ស្ថាបនិក ផ្តួចផ្តើមបង្កើតឲ្យមានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា លោក ជា ប៊ុនហេង បានជំរុញឲ្យក្រុមអត្តពលិកទាំងអស់ ត្រូវបង្កើនការហ្វឹកហាត់ឲ្យបានខ្លាំង និងដណ្តើមឲ្យបានមេដាយ ក្នុងការប្រកួតស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅវៀតណាម គឺកុំចាំដល់ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ព្រោះវានៅឆ្ងាយណាស់។

បើទោះបីជា ម្ចាស់ផ្ទះវៀតណាម មិនទាន់សម្រេចដាក់កីឡាករសូហ្វតិន្នីស ឲ្យមាននៅក្នុងការប្រកួតស៊ីហ្គេម ឆ្នាំ២០២១ ប៉ុន្តែលោក ជា ប៊ុនហេង បានអះអាងប្រាប់ទៅគ្រូបង្វឹក និងអត្តពលិកទាំងអស់ នៅក្នុងពិធីបិទការប្រកួតកីឡាសូហ្វតិន្នីសជ្រើសរើសជើងឯកថ្នាក់ជាតិ លើកទី៤ និងពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៧ ឆ្នាំ២០២០ កាលពីថ្ងៃទី១៩ ខែមិថុនាថា លោកនឹងព្យាយាម Lobby (បញ្ចុះបញ្ចូល) វៀតណាម ឲ្យបញ្ចូលកីឡាសូហ្វតិន្នីស ទៅក្នុងការប្រកួតនោះ។

អនុប្រធានទី១ សហព័ន្ធកីឡាហសូហ្វតិន្នីសកម្ពុជា លោក ជា ប៊ុនហេង បានថ្លែងថា៖ «បើទោះបីជា នៅក្នុងអំឡុងវិបត្តិកូវីដ១៩នេះ យើងហ្វឹកហាត់ នៅតាមផ្ទះ តែកម្រិតបច្ចេកទេសរបស់យើងនៅដូចដើម ប៉ុន្តែខ្ញុំសូមសំណូមពរឲ្យអ្នកទាំងអស់គ្នា ត្រូវតែប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀត ហើយបើសិនជាមានវាសនា យើងអាចនឹងបានប្រកួតនៅស៊ីហ្គេម ឆ្នាំ២០២១ ព្រោះយើងនឹង Lobby ខាងម្ចាស់ផ្ទះវៀតណាម ឲ្យដាក់កីឡាសូហ្វតិន្នីស គឺយើងកុំរង់ចាំដល់ឆ្នាំ២០២៣ វានៅឆ្ងាយណាស់»

លោក ជា ប៊ុនហេង ដែលជាប្រធានអង្គភាពកីឡានគរបាលជាតិកម្ពុជា ផងនោះ បានបង្ហាញការជឿជាក់ថា ក្រុមសូហ្វតិន្នីសកម្ពុជា នឹងដណ្តើមបានមេដាយ នៅស៊ីហ្គេម ឆ្នាំ២០២១ បើប្រទេសវៀតណាម យល់ព្រមដល់ឲ្យប្រភេទកីឡានេះ ហើយក្រុមសូហ្វតិន្នីសកម្ពុជា ក៏នឹងអាចឈានទៅដណ្តើមយកមេដាយមាស ក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ពេលកម្ពុជា ធ្វើជាម្ចាស់ផ្ទះផងដែរ។

លោក ជា ប៊ុនហេង បានបញ្ជាក់ថា៖ «បើការប្រកួតស៊ីហ្គេម ឆ្នាំ២០២១ នៅប្រទេសវៀតណាម មានកីឡាសូហ្វតិន្នីស យើងអាចដណ្តើមយកមេដាយបាន ហើយដល់ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ យើងធ្វើយ៉ាងណា ដណ្តើមមេដាយមាសឲ្យបាន អានឹងបានវាពូកែ»

អត្ថបទ៖ Cambosport.net