ពានរង្វាន់ Champions League កាលពីយប់មិញ ក្រុម Juventus បានចាញ់ម្ចាស់ផ្ទះ Lyon ក្នុងលទ្ធផល ១ទល់នឹង០​ ​ ​ ដែលគ្រាប់បាល់នេះរកបានដោយកីឡាករ Lucas Tousart​ នៅវគ្គ១៦ក្រុម ជើងទី១ នៅកីឡដ្ឋាន Groupama ក្រោមក្រសែភ្នែកអ្នកគាំទ្រជាង៥ម៉ឺននាក់​។

អ្វីដែលគួរឲ្យចាប់អារម្មណ៍សម្រាប់ការប្រកួតនោះ ខ្សែការពារតម្លៃខ្លួនថ្លៃ Matthijs de Ligt របស់ Juventus បានរងរបួសបែកក្បាល និងឈាមហូរស្រោចពេញខ្លួន ក្រោយលោតប្រជែងបាល់ និងធ្លាក់មកវិញមានការប៉ះទង្គិចគ្នា។

យ៉ាងណាមុិញជម្រើសជាតិហូឡង់ de Ligt មិនត្រូវបានផ្លាស់ប្ដូរចេញនោះទេ ក្រោយរុំរបួសរួច គេបានចូលលេងវិញ និងលេងពេញ៩០នាទីតែម្ដង។

ស្ថិតិនៃការប្រកួតវិញ Juventus ហាក់មានឱកាសច្រើនជាង ដោយគ្រប់គ្រងបាល់ ៦១% និងមានឱកាសទាត់ទីដល់ទៅ១១លើក ប៉ុន្តែចំគោលដៅ១លើកប៉ុណ្ណោះ ខណៈ Lyon មានឱកាសទាត់ទី៩លើក និងចំគោលដៅ៣លើក៕