កាំភ្លើងធំ Arsenal កំពុងពិចារណាដាក់សំណើរចុះហត្ថលេខាខ្សែបម្រើ-ការពារកណ្តាល Eder Militao ពីក្រុមអធិរាជស Real Madrid នៅពេលបញ្ចប់រដូវកាល La Liga។

កីឡាករវ័យ ២២ឆ្នាំ រូបនេះបានផ្លាស់ពីក្លឹបយក្សព័រទុយហ្គាល់មកកាន់ទឹកដី Santiago Bernabeu ក្នុងតម្លៃផ្ទេរច្រើនគួរសមកាលពីរដូវក្តៅប៉ុន្តែបានជួបបញ្ហាលំបាក និងបង្ហាញខ្លួនបានតែ ១៣ប្រកួតប៉ុណ្ណោះក្នុងការប្រកួតសរុបទាំងអស់នៅរដូវកាលនេះ។

ម្ចាស់ជើងឯក Champion League ១៣សម័យបានអះអាងថាកីឡាករអន្តរជាតិ ប្រេស៊ីលរូបនេះនឹងមិនត្រូវលក់ចេញមុនយុទ្ធនាការរដូវកាល ២០២០-២០២១ នោះទេ ប៉ុន្តែគ្រូបង្វឹក លោក Zinedine Zidane ត្រូវបានដកស្រង់សម្តីថាមិនសប្បាយចិត្តនិងទម្រង់លេងរបស់ ខ្សែការពាររូបនេះនៅពេលបច្ចុប្បន្ននេះទេ។

គួរបញ្ជាក់ថាកីឡាករអន្តរជាតិបារាំងអាយុក្រោម ២០ឆ្នាំ William Saliba នឹងត្រូវវិលត្រលប់ទៅកាន់កីឡដ្ឋាន Emirates មុនរដូវកាលថ្មីចាប់ផ្តើមក្រោយចំណាយពេលលេងក្នុងលក្ខណ្ឌខ្ចីជើងនៅក្លឹបប Saint-Etienne។

Arsenal យ៉ាងហោចណាស់ចង់បានខ្សែការពារកណ្តាលមួយរូបបន្ថែមទៀតខណៈក្លឹបមានមូលដ្ឋាននៅភាគខាងជើងទីក្រុងឡុងដ៏មានសុទិដ្ឋិនិយមថានិងអាចផ្ទេរយក Militao មកលេងនៅក្របខណ្ឌ Premier League បាន។

ប្រភព៖ Sportmole