ព្រឹត្តិការណ៍ប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១០ សម្រាប់អត្តពលិកជនពិការ ដែលត្រូវបានលើកពេលជាបន្តបន្ទាប់ ដោយសារវិបត្តិជំងឺកូវីដ១៩នោះ គឺត្រូវបានសហព័ន្ធកីឡាជនពិការអាស៊ាន (APSF) សម្រេចលុបចោល ជាផ្លូវការ ដោយមិនយកទៅធ្វើនៅក្នុងការប្រកួតក្រោយៗទៀតនោះទេ។
ការសម្រេចលុបចោលការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១០ ឆ្នាំ២០២០ នៅប្រទេសហ្វីលីពីននេះ ត្រូវបានធ្វើឡើង បន្ទាប់ពីមានការប្រជុំតាមរយៈវីដេអូជាបន្ទាប់មួយ កាលពីថ្ងៃសុក្រ ក្រោមអធិបតីភាពរបស់លោក Michael Barredo ប្រធានគណៈកម្មាធិការប៉ារ៉ាឡាំពិកហ្វីលីពីន (NPC) ជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការប៉ារ៉ាឡាំពិក តំណាងឲ្យប្រទេសទាំង១០ នៅក្នុងតំបន់អាស៊ាន ហើយសេចក្តីប្រកាសសម្រេចលុបចោលនេះ បានធ្វើឡើង កាលពីថ្ងៃអាទិត្យ។
ទាក់ទងនឹងបញ្ហានេះ លោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ដែលបានចូលរួមប្រជុំតាមរយៈវីដេអូបន្ទាន់មួយ កាលពីថ្ងៃសុក្រ នោះ បានថ្លែងថា សមាជិកអាស៊ានទាំងអស់ មកពី១០ប្រទេស នៃសមាគមអាស៊ាន បានពិភាក្សាគ្នា ដោយយោងទៅលើលិខិតរបស់គណៈកម្មាធិការរៀបចំការប្រកួតអាស៊ានប៉ារ៉ាហ្គេម នៃម្ចាស់ផ្ទះហ្វីលីពីន ដោយបានបញ្ជាក់ច្បាស់ថា ប្រទេសហ្វីលីពីន មិនបន្តធ្វើជាធ្វើម្ចាស់ផ្ទះ អាស៊ានប៉ារ៉ាហ្គេម លើកទី១០នេះទេ ដោយសារវិបត្តិជំងឺកូវីដ១៩ នៅតែមានគ្រោះថ្នាក់ខ្លាំង និងមានការឆ្លង ស្របពេលហ្វីលីពីន ក៏សន្សំថវិកា ដើម្បីយកទៅដោះស្រាយបញ្ហាជំងឺផ្លូវដង្ហើមនេះផងដែរ។
លោក យី វាសនា បានបញ្ជាក់ថា៖ «នៅក្នុងកិច្ចពិភាក្សានោះ សមាជិកទាំងអស់ មកពីសមាគមអាស៊ាន មានការព្រួយបារម្ភដូចគ្នា ហើយជាលទ្ធផលចុងក្រោយ គឺយើងបានឯកភាពគ្នា ត្រូវផ្អាកទាំងស្រុង ដោយលុបចោលនូវព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១០ នៅប្រទេសហ្វីលីពីន ឆ្នាំ២០២០ ដោយយើងមិនយកទៅធ្វើនៅពេលក្រោយណាទៀតនោះទេ ហើយក្រុមប្រឹក្សាភិបាល បានសម្រេចថា នឹងពិភាក្សា ដើម្បីរៀបចំអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២១ នៅពេលវៀតណាម ដែលជាម្ចាស់ផ្ទះ»៕