កីឡាការិនីគុនចម្រុះកំពូលម្នាក់ Gina Iniong ឬ គេស្គាល់ឈ្មោះក្រៅ “Conviction” ដែលជាម្ចាស់មេដាយមាសស៊ីហ្គេមឆ្នាំ២០១៩ លើវិញ្ញាសាឃីកបុកសីងកំពុងប្រើពេលវេលាសម្រាកលម្ហែកាយជាមួយគ្រួសារ ហើយអែអង់ក្នុងការវិលមកប្រឡូកនៅសង្វៀនវិញ។

កីឡាការិនីដែលស្ថិតនៅចំណាត់ថ្នាក់លេខ៥ក្នុងទម្ងន់ atomweight មកពីក្លិប Team Lakay កំពុងលម្ហែជាមួយដៃគូ Richard Araos បន្ទាប់ពីចាប់ផ្ដើមសេពគប់គ្នា កាលពីខែ តុលា ឆ្នាំមុន។ បច្ចុប្បន្ននេះ មើលទៅគូស្នេហ៍មួយគូនេះសប្បាយចិត្តខ្លាំងណាស់ និងឈានដល់ទៅមានចំណងដៃសម្រាលកូនដំបូង។ Iniong បានសម្លឹងមើលការចូលនិវត្តន៍ បន្ទាប់ពីមានទម្ងន់ ប៉ុន្តែរូបគេនិងគ្រូបង្វឹក Mark Sangiao បានជជែកគ្នាថាមិនត្រូវសម្រេចចិត្តនាពេលនេះទេ។

លោក Sangiao បានថ្លែងថា៖ «គេបានគិតគូអំពីការចូលនិវត្តន៍ តែខ្ញុំបានប្រាប់ Iniong ថាកុំទាន់គិតអី។ ខ្ញុំគ្រាន់តែប្រាប់ឲ្យគិតអំពីការពពោះ ហើយអាចសម្រេចចិត្តនាពេលក្រោយបើសិនរូបគេចង់ឈប់។ ខ្ញុំប្រាប់ថា វាលំបាកបន្តិចក្នុងការសម្រេចចិត្តនាពេលនេះ។ ប៉ុន្តែរឿងល្អបំផុតគឺគិតអំពីសុខភាព និង មើលថែកូនក្នុងផ្ទៃឲ្យបានល្អ។ ហើយបន្ទាប់មកទៀតចាំគិតអំពីអាជីពបន្តទៀត»

អាជីពរបស់ Iniong បានឡើងដល់កំពូលពេលឈ្នះមេដាយមាសស៊ីហ្គេមឆ្នាំ២០១៩ ក្នុងវិញ្ញាសា ឃីកបុកសីង កាលខែធ្នូ និងឈ្នះលើគូប្រជែង Asha “Knockout Queen” Roka នៅក្នុងកម្មវិធី ONE: FIRE & FURY កាលខែមករា មុនពេលលេចឮដំណឹងក្លាយជាម្ដាយនាពេលបច្ចុប្បន្ន។

«មុនពេលប្រកួតស៊ីហ្គេម Iniong ក៏បានប្រាប់ខ្ញុំពីការផ្ដោតអារម្មណ៍លើគ្រួសារដែរ។ Iniong ថាកាន់តែចាស់ និង ចង់បានកូន។ វាជាការអបអរសាទរមួយដ៏ធំសម្រាប់គេ។ បំណងនេះរូបគេបានគិតយូរមកហើយ»។ Sangiao បានពន្យល់យ៉ាងដូច្នេះ។

បែបណាក្ដី អ្នកគាំទ្រអាចនឹងខកខានបានឃើញ Iniong ត្រលប់មកសង្វៀនវិញ ប៉ុន្តែ កីឡាការិនីហ្វីលីពីននៅតែគាំទ្រដល់ ONE Championship និង Team Lakay ទោះជាចាប់ផ្ដើមជីវិតថ្មីក្រៅពីឡើងសង្វៀននៅថ្ងៃណាមួយ។

Sangiao បានសង្កត់ធ្ងន់ថា ៖ «យើងមិនអាចប្រាប់បានទេថាពេលណា Gina Iniong នឹងត្រលប់មកវិញ។ នេះជាការសម្រេចចិត្តរបស់នាង។ យើងមិនទាន់អាចនិយាយបានទេ។ យើងបានប្រាប់ ភាគី ONE រួចហើយអំពីរឿងនេះហើយពួកគេក៏ផ្ញើការអបអរសាទរដល់នាង។ ONE បានប្រាប់ដល់ Gina ថាកុំទាន់គិតអំពីការចូលនិវត្តន៍នាពេលនេះ។ ប៉ុន្តែនេះជាជីវិតឯកជនរបស់គេ ហើយយើងនៅតែគាំទ្រចំពោះការសម្រេចចិត្តណាមួយ»

ព័ត៌មានផ្សេងៗអំពី ONE Championship សូមចូលទៅកាន់ www.onefc.com/about-us, follow លើ Twitter និង Instagram @ONEChampionship និង ហ្វេសប៊ុកONEChampionship។

អត្ថបទ៖ ស៊ីធី