វីរបុរសក្រុមជម្រើសជាតិប្រេស៊ីល Roberto Carlos បានបង្ហើបប្រាប់ថាស្ទើរតែផ្លាស់ទៅចូលរួមជាមួយក្រុមតោខៀវChelsea ២០០៧ដោយគ្មានតម្លៃខ្លួន(Free Transfer) ប៉ុន្តែការផ្ទេរបានបរាជ័យនៅនាទីចុងក្រោយមុនពេលទីផ្សារដោះដូរបានបិទ។

អតីតខ្សែការពារក្រុមអធិរាជស Real Madrid នៅពេលនោះបានចែកផ្លូវជាមួយក្លឹប បន្ទាប់ពីពានLa Liga ៤ដង និង Champion League ៣ដង រយៈពេល១១ឆ្នាំ នៅកីឡាដ្ឋាន Santiago Bernabeu ។

Carlos ខ្សែការពារមានជំនាញជើងឆ្វេងបានប្រាប់គេហទំព័រ Goal បន្ទាប់ពីកម្មវិធី Challenge Heineken Legends ថា៖ «ពេលនោះខ្ញុំមានសំណើពីរគឺ Fenerbahce និង Chelsea ។ ហើយមុនពេលចុះហត្ថលេខាផ្លាស់ទៅលេងនៅក្លឹបតួគី Fenerbahce ១សប្តាហ៏ខ្ញុំបានទៅទីក្រុង Paris ដើម្បីជួបម្ចាស់ក្លឹបគឺមហាសេដ្ឋី Roman Abramovich និង ប្រធានផ្នែកទីផ្សារទិញដូរកីឡាករលោក Perter Kenyon។ ប៉ុន្តែបញ្ហាជាមួយមេធាវីបានធ្វើអោយដំណើរការបរាជ័យ»។

បច្ចុប្បន្នមានវ័យ៤៧ឆ្នាំ Carlos បានបង្ហើបប្រាប់ថារូបគេក៏ស្ទើរតែផ្លាស់ទៅលេងនៅអង់គ្លេសកាលពី២២ឆ្នាំមុន គឺកំលុងពេលលេង អោយ Palmeiras ខណៈក្លឹប Aston Villa បានទាក់ទងរូបគេ ប៉ុន្តែដំណើរការមិនអាចទៅមុខរួច ទើបខ្លួនសម្រេចចិត្តចូលរួមជាមួយ Inter Milan នៅពេលនោះតែម្តងទៅ៕

អត្ថបទ៖ Polin
ប្រភព៖ goal