កីឡាករជើងខ្លាំងវ័យក្មេង បឺត សង្ឃឹម បានសម្តែងការសោកស្តាយ នៅកំហុសនៃការធ្វេសប្រហែសរបស់ខ្លួន ដែលបណ្តាលឲ្យ វ៉ាន់ វឿន អាចដណ្តើមបានជ័យជម្នះ និងក្លាយជាម្ចាស់ខ្សែក្រវាត់ ទម្ងន់៥៧គីឡូក្រាម ក្នុងព្រឹត្តិការណ៍«អ្នកតស៊ូគុនខ្មែរ» នៅលើសង្វៀន CNC។

បឺត សង្ឃឹម បាននិយាយក្រោយការប្រកួតថា៖ «ការចាញ់នេះ ខ្ញុំទទួលយកបាន ព្រោះយើងចាញ់រាប់គាត់»។ ទោះយ៉ាងណា សង្ឃឹម បានបញ្ជាក់ថា៖«ខ្ញុំធ្វេសប្រហែស នាំឲ្យចូលកែងរបស់គាត់ នៅពេលយើងវាយប្តូរគ្នា ហើយបើសិនជាគ្មានការរាប់ ខ្ញុំប្រហែលជាអ្នកឈ្នះ ក្នុងការប្រកួតនេះ»

សម្រាប់ការប្រកួតផ្តាច់ព្រ័ត្រ នៅលើសង្វៀន CNC កាលពីថ្ងៃសៅរ៍ កន្លងមកនេះ បឺត សង្ឃឹម ត្រូវបានម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេម វ៉ាន់ វឿន វាយកែងចូលពេញៗ បណ្តាលឲ្យដួល និងត្រូវអាជ្ញាកណ្តាលរាប់ចំនួន២លើក នៅក្នុងទឹកទី២ ប៉ុន្តែអ្វីដែលអស្ចារ្យនោះ គឺរូបគេបានព្យាយាមទប់ស្មារតី និងរក្សាជំហរវាយបក រហូតគេចផុតពីគ្រោះអាសន្ននោះ។

បន្ថែមពីលើនេះ បឺត សង្ឃឹម បានបង្ហាញការប្រកួតកាន់តែល្អ ចាប់ពីទឹកទី៣ រហូតដល់ចប់ទឹកទី៥ ដោយរូបគេបានវាយ វ៉ាន់ វឿន ឡើងទ្រមខ្លួនផងដែរ ហើយកែងរបស់គេ បានបន្សល់ស្នាមបែកនៅបបេមាត់ វ៉ាន់ វឿន ផងដែរ ប៉ុន្តែផ្ទៃមុខ បឺត សង្ឃឹម ក៏មានស្នាមពកជាំ ដោយផ្លែកែង វ៉ាន់ វឿន ដូចគ្នា។

ជាមួយការប្រកួតយ៉ាងស្វិតស្វាញនេះ បានធ្វើឲ្យ វ៉ាន់ វឿន សារភាពថា ពិតជាលំបាក ហើយក៏សោកស្តាយផងដែរ ដែលមិនអាចផ្តួល បឺត សង្ឃឹមឲ្យសន្លប់ នៅទឹកទី២។ វ៉ាន់ វឿន បាននិយាយថា៖ «វាជាការប្រកួតស្វិតស្វាញ និងលំបាកណាស់ចំពោះខ្ញុំ។ នៅពេលខ្ញុំមានឱកាសវាយកែងឲ្យគាត់រាប់នោះ ខ្ញុំចង់ផ្តាច់គាត់ នៅទឹកទី២នោះ ប៉ុន្តែខ្ញុំផ្តាច់គាត់ មិនបាន»

យ៉ាងណាក៏ដោយ អ្នកប្រដាល់ជាក្មេងកំព្រា វ៉ាន់ វឿន បានបញ្ជាក់ថា៖ «ខ្ញុំរំភើប និងសប្បាយចិត្តខ្លាំងណាស់ ចំពោះការឈ្នះបានខ្សែក្រវាត់នេះ»។ សម្រាប់ការឈ្នះបានខ្សែក្រវាត់ ទម្ងន់៥៧គីឡូក្រាមនេះ វ៉ាន់ វឿន ទទួលបានប្រាក់រង្វាន់២០លានរៀល ចំណែក បឺត សង្ឃឹម ទទួលបាន៨លានរៀល៕

អត្ថបទ៖ Cambosport.net