(ប៉ាគីស្ថាន)៖ កីឡាករគ្រីកឃីត (Cricket) ចំនួន៧នាក់ថែមទៀតរបស់ប្រទេសប៉ាគីស្ថាន ដែលគ្រោងនឹងចេញទៅប្រកួត នៅចក្រភពអង់គ្លេស នាខែសីហាខាងមុខ ត្រូវបានធ្វើតេស្តរកឃើញវីរ៉ុស COVID-19 ធ្វើឲ្យចំនួនកីឡាករដែលបានឆ្លងកើនឡើងដល់១០នាក់ ចាប់តាំងពីលទ្ធផលធ្វេីតេស្តលើកដំបូង។

សេចក្តីប្រកាសនេះត្រូវបានធ្វេីឡេីងដោយគណៈកម្មការកីឡា Cricket របស់ប៉ាគីស្ថានដែលពួកគេបានកំពុងត្រៀមចេញទៅប្រកួនៅអង់គ្លេសផងដែរ នេះបេីយោងតាមការដកស្រងលចេញផ្សាយដោយព័ត៌មាន CNA នាយប់ថ្ងៃទី២៣ ខែមិថុនានេះ។

ប្រតិភូកីឡាករ Cricket របស់ប៉ាគីស្ថាន គ្រោងនឹងចាកចេញពីប្រទេស ឆ្ពោះទៅកាន់ ចក្រភពអង់គ្លេសនាថ្ងៃអាទិត្យ ទី២៨ ខែមិថុនាខាងមុខនេះ ដេីម្បីប្រកួតទល់នឹងម្ចាស់ផ្ទះនៅអឺរ៉ុបមួយនេះ ដែលនឹងចាប់ផ្តើម នាខែសីហាខាងមុខ។

បើទោះបីជាករណីឆ្លងថ្មីត្រូវបានរកឃើញក្តី ក៏នាយកប្រតិបត្តិគណៈកម្មការកីឡា Cricket ប៉ាគីស្ថាន លោក Wasim Khan បានអះអាងថា ព្រឹត្តិការណ៍ប្រកួតនៅតែធ្វើឡើងដដែល។

ការរកឃើញករណីឆ្លងថ្មីនៃវីរ៉ុស COVID-19 លើកីឡាករ Cricket ចំនួន៧នាក់ថែមទៀតនេះ បានកើតឡើង បន្ទាប់ពីកីឡាករចំនួន៣នាក់ ត្រូវបានរកឃើញវិជ្ជមានកាលពីថ្ងៃចន្ទ។

ប៉ាគីស្ថាន គិតមកទល់ពេលនេះ មានករណីឆ្លងវីរ៉ុស COVID-19 ជាង១៨០,០០០ករណី ក្នុងនោះ៣,៥៩០ករណីបានស្លាប់៕

Freshnews