លោក Bruno Labbadia នឹងចូលជំនួសកន្លែងរបស់លោក Jurgen Klinsmann ក្នុងនាមជាគ្រូបង្វឹកបង្គោលរបស់ Hertha Berlin។ នេះបើយោងទៅតាមការប្រកាសរបស់ក្លិបស្ថិតក្នុងក្របខ័ណ្ឌ Bundesliga កាលពីថ្ងៃព្រហស្បតិ៍ នៅមុនពេលការចេញផ្សាយរបស់បណ្តាញសារព័ត៌មានអាល្លឺម៉ង់។

លោក Labbadia បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ក្លិបថា៖ «ក្រុមរបស់ខ្ញុំ និងខ្ញុំផ្ទាល់ ពិតជាសម្លឹងឆ្ពោះទៅកាន់ការប្រជែងមួយនេះ។ Hertha គឺជាក្លិបមួយដែលមានគម្រោងជាមហិច្ឆាតាច្បាស់លាស់សម្រាប់អនាគត»។

បើយោងទៅតាមកាសែត Bild និងទស្សនាវដ្តី Kicker លោក Labbadia វ័យ៥២ឆ្នាំ នឹងចុះហត្ថលេខាលើកុងត្រាមួយដែលបន្តរហូតដល់ឆ្នាំ២០២២ ដើម្បីដឹកនាំលើការត្រៀមលក្ខខណៈផ្សេងៗ ប្រសិនបើក្របខ័ណ្ឌលីករបស់អាល្លឺម៉ង់ វិលទៅប្រកួតវិញនៅខែក្រោយនេះ បន្ទាប់ពីត្រូវបានផ្អាកកាលពីថ្ងៃទី១៣ ខែមីនា ដោយសារតែការរាតត្បាតរបស់វីរុសកូរ៉ូណា។

គ្រូបង្វឹកថ្មីរូបនេះបានឲ្យដឹងថា៖ «វានឹងក្លាយជាការងារដ៏លំបាក។ យើងនឹងចា់បផ្តើមនៅថ្ងៃចន្ទនេះ ក្រោមការហាមឃាត់នាបច្ចុប្បន្ន ហើយនិងត្រៀមលក្ខណៈឲ្យបានល្អបំផុតដែមយើងអាចធ្វើសម្រាប់ថ្ងៃដែលកីឡាបាល់ទាត់ចាប់ផ្តើមប្រកួតឡើងវិញ»។

លោក Michael Preetz ប្រធានផ្នែកកីឡា បានឲ្យដឹងថា៖ «ជាមួយនឹងលោក Bruno យើងមានមនុស្សដែលស្គាល់ក្របខ័ណ្ឌ Bundesliga យ៉ាងច្បាស់ ក្រោយពីបានចំណាយពេលជាច្រើនឆ្នាំក្នុងនាមជាកីឡាករម្នាក់ និងគ្រូបង្វឹកម្នាក់ ហើយបានបង្ហាញថា លោកអាចធ្វើឲ្យក្រុមនានាមានស្ថិរភាព និងដឹកនាំពួកគេមានចំណាត់ថ្នាក់ខ្ពស់លើតារាង»៕

ប្រភពព័ត៌មាន៖ Channel News Asia