លោក ស៊ាន បូរ៉ាត ដែលទើបត្រូវបានបោះឆ្នោតគាំទ្រ ឲ្យបន្តធ្វើជាប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជា ក្នុងអាណត្តិទី៨ ឆ្នាំ២០២០ ដល់ឆ្នាំ២០២៣នោះ បានជំរុញឲ្យគណៈកម្មាធិការប្រតិបត្តិអាណត្តិថ្មីសរុប១៥នាក់ រួមទាំងទីប្រឹក្សាជាជនបរទេស៣នាក់ និងអគ្គលេខាធិការជាជនបរទេស និងអគ្គលេខាធិការរង ជាជនខ្មែរ ត្រូវរួមគ្នាបំពេញការងារឲ្យកាន់តែមានប្រសិទ្ធភាព ដើម្បីធ្វើឲ្យ បាល់បោះ មានការរីកចម្រើន នឹងអាចឈានទៅទទួលបានជោគជ័យ នៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ជាមួយគ្នានេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក ស៊ាន បូរ៉ាត បានមើលឃើញថា សហព័ន្ធបាល់បោះកម្ពុជា នឹងមិនអាចទទួលបានលទ្ធផលល្អនោះទេ បើសិនជា គណៈកម្មាធិការប្រតិបត្តិ និងអ្នកពាក់ព័ន្ធ មិនអាចសម្រួចក្រុមជម្រើសជាតិបុរស និងនារី ឲ្យមានគុណភាពខ្ពស់ទេនោះ។
នៅត្រង់ចំណុចនេះ លោក ស៊ាន បូរ៉ាត បានបញ្ជាក់ នៅក្នុងមហាសន្និបាត កាលពីថ្ងៃអង្គារថា៖«បើសិនជាយើងមិនអាចសម្រួចក្រុមជម្រើសជាតិ ឲ្យមានគុណភាពខ្ពស់ទេ គឺសហព័ន្ធនេះ មិនអាចទទួលបានលទ្ធផលល្អឡើយ ហេតុនេះគណៈកម្មាធិការរបស់យើង ចាំបាច់ត្រូវអនុវត្តសកម្មភាពការងារបន្ត ក្នុងអាណត្តិទី៨នេះ គឺទាមទារជាចាំបាច់ឲ្យមានការប្តេជ្ញាចិត្តទាំងអស់គ្នា ដោយត្រូវធ្វើបន្តឲ្យបានខ្លាំង ទើបយើងអាចឈានទៅរកការទទួលបានជោគជ័យ ក្នុងការប្រកួតស៊ីហ្គេម នៅឆ្នាំ២០២៣»។
គួរបញ្ជាក់ថា ការសម្រួចក្រុមជម្រើសជាតិបុរស និងនារី ឲ្យមានគុណភាពខ្ពស់ វាជាយុទ្ធសាស្រ្ត១ នៅក្នុងចំណោមយុទ្ធសាស្ត្រទាំង៥ ដែលសហព័ន្ធកីឡបាល់បោះកម្ពុជា បានដាក់ចេញ ដើម្បីអភិវឌ្ឍបាល់បោះកម្ពុជាឲ្យមានតែមានការរីកចម្រើន នៅក្នុងអាណត្តិទី៨ថ្មីនេះ។
ចំណែកយុទ្ធសាស្រ្ត៤ចំណុចទៀត គឺទី១ ពង្រឹងក្លិបកីឡា ទាំងគុណភាព និងបរិមាណ ទី២ ពង្រីកសកម្មភាពការប្រកួតលីក ឲ្យកាន់តែប្រសើរឡើង និងមានគុណភា ទី៣ ពង្រឹងមន្រ្តីជំនាញ ទាំងបរិមាណ និងគុណភាព និងទី៤ ពង្រឹងប្រព័ន្ធការប្រកួត ៥ទល់៥ ព្រមទាំង ៣ទល់៣ (បុរស-នារី) ឲ្យបានខ្លាំង ហើយនៅក្នុងនេះ លោក ស៊ាន បូរ៉ាត ថា យុទ្ធសាស្រ្តទី២ និងទី៣ ក៏សំខាន់ដូចគ្នា។
លោកបានថ្លែងថា៖«ការពង្រីកសកម្មភាពការប្រកួតលីក ឲ្យកាន់តែប្រសើរឡើង និងមានគុណភាព វាកាន់តែសំខាន់ អ៊ីចឹងយើងត្រូវរួមគ្នារកចំណូល ដើម្បីបង្កើនកម្រិតនៃការរៀបចំលីកនេះឲ្យបានច្រើន។ ជាមួយគ្នានេះ មន្រ្តីជំនាញ យើងត្រូវពង្រឹង និងពង្រីកឲ្យបានខ្លាំង តែត្រូវបង្ហាញគុណភាពឲ្យបានខ្លាំងដែរ ព្រោះបើយើងគ្រាន់តែពង្រីក ហើយយើងអត់ពង្រឹងគុណភាព គឺវាអត់ទៅមុខរួចទេ ព្រោះសមត្ថភាពមន្រ្តីបច្ចេកទេស ក្នុងការគ្រប់គ្រង គឺចាំបាច់ណាស់»៕