Liam Harrison ឬ មានឈ្មោះក្រៅ “Hitman” បានដាក់គោលដៅមួយពេលសង្វៀនត្រលប់មកវិញ។ ពេលកម្មវិធី ONE Super Series ត្រលប់មកវិញ នោះអ្នកគាំទ្រច្បាស់រំភើបព្រោះថា “Hitman” កំពុងដៅកីឡាករពីររូបមុនឈានទៅដណ្ដើមខ្សែក្រវាត់ ONE Bantamweight Muay Thai World Title។

ជើងខ្លាំងមកពីចក្រភពអង់គ្លេសកំពុងរៀបចំខ្លួនដើម្បីប្រជែងយកតំណែងកីឡាករកម្រិតខ្ពស់ក្នុងពិភពមួយថៃ ឬ គេហៅថា “the art of eight limbs” និងផ្ដោតអារម្មណ៍ខ្លាំងពេលកម្មវិធី ONE Championship នៅឆ្នាំ ២០២០ នេះត្រលប់មកវិញក្រោយ COVID-19 ថមថយ។

កីឡាករមកពីក្លិប Bad Company បានប្រាប់អំពីគោលបំណងបែបនេះ៖ «ជាក់ស្ដែងខ្ញុំកំពុងធ្វើឲ្យខ្លួនឯងនៅរឹងមាំល្អ ប៉ុន្តែខ្ញុំត្រូវការប្រកួត,ពេលវេលាប្រកួត និង ផែនការដាក់ចេញ។ ខ្ញុំទន្ទឹងរង់ចាំការត្រលប់មកវិញដើម្បីឲ្យខ្ញុំអាចបញ្ចេញស្នាដៃ និងធ្វើឲ្យអ្នកគាំទ្រសប្បាយចិត្តនៅសង្វៀនដ៏ធំនេះ»

គិតដល់ពេលនេះ Harrison ប្រកួតបាន៣លើករួចមកហើយនៅសង្វៀនអន្តរជាតិមួយនេះរួមទាំងការប្រកួតល្អបំផុតទល់នឹងជើងខ្លាំងថៃ Rodlek PK.Saenchaimuaythaigym នៅកម្មវិធី ONE: LEGENDARY QUEST និង ផ្ដួល Mohammed “Jordan Boy” Bin Mahmoud នាពេលថ្មីៗនេះនៅកម្មវិធី ONE: A NEW TOMORROW។ Harrison បន្តអភិវឌ្ឍខ្លួនដើម្បីឲ្យក្លាយជាកីឡាករចំណាត់ថ្នាក់កំពូលរបស់ ONE និង ដាក់ទិសដៅមួយចំនួន។

«បើសិនជួប Rodlek ជាថ្មីម្ដងទៀតរឹតតែល្អ ប៉ុន្តែខ្ញុំចង់ក្លាយជាកីឡាករស្ថិតចំណាត់ថ្នាក់ក្នុងចំណោម៥នាក់នៃចំណាត់ថ្នាក់ទូទៅរបស់ ONE លើក្បាច់មួយថៃ។ ខ្ញុំឃើញ Muangthai [PK.Saenchaimuaythaigym] មានចំណាត់ថ្នាក់លេខ៥ ហើយ Bobo Sacko នៅចំណាត់ថ្នាក់លេខ២។ ដូច្នេះបើជួបគេទាំងពីរក៏ល្អដែរ»។ កីឡាករមកពីក្រុង Leeds បង្ហាញតម្រុយបែបនេះ។

“Hitman” មានប្រវត្តិជួប Sacko រួចមកហើយ ហើយវាជារឿងល្អបើសិនជួបគេសាជាថ្មីនៅសង្វៀនថ្មី។ Harrison និយាយថា ៖ «Sacko បានឈ្នះខ្ញុំកាលប្រកួតនៅបារាំងរយៈពេលពីរបីឆ្នាំកន្លងទៅ។ ដូច្នេះការប្រកួតសងសឹកពិតជាធ្វើឲ្យអ្នកគាំទ្ររំជួលចិត្តមិនខាន។ យើងប្រកួតដោយប្រើហ្កង់ពាក់ដៃធំ ហើយខ្ញុំបាក់ជើងនៅទឹកទី៣នាពេលនោះ ។ វាជារឿងអាក្រក់សម្រាប់ខ្ញុំ។ ដូច្នេះខ្ញុំចង់ជួបគេជាថ្មី»

ក្រៅពីគិតលើជំនួប Sacko អ្នកលេងមួយថៃមកពីអង់គ្លេសក៏បានគិតអំពីកីឡាករ Muangthai ដែលជាម្ចាស់ជើងឯកសង្វៀន Lumpinee និង Channel 7 Stadium Muay Thai World Champion នឹងក្លាយជាការប្រកួតជក់ចិត្តមួយដែរ។

កីឡាករថៃរហស្សនាម “Elbow Zombie” ពិតជាអង់អាចណាស់ និងមានជំនាញប្រើក្បាច់ក្នុងចម្ងាយជិតទៀតផង។ ប៉ុន្តែ “Hitman” ដឹងអំពីវិធីទប់ទល់កីឡាករថៃរូបនេះរួចទៅហើយ។
Harrison រៀបរាប ៖«ខ្ញុំចង់តតាំងជាមួយគេ ហើយវាច្បាស់ជាល្អមើលណាស់សម្រាប់អ្នកគាំទ្រ។ គ្រប់គ្នានឹងផ្ដោតអារម្មណ៍ខ្លាំងទោះជាចាញ់ ឬ ឈ្នះ។ ខ្ញុំមិនច្បាស់យ៉ាងណាទេ ប៉ុន្តែ ៩៩% ការប្រកួតអាចកើតឡើង»

បើអាចយកឈ្នះកីឡាករខ្លាំងៗទាំងពីរខាងលើ Harrison ដាក់គោលដៅទៅប្រកួតជាមួយម្ចាស់ខ្សែក្រវាត់ទម្ងន់ bantamweight កីឡាករ Nong-O Gaiyanghadao។ Nong-O គ្រងខ្សែក្រវាត់នេះតាំងពីបង្ហាញខ្លួនដំបូងនៅឆ្នាំ ២០១៨ ដែលមិនចាញ់សោះពោលឈ្នះ៦ដង(មិនដែលចាញ់) នៅសង្វៀន ONE។ ខ្សែក្រវាត់នេះជាការប៉ុនប៉ងរបស់ “Hitman” ដើម្បីបង្កើតកំណត់ត្រារបស់ខ្លួនក្នុងអាជីព។

«បើខ្ញុំឈ្នះការប្រកួតលើក្រោយដោយផ្ដួលដៃគូឲ្យសន្លប់ នោះគ្មានហេតុផលណាដែលមិនអាចជួប Nong-O ឡើយ។ ខ្ញុំផ្ដួលដៃគូឲ្យសន្លប់ក្នុងការប្រកួតចុងក្រោយរបស់ខ្ញុំ ដូច្នេះការផ្ដួលដៃគូឲ្យសន្លប់ថែមទៀត ខ្ញុំនឹងឈានទៅកម្រិតខ្ពស់មួយទៀតដើម្បីប៉ះ Nong-O»។ ម្ចាស់ខ្សែក្រវាត់ Muay Thai World Champion ចំនួន៨សម័យតាំងចិត្តដូច្នេះ។ Harrison សង្កត់ធ្ងន់ថា៖ «ខ្ញុំមិនខ្វល់អំពីខ្សែក្រវាត់ដទៃជាជាងខ្សែក្រវាត់នៅ ONE Championship នោះឡើយ។ នេះជារឿងតែមួយគត់ដែលខ្ញុំគិត និង យកចិត្តទុកដាក់មុនពេលខ្ញុំចូលនិវត្តន៍»

ព័ត៌មានផ្សេងៗអំពី ONE Championship សូមចូលទៅកាន់ www.onefc.com/about-us, follow លើ Twitter និង Instagram @ONEChampionship និង ហ្វេសប៊ុកONEChampionship។

អត្ថបទ៖ ស៊ីធី