អតីតខ្សែប្រយុទ្ធដែលរកបានគ្រាប់បាល់ច្រើនជាងគេរបស់អាល្លឺម៉ង់ Miroslav Klose ត្រូវបានតែងតាំងជាគ្រូបង្វឹកជំនួយរបស់ក្លិប Bayern Munich សម្រាប់រដូវកាលក្រោយ។

បុរសវ័យ៤១ឆ្នាំរូបនេះ បានធ្វើការងារជាគ្រូបង្វឹកក្រុមយុវជនក្នុងក្លិបនេះ អស់រយៈពេល២រដូវកាលមកហើយ ក្រោយពីចូលនិវត្តន៍ជាកីឡាករកាលពីឆ្នាំ២០១៦។ រូបគេបានចំណាយពេល៤រដូវកាលក្នុងនាមជាកីឡាករជាមួយនឹងក្លិប Bayern កាលពីឆ្នាំ២០០៧ ដោយឈ្នះពានក្របខ័ណ្ឌលីក និងពានកិត្តិយសជាច្រើន។

Klose ដែលបានស៊ុតបាល់បញ្ចូលទី១៦គ្រាប់ ក្នុងព្រឹត្តិការណ៍ World Cup ៤លើក និងឈ្នះពានពានក្នុងឆ្នាំ២០១៤ ជាមួយនឹងអាល្លឺម៉ង់នោះ បានឲ្យដឹងថា៖ «ខ្ញុំពិតជាមានអារម្មណ៍រំភើបណាស់។ ខ្ញុំកំពុងតែសម្លឹងឆ្ពោះទៅកាន់ការងារនេះ»។

លោក Klose នឹងបង្ហាញវត្តមានក្នុងសមាជិកគ្រូបង្វឹករបស់ក្លិប Bayern នៅពេលដែលក្របខ័ណ្ឌ Bundesliga ចាប់ផ្តើមឡើងវិញ ក្នុងរយៈពេល៩ថ្ងៃទៀត ក្រោយពីរដូវកាលនេះ ត្រូវបានផ្អាកចាប់តាំងពីពាក់កណ្តាលខែមីនា ដោយសារតែវីរុសកូរ៉ូណា ដោយក្រុម Bayern នឹងត្រូវធ្វើដំណើរទៅជួបក្រុម Union Berlin នៅថ្ងៃទី១៧ ខែឧសភា។

Klose បានចុះកុងត្រាមួយរហូតដល់ខែមិថុនា ឆ្នាំ២០២១ ដែលនឹងធ្វើឲ្យរូបគេធ្វើការក្រោមការដឹកនាំរបស់លោក Hansi Flick៕