សហព័ន្ធកីឡាបាល់បោះកម្ពុជា បានបន្ថែមនូវក្បាលម៉ាស៊ីនដឹកនាំ ក្នុងគណៈកម្មាធិការប្រតិបត្តិថ្មី ហើយក៏បានតែងតាំងទីប្រឹក្សាជនជាតិបរទសចំនួន៣នាក់ ផងដែរ ដើម្បីជួយផ្តល់ជាគំនិតយោបល ដើម្បីពន្លឿនឲ្យវិស័យកីឡាមួយនេះ កាន់តែមានការរីកចម្រើន និងសក្តានុពល ឈានទៅរកការទទួលបានជ័យជម្នះ សម្រាប់ការប្រកួតនៅលើឆាកអន្តរជាតិ ពិសេសការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះ។
នៅក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី៧ និងបន្តអាណត្តិទី៨ ដែលត្រូវបានធ្វើឡើង នៅពហុកីឡដ្ឋានជាតិ កាលពីថ្ងៃអង្គារ តំណាងក្លិបទាំង១៧ និងគណៈកម្មាធិការរបស់សហព័ន្ធកីឡាបាល់បោះកម្ពុជា សុទ្ធតែបានចូលរួមបោះឆ្នោត ជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំថ្មីរបស់ខ្លួន។
យ៉ាងណាក៏ដោយ តាមរយៈការបោះឆ្នោតនោះ លោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នៅតែទទួលបានការគាំទ្រ ឲ្យបន្តធ្វើជាប្រធាន ក្នុងអាណត្តិថ្មីទី៨ ឆ្នាំ២០២០ ដល់ឆ្នាំ២០២៣ ចំណែក លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកដ្ឋាន នៃអគ្គនាយកដ្ឋានកីឡា និងលោក ឈី សម្បត្តិ ក៏ទទួលបានការគាំទ្រ ឲ្យបន្តធ្វើជាអនុប្រធានសហព័ន្ធដូចគ្នា។
ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ សម្រាប់អាណត្តិថ្មីទី៨នេះ អង្គមហាសន្និបាតរបស់សហព័ន្ធកីឡបាល់បោះកម្ពុជា បានឯកភាពគ្នា បន្ថែមក្បាលម៉ាស៊ីនដឹកនាំ ក្នុងនាទីជាអនុប្រធានចំនួន៣រូបទៀត រួមមានលោក ខេស៊ី បាណេត នាយកវិទ្យាស្ថានខេមអេដ លោក សាំ យៀង និងលោក ជូ សុខារី។
ចំណែកលោក រ៉ាឌី មុំ លោក សាន់ នី លោក ផ្លុង លីឌឿន និងលោក អែម ប៊ុន្នី បានក្លាយជាមាជិកថ្មី ក្នុងអាណត្តិទី៨នេះដែរ គឺបន្ថែមទៅលើសមាជិកចាស់ រួមមានលោក គឹម រ័ត្នណារិន លោក ប៊ុន សុខ លោក ហ៊ុន សាមុត លោក ដួង មាសចំរើន និងលោក អ៊ុំ ចាន់តារា។
បន្ថែមទៅលើគណៈកម្មាធិការប្រតិបត្តិទាំង១៥រូប នៅក្នុងអាណត្តិថ្មី នេះ សហព័ន្ធកីឡាបាល់បោះកម្ពុជា បានតែងតាំងជនជាតិបរទេស៣នាក់ មានលោក Kevin Coughlim លោក Ed Scollan និងលោក Gao Feng ឲ្យធ្វើជាទីប្រឹក្សា ចំណែកលោក Austin Koledoye ត្រូវបានសហព័ន្ធ យកមកធ្វើជាអគ្គលេខាធិការ និងលោក ដួង ឌីម ជាអគ្គលេខារង។
ជាមួយការរៀបចំរចនាថ្មី លោក ស៊ាន បូរ៉ាត ជាប្រធានសហព័ន្ធ បានប្តេជ្ញាចិត្តថា៖ «យើងទាំងគ្នា ជាគណៈកម្មាធិការប្រតិបត្តិអាណត្តិទី៨ សូមប្តេជ្ញាចិត្តថា យើងនឹងបន្តសកម្មភាពអភិវឌ្ឍវិស័យបាល់ឲ្យបោះនៅកម្ពុជា ឲ្យកាន់តែមានការរីកចម្រើន ដើម្បីចូលរួមជាមួយរាជរដ្ឋាភបាល ក្នុងការឆ្ពោះទៅរកការទទួលបានជោគជ័យ សម្រាប់ការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះ»៕