ជំនួបសងសឹករវាងកីឡាករលំដាប់Aប្រចាំនៅស្រុកខ្មែរ រវាង ធឿន ធារ៉ា និង រឿង សោភ័ណ្ឌ បានបញ្ចប់ទៅដោយការរិះគន់ពីសំណាក់អ្នកទស្សនាយ៉ាងចាស់ដៃ ខណៈអ្នកទាំង២ បានវាយគ្នាបែបប្រលែង ឲ្យតែគ្រប់៥ទឹក ដើម្បីយកតែតម្លៃខ្លួននោះ ខណៈក្នុង១ប្រកួតៗ អ្នកទាំង២នេះ ទទួលបានតម្លៃខ្លួន មិនក្រោម៥០០ដុល្លារនោះឡើយ។

នៅមុនការប្រកួត នៅលើសង្វៀន CNC កាលពីរសៀលថ្ងៃអាទិត្យ ម្សិលមិញនោះ គឺការផ្គូផ្គងឲ្យជួបគ្នាជាលើកទី៣របស់ រឿង សោភ័ណ្ឌ និង ធឿន ធារ៉ា ទទួលបានការចាប់អារម្មណ៍ខ្លាំង ព្រោះជាជំនួបសងសឹង ដ្បិតអី២លើកកន្លងមក សោភ័ណ្ឌ បានចាញ់១ និងស្មើ១ ហើយការស្មើគ្នារបស់អ្នកទាំង២ កាលពីពេលថ្មីៗនេះ ក៏ជាការប្រកួត ដែលមានភាពស្វិតស្វាញផងដែរ។

ប៉ុន្តែនៅក្រោយការប្រកួតបានបញ្ចប់ គឺអ្នកទស្សនាភាគច្រើន បានសរសេររិះគន់ នៅលើផេចហ្វេសប៊ុករបស់ CNC ដើម្បីតបទៅនឹងការប្រកួតនេះ យ៉ាងចាស់ដៃ ដោយនៅក្នុងនោះ អ្នកខ្លះបានលើកឡើងថា វ៉ៃគ្នាលំៗយកតែលុយ ខណៈអ្នកខ្លះទៀតថា ជាការប្រកួតបែបសម្តែង ហើយបានចោទជាសំនួរថា តើជាគូលំដាប់A ឬលំដាប់សូន្យ?

នៅក្នុងអំឡុងពេលផ្សាយផ្ទាល់នោះដែរ អ្នកគាំទ្រខ្លះ បាន Comment ឲ្យអាជ្ញាកណ្តាលធ្វើការព្រមានដល់ រឿង សោភ័ណ្ឌ និង ធឿន ធារ៉ា ដែលមិនព្រមវ៉ៃគ្នាឲ្យអស់ពីសមត្ថភាពនេះផងដែរ ហើយក៏មានអ្នកខ្លះ បានជំរុញឲ្យមានការបណ្តេញអ្នកទាំង២ចុះពីលើសង្វៀនផងដែរ ព្រោះពួកគេបានគិតថា ជាគំរូមិនល្អ និងធ្វើឲ្យប៉ះពាល់ដល់ប្រដាល់គុនខ្មែរ ផងដែរ។

«បើវ៉ៃចឹង ក្រោយមិនបាច់ឡើងវ៉ៃទៀតទេ» នេះជាការលើកឡើងពីអ្នកគាំទ្រ ដែលប្រើហ្វេសប៊ុកឈ្មោះ Chhum Sey ចំណែកហ្វេសប៊ុកឈ្មោះ Sophorn Khan បានសរសេររិះគន់ដល់ រឿង សោភ័ណ្ឌ និង ធឿន ធារ៉ា ដែរថា៖ «ចប់ហើយ លំដាប់កំពូលផង វ៉ៃចឹង បើបរទេសបានឃើញ ខ្មាសគេយ៉ាងណាទេ!»

ក្រោយពីការរិះគន់ខ្លាំងទៅលើកីឡាករ រឿង សោភ័ណ្ឌ និង ធឿន ធារ៉ា ដែលវ៉ែគ្នាបែបសម្តែងនេះ អ្នកគាំទ្រដែលប្រើហ្វេសប៊ុកឈ្មោះ ម៉ារ៉ាកូនមាសឪពុក ក៏បានរិះគន់ដល់សង្វៀន CNC ផងដែរ ដោយបានសរសេរថា៖ «CNC ឥឡូវស្ទើគ្រប់កម្មវិធីទៅហើយ ដែលកីឡាករភាគច្រើន ឡើងទៅសម្តែងយកលុយ»

តាមរយៈការជាក់ស្តែង កាលពីថ្ងៃអាទិត្យនោះ ធឿន ធារ៉ា ដែលធ្លាប់តែជាអ្នកវាយលុកទៅលើ រឿង សោភ័ណ្ឌ នោះ មិនសូវហ៊ានចូលប្តូរដូចមុនៗឡើង ហើយសកម្មភាពនេះ បានធ្វើឲ្យអ្នកទាំង២ បានត្រឹមទាត់ ម៉ាត់ និងចូលចាប់បង្វិលឡើងជង្គង់គ្នា ដែលមិនមានការទាក់ទាញ ឬស្វិតស្វាញនោះទេ។

នៅក្រោយការប្រកួត៥ទឹក ដែលអ្នកទស្សនាមួយចំនួនធំបានរិះគន់ថា វ៉ៃឡើងចង់អ្នកទស្សនាចង់ងងួយដេកអស់នោះ គឺចៅក្រម បានផ្តល់ពិន្ទុឲ្យអ្នកទាំង២ស្មើពិន្ទុគ្នា ដូចៗគ្នាទាំងអស់៕