លោក Pep Guardiola គ្រូបង្វឹករបស់ក្រុម Manchester City បានចូលរួមបរិច្ទាគក្នុងទឹកប្រាក់១លានអឺរ៉ូ (ស្មើនឹង១,០៨លានដុល្លារអាមេរិក) ដើម្បីជួយផ្គត់ផ្គង់សម្ភារៈពេទ្យ សម្រាប់ការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតរបស់ជំងឺកូរ៉ូណា ក្នុងប្រទេសកំណើតរបស់លោក អេស្ប៉ាញ។

អតីតគ្រូបង្វឹករបស់ក្លិប FC Barcelona រូបនេះ បានផ្តល់ប្រាក់ផ្ទាល់ខ្លួនរបស់លោក ទៅឲ្យមហាវិទ្យាល័យវិជ្ជសាស្ត្រក្នុងទីក្រុង Barcelona ដើម្បីទិញសម្ភារៈពេទ្យដែលកំពុងតែខ្វះខាតនៅតាមមណ្ឌលសុខភាពនានា នៅតំបន់ Catalonia។ នេះបើយោងទៅតាមការបញ្ជាក់ផ្ទាល់របស់លោក។ ទឹកប្រាក់បរិច្ចាគរបស់លោក នឹងក៏នឹងត្រូវប្រើប្រាស់ដើម្បីផលិតឧបករណ៍ជំនួយផ្លូវដង្ហើមដើម្បីព្យាបាល់ និងសម្ភារៈការពារសម្រាប់បុគ្គលិកពេទ្យ ក្នុងប្រទេសអេស្ប៉ាញ របស់លោកផងដែរ។

ស្របពេលជាមួយគ្នានេះ ឃ្លីនិកសុខភាពរបស់ក្លិប Barcelona បានបញ្ជាក់ថា ខ្លួនក៏បានទទួលអំណោយពីខ្សែប្រយុទ្ធ Lionel Messi របស់ក្លិប FC Barcelona ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងជំងឺកូរ៉ូណា ផងដែរ។ មន្ទីរពេទ្យនេះ បានសរសេរនៅលើបណ្តាញសង្គម Twitter ថា៖ «សូមអរគុណ Leo សម្រាប់ការជួយឧបត្ថម្ភ និងការប្តេជ្ញាចិត្តរបស់អ្នក»៕

ប្រភពព័ត៌មាន៖ Channel News Asia