កីឡាការិនីគុនចម្រុះកូនខ្មែរនៅអាមេរិក អែម សុវណ្ណារី បានធ្វើបច្ចុប្បន្នភាពអំពីការហ្វឹកហាត់នៅអាមេរិកស្របពេលដែល ប្រទេសនេះកំពុងហួងហែងដោយការបាតុកម្មតវ៉ាអំពីការរើសអើងជាតិសាសន៍ផង និង លុកលុយដោយ Covid-19 ខ្លាំងក្លាផង។ ជាមួយគ្នានោះ សុវណ្ណារី ក៏អន្ទះសាចង់វិលចូលសង្វៀន ONE Championship កាន់តែឆាប់តាមតែអាចធ្វើទៅបាននៅពេល វិបត្តិ Covid-19 ធូរស្បើយ។

សុវណ្ណារី បានឲ្យដឹងដូច្នេះ ៖ «តាំងពី COVID-19 ផ្ទុះឡើងខ្លាំង ការហ្វឹកហាត់របស់ខ្ញុំបានថយចុះដោយសារតែត្រូវធ្វើគម្លាតសុវត្ថិភាពសង្គម។ ខ្ញុំគ្រាន់តែហាត់រក្សាកម្លាំងតិចតួច, ចម្អិនអាហារ និង ធ្វើការងារផ្ទះប៉ុណ្ណោះ។ ប៉ុន្តែយ៉ាងណាក្ដី ការនៅដោយឡែកក៏មានផលល្អសម្រាប់ខ្ញុំដែរ។ វាជាពេលធ្វើឲ្យរាងកាយបានសម្រាក និងមានពេលច្រើននៅផ្ទះ។ ក្នុងនោះក៏មានពេលសិក្សាអំពីក្បាច់គុនតាមវិធីផ្សេងៗដូចជា មើលការប្រកួតជឺជីតស៊ូ និង ការហ្វឹកហាត់ជឺជីតស៊ូជាដើម»

កីឡាការិនីសម្បុរស្រអែមបានបន្តថា ទោះការហ្វឹកហាត់ផ្នែកកម្លាំងថយចុះ ប៉ុន្តែ រូបគេមានអារម្មណ៍ថា ការសិក្សា ឬ រំលឹកក្បាច់គុនកាន់តែប្រសើរឡើង ហើយវាជាផ្នែកសំខាន់មួយផងដែរ។
ជាធម្មតាកីឡាការិនីមកពីរដ្ឋកាលីហ្វ័រញ៉ារូបនេះហ្វឹកហាត់នៅក្លិប Modern Martial Arts and Fitness ស្ថិតនៅក្រុង Pasadena នៃ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។

កីឡាការិនីវ័យ ២៧ ឆ្នាំសង្កត់ធ្ងន់ថា៖ «លំហាត់ដែលខ្ញុំធ្វើនៅផ្ទះ ឬ ហាត់នៅផ្ទះ គឺ មានការណែនាំពីគ្រូបង្វឹក Justen Hamilton។ លោកបានប្រាប់ខ្ញុំអំពីការងារត្រូវធ្វើ,,គិតលើការប្រកួត, អ្វីដែលខ្ញុំត្រូវរៀនបន្ត, និងអ្វីៗដែលត្រូវឈ្វេងយល់បន្ថែម។ ទោះជា Covid-19 យ៉ាងក៏ដោយ ខ្ញុំក៏បានជួបគ្រូបង្វឹក ១ ដង ឬ ២ដងក្នុងមួយសប្ដាហ៍ អមដោយសំណួរដើម្បីយកមកហាត់នៅផ្ទះ។ ពេលជួបគ្នាលោកគ្រូតែងតែផ្ដល់ផែនការសម្រាប់ខ្ញុំ។ វាពិតជាសំខាន់ដើម្បីរក្សាលំនឹងនាពេលដ៏លំបាកនេះ ហើយត្រូវទាញយកផលចំណេញពីគ្រូបង្វឹកផងដែរ»

កូនខ្មែរនៅអាមេរិកដាក់ក្ដីរំពឹងបែបនេះ៖ «ខ្ញុំមានអារម្មណ៍ថាស្រស់ស្រាយ និង បន្តអភិវឌ្ឍន៍ខ្លួនក្នុងវិបត្តិពិភពលោក។ ខ្ញុំសង្ឃឹមថាចូលហាត់វិញបានទៀងទាត់ដើម្បីអាចឡាំគ្នា និង វាស់វែងថាតើខ្ញុំហាត់នៅផ្ទះល្អបានកម្រិតណា»

អ្នកលេងគុនចម្រុះដដែលនេះបង្ហាញអារម្មណ៍រំភើបដែលមានឱកាសបង្ហាញសមត្ថភាពតំណាងឲ្យប្រទេសកម្ពុជានាពេលកន្លងមក និង បន្តប្រកួតតំណាងឲ្យខ្មែរទៀតនៅសង្វៀនអន្តរជាតិ ONE Championship។ កូនខ្មែររូបនេះក៏បង្ហើបអំពីមោទនភាពលើការរៀនភាសាខ្មែរតាំងខែ មករា ដើមឆ្នាំនេះមក ហើយពេលមានឱកាសបង្ហាញនៅសង្វៀន ONE សាជាថ្មី នោះគេនឹងនិយាយអំពីកម្ពុជាជាភាសាខ្មែរ។

អែម សុវណ្ណារី បង្ហាញខ្លួននៅសង្វៀន ONE បាន២លើ ពោលលើកដំបូងឈ្នះកីឡាការិនីអ៊ុយក្រែន Iryna Kyselova ដោយឃ្លេឲ្យសន្លប់ត្រឹមទឹកទី១កាលខែ ធ្នូ ឆ្នាំ ២០១៨ មុនពេលចាញ់ កីឡាការិនីសញ្ជាតិប្រេស៊ីល Rayane Bastos ត្រឹមទឹកទី១ ដោយសារក្បាច់ឃ្លេកក្នុងកម្មវិធី ONE: MARK OF GREATNESS កាលថ្ងៃទី ៦ ខែ ធ្នូ នៅក្រុងកូឡាឡាំពួរនៃប្រទេសម៉ាឡេស៊ី។

ព័ត៌មានផ្សេងៗអំពី ONE Championship សូមចូលទៅកាន់ www.onefc.com/about-us, follow លើ Twitter និង Instagram @ONEChampionship និង ហ្វេសប៊ុកONEChampionship។

អត្ថបទ៖ ស៊ីធី