គ្រាប់បាល់ស៊ុតបញ្ចូលទីនៅរយៈពេល៩នាទីចុងក្រោយពីសំណាក់ខ្សែការពារ Yuri Berchiche បានជួយឲ្យក្រុម Athletic Bilbao ឈានទៅជួបក្រុម Real Sociedad ក្នុងវគ្គផ្តាច់ព្រ័ត្រនៃពាន Copa del Rey កាលពីថ្ងៃព្រហស្បតិ៍ ក្រោយពីពួកគេបានផ្តួលក្រុម Granada តាមរយៈគ្រាប់បាល់ក្រៅដី។

ក្រុម Athletic បាននាំមុខ ១-០ ពីការប្រកួតជើងទី១ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប៉ុន្តែ ក្រុម Granada ដែលស្ថិតក្នុងក្របខ័ណ្ឌ La Liga ដូចគ្នា បានរកគ្រាប់បាល់តាមស្មើ នៅរាត្រីនោះ តាមរយៈកីឡាករ Carlos Fernandez នៅនាទី ទី៤៨ តាមរយៈការតែតបាល់បញ្ចូលទីយ៉ាងល្អ។

Granada ដែលបានឈានទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកទី១របស់ខ្លួនបើគិតចាប់តាំងពីឆ្នាំ១៩៦៩នោះ បាននាំមុខ ២-១ តាមរយៈគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់កីឡាករ German Sanchez ក្រោយពីលេងបានរយៈពេល៧៦នាទី ក្រោយពីការទាត់បាល់ចេញពីជ្រុងរបស់កីឡាករ Machis។

ប៉ុន្តែ ក្តីសង្ឃឹមរបស់ពួកគេក្នុងការឈានទៅវគ្គផ្តាច់ព្រ័ត្រ ត្រូវបានកម្ទេច នៅពេលដែលខ្សែការពារស្លាបឆ្វេង Berchiche បានស៊ុតបាល់បញ្ចូលទីនៅនាទី ទី៨១ ក្រោយពីការបញ្ជូនបាល់របស់កីឡាករ Mikel Vesga ដើម្បីជួយឲ្យក្រុមខ្លួនឈានទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃទី១៨ ខែមេសា ក្នុងទីក្រុង Seville។ ជាមួយនឹងការឈ្នះពាន២៣លើក ក្រុម Athletic Bilbao ស្ថិតក្នុងចំណាត់ថ្នាក់លេខ២ លើតារាងក្រុមដែលបានឈ្នះពាន Copa del Rey ច្រើនជាងគេ បន្ទាប់ពីក្រុម Barcelona ដែលបានឈ្នះពានដល់ទៅ៣០លើក៕

ប្រភពព័ត៌មាន៖ Channel News Asia