ថ្ងៃទី១៣ មីនា ២០២០៖ ONE Championship™ (ONE) ដែលជាស្ថាប័នរៀបចំព្រឹត្តិការណ៍កីឡាធំបំផុតក្នុងប្រវត្តិសាស្ត្រទ្វីបអាស៊ីបានប្រកាសនៅថ្ងៃនេះថា ការប្រកួតបិទទ្វារមួយចំនួនត្រូវបានលើកពេលក្នុងគ្រាដែលពិភពលោកកំពុងរងការវាយប្រហារដោយ Covid-19។ យ៉ាងណាក្ដី រាល់កម្មវិធីទាំងអស់ត្រូវផ្សាយបន្តផ្ទាល់តាមបណ្ដាញសង្គមរបស់ខ្លួន ប៉ុន្តែព្រឹត្តិការណ៍នៃការប្រកួតត្រូវបានផ្អាកយ៉ាងហោចរហូតដល់ថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ២០២០ ដោយសារតែមេរោគកាចសាហាវ Covid-19។

ចំណែកការប្រកួតផ្សេងទៀតដែលគ្រោងរៀបចំនៅសិង្ហបុរី ថ្ងៃទី ១៧ ខែ មេសា, ២៤ មេសា, ១ ឧសភា និង ៨ ឧសភា នឹងត្រូវប្រកាសនាពេលឆាប់ៗនេះ ហើយការប្ដូរថ្ងៃប្រកួតក៏នឹងត្រូវបង្ហាញផងដែរ។

ជាមួយគ្នានោះដែរ កម្មវិធី ONE Infinity Series ដែលជាកម្មវិធីថ្មីត្រូវបានគេលើកពេលទៅប្រកួតនៅថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០២០ ខាងមុខនៅក្រុងម៉ានីលប្រទេសហ្វីលីពីន។ កម្មវិធីដំបូងនោះត្រូវបានគេដាក់ឈ្មោះថា ONE Infinity 1 ដែលរៀបចំនៅសង្វៀន Mall of Asia Arena។

ក្រៅពីនោះ កម្មវិធី ONE Esports Dota 2 Indonesia Invitational ដែលគ្រោងធ្វើនៅហ្សាកាតានៅថ្ងៃទី ១៨ និង១៩ មេសា ត្រូវប្ដូរទៅទៅថ្ងៃទី២៣ដល់ ២៩ ខែវិច្ឆិកា វិញ។ លើសពីនេះ កម្មវិធីជម្រុះ ONE Esports Dota 2 ប្រចាំតំបន់នៅហ្សាកាតា ដែលត្រូវដាក់កម្មវិធីប្រកួតនៅថ្ងៃទី ១៤ និង ១៥ ខែមីនានេះត្រូវរៀបចំក្នុងស្ទីឌយោវិញ។ អ្នកគាំទ្រអាចចូលទស្សនាតាមវិបសាយនេះ។ https://www.oneesports.gg/watchIDQ

លោក Chatri Sityodtong ដែលជាប្រធាន និងជានាយកប្រតិបត្តិ ONE Championship បានថ្លែងឲ្យដឹងថា៖«យើងត្រូវយកចិត្តទុកដាក់លើអ្នកគាំទ្ររបស់យើងឲ្យមានសុវត្ថិភាព កីឡាករកីឡាការិនីរបស់យើង បុគ្គលិករបស់យើង ដៃគូសហការ និងសាធារណជន ជាអាទិភាពសំខាន់សម្រាប់ ONE Championship។ ប៉ុន្តែក្រុមការងាររបស់ខ្ញុំនៅតែមានឆន្ទៈដើម្បីផ្ដល់ការកម្សាន្តផ្នែកកីឡាដ៏ល្អបំផុតក្នុងលោកនិងផ្សាយផ្ទាល់ទូទាំងពិភពលោកចំពោះកម្មវិធីនានានាពេលខាងមុខ។ អ្នកគាំទ្ររាប់លាននាក់អាចទស្សនាតាមគេហដ្ឋានទូទាំងពិភពលោក។ នេះជាផាសុកភាពមួយដែលអាចទស្សនាពីគេហដ្ឋាន និងទប់ស្កាត់កុំឲ្យឆ្លងមេរោគ Covid-19។ ONE Championship នឹងបន្តធ្វើឲ្យអ្នកគាំទ្រជុំវិញពិភពលោកសប្បាយរីករាយដែលមានគូប្រកួតខ្លាំងកំពូលៗក្នុងលោកនិងមានរឿងរ៉ាវលើកទឹកចិត្តជាច្រើនពីសំណាក់ពួកគេ»។

ONE Championship កំពុងទន្ទឹងរង់ចាំយ៉ាងអន្ទះសាដើម្បីរៀបចំព្រឹត្តិការណ៍ប្រកួតឡើងវិញដោយមានអ្នកទស្សនាចូលរួមជាថ្មីពេលមានសុវត្ថិភាព មានសុខភាពល្អ និងស្ថានការណ៍ Covid-19 ធូរស្បើយនៅពេលខាងមុខ។

កុំភ្លេចទស្សនា កម្មវិធីប្រកួតបន្ទាប់របស់ស្ថាប័ន ONE Championship សូមទស្សនាការប្រកួតក្នុងកម្មវិធី ONE INFINITY 1 នៅសុក្រទី ១០ ខែ មេសា ឆ្នាំ ២០២០ ចាប់ពីវេលាម៉ោង ៦:៣០ ល្ងាចតទៅពីក្រុងហ្សាកាតាប្រទេសឥណ្ឌូណេស៊ី ដែលមានផ្សាយផ្ទាល់តាមរយៈ Facebook, Twitter, YouTube,និង ONE Super App៕

អត្ថបទ៖ ស៊ីធី