លោក Pape Diouf អតីតប្រធានក្លឹប Marseille បានទទួលមរណភាពក្នុងអាយុ ៦៨ឆ្នាំបន្ទាប់ពីឆ្លងមេរោគកូវីត-១៩ដោយយោងតាមការប្រកាសជាផ្លូវការណ៏របស់ក្លឹប។ បុរសសញ្ជាតិសេណេហ្គាល់រូបនេះធ្លាប់ដឹកនាំក្លឹប នៅចន្លោះឆ្នាំ ២០០៥ និង ២០០៩ នៅពេលដែល Marseille បញ្ចប់ចំណាត់ថ្នាក់ Ligue1 នៅលេខរៀងទី២ ចំនួន ២ ដងនិងឈានដល់វគ្គផ្តាច់ព្រ័ត្រ French Cup ២ ដងផងដែរ។

បន្ទាប់មកទៀត Marseille បានឈ្នះពាន French League ជាលើកដំបូងក្នុងរយៈពេល ១៨ ឆ្នាំក្នុងឆ្នាំ ២០១០ ។ នៅក្នុងការបង្ហោះសារ នៅលើបណ្តាញសង្គម Twitter របស់ក្លឹបបានសរសេរថា: Pape នឹងនៅតែស្ថិតក្នុងបេះដូងរបស់ Marseillais ជារៀងរហូតក្នុងនាមជាស្ថាបនិកដ៏អស្ចារ្យម្នាក់នៅក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប ។

រីឯសហព័ន្ធបាល់ទាត់បារាំង (Ligue de Football Professionnel (LFP) បានសម្តែងមរណៈទុក្ខស្រដៀងគ្នាផងដែរថា: លោក Pape Diouf បានលះបង់ពេញមួយជីវិតរបស់គាត់ក្នុងការបម្រើវិស័យបាល់ទាត់។ក្នុងនាមជាសមាជិកនៃក្រុមប្រឹក្សា រដ្ឋបាល LFP ចាប់ពីខែកញ្ញាឆ្នាំ ២០០៧ ដល់ខែមិថុនាឆ្នាំ ២០០៩ ។

គួររំលឹកផងដែរអតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិបារាំងនិង Liverpool កីឡាករ Djibril Cisse ធ្លាប់លេងឱ្យក្រុម Marseille នៅពេលដែលលោក Diouf នៅកាន់តួនាទីជាប្រធានក្លឹប។

ប្រភព៖ BBC