សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) បានធ្វើការបដិសេធថា ថ្ងៃទី៣ ខែសីហា មិនមែនជាថ្ងៃដែលត្រូវបញ្ចប់ការប្រកួតក្របខ័ណ្ឌ Champions League នៅរដូវកាលនេះឡើយ ក្រោយពីមានព័ត៌មួយដែលចេញផ្សាយដោយទូរទស្សន៍អាល្លឺម៉ង់ ZDF ថា លោក Aleksander Ceferin ដែលជាប្រធាន បានបញ្ជាក់ថា យុទ្ធនាការនេះ នឹងត្រូវបញ្ចប់នៅកាលបរិច្ឆេទកាលលើ។

សេចក្តីប្រកាសមួយពីអង្គភាពគ្រប់គ្រងកីឡាបាល់ទាត់ទ្វីបអឺរ៉ុប បានឲ្យដឹងថា៖ «វាត្រូវបានគេចេញផ្សាយថា លោក Aleksander Ceferin ប្រធាន UEFA បានប្រាប់ទូរទស្សន៍ ZDF នៅអាល្លឺម៉ង់ថា ការប្រកួតក្របខ័ណ្ឌ UEFA Champions League ត្រូវតែបញ្ចប់នៅថ្ងៃទី៣ ខែសីហា។

នេះជារឿងមិនពិតឡើយ។ លោកប្រធានមានភាពច្បាស់លាស់ទៅលើការមិនកំណត់កាលបរិច្ឆេទជាក់លាក់សម្រាប់ការបញ្ចប់រដូវកាលនេះឡើយ»។ ក្របខ័ណ្ឌលីកកីឡាបាល់ទាត់ទូទាំងអឺរ៉ុប និងតំបន់ផ្សេងទៀត សុទ្ធសឹងត្រូវបានផ្អាក ដោយសារតែការរាតត្បាតរបស់វីរុសកូរ៉ូណា។ Champions League នៅទ្រឹងត្រឹមវគ្គ១៦ក្រុមចុងក្រោយ ដែលត្រូវបញ្ចប់។

UEFA បានបញ្ជាក់ថា៖ «UEFA បច្ចុប្បន្នកំពុងតែវិភាគលើរាល់ជម្រើសទាំងអស់ ដើម្បីបំពេញរដូវកាលក្នុងស្រុក និងអឺរ៉ុប ជាមួយនឹងសហជីពក្លិបកីឡាបាល់ទាត់អឺរុប និងក្របខ័ណ្ឌលីកអឺរ៉ុប ក្នុងក្រុមដែលត្រូវបានបង្កើតឡើងកាលពីថ្ងៃទី១៧ ខែមីនា។ អាទិភាពជាចម្បងរបស់សមាជិកក្រុមការងារទាំងអស់ គឺការរក្សាសុខភាពសាធារណៈ»៕

ប្រភពព័ត៌មាន៖ Channel News Asia