ featherweight កីឡាករ Marat “Cobra” Gafurov ឲ្យចុះចាញ់ត្រឹម ៦៧វិនាទីប៉ុណ្ណោះកាលដើមខែកុម្ភៈនេះ។

គូប្រកួតដែលជក់ចិត្តមួយទៀត ដែលអ្នកគាំទ្ររង់ចាំទស្សនាជាយូរណាមកហើយ គឺ Eddie Alvarez ឬ ឈ្មោះក្រៅ “The Underground King” ត្រូវជួប Saygid Guseyn Arslanaliev ឬ ឈ្មោះក្រៅ “Dagi”។ គូប្រកួតនេះតាមពិតត្រូវជួបគ្នានៅក្នុងវគ្គផ្ដាច់ព្រ័ត្រ ONE Lightweight World Grand Prix Championship កាលខែតុលា ឆ្នាំ ២០១៩។

ក្នុងកម្មវិធីនីមួយៗនឹងមានការប្រកួតកីឡាករខ្លាំងៗ ចំនួន១២គូ រួមទាំងជើងខ្លាំងនានាគួរឲ្យទាក់ទាញផងដែរ។ គូប្រកួតផ្សេងទៀតនៅ ONE: INFINITY 1 និង ONE: INFINITY 2 នឹងត្រូវប្រកាសបន្តបន្ទាប់ទៀត។

កុំភ្លេចទស្សនា កម្មវិធីប្រកួតបន្ទាប់របស់ស្ថាប័ន ONE Championship សូមទស្សនាការប្រកួតក្នុងកម្មវិធី ONE:KING OF THE JUNGLE នៅសុក្រទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២០ ចាប់ពីវេលាម៉ោង ៦:៣០ ល្ងាចតទៅនៅ ប្រទេសសិង្ហបុរី ដែលមានផ្សាយផ្ទាល់តាមរយៈ Facebook, Twitter, YouTube,និង ONE Super App៕

អត្ថបទ៖ ស៊ីធី