​ក្រុមបាល់​ទាត់​ខេត្ត​សៀម​រាប និង​ខេត្ត​ព្រៃវែង នឹង​ត្រូវ​បើក​កីឡដ្ឋាន​របស់​ខ្លួន ​ស្វាគមន៍​ក្រុមខេត្តកណ្តាល និង​ខេត្ត​កោះកុង ដើម្បីប្រជែង​គ្នា​រក​ការ​ឈ្នះ សម្រាប់ការ​ប្រកួត​ជើងទី​១​វគ្គ​៨​ក្រុម​​ចុង​ក្រោយ ​ពាន​រង្វាន់​សម្តេច ហ៊ុន សែន លើកទី​១៤ (ថ្នាក់​ខេត្ត) ឆ្នាំ​២០២០ នៅរសៀល​ម៉ោង​៣ ថ្ងៃ​អង្គារ​នេះ។

ការ​វិល​មក​ជួប​គ្នា រវាង​ក្រុម​ខេត្ត​លេខ​១​ប្រចាំ​ពូលB ខេត្ត​សៀម​រាប និង​ក្រុម​ខេត្តកណ្តាល នៅកីឡដ្ឋាន​ខេត្តសៀម​រាប នា​រសៀល​ម៉ោង​៣ ថ្ងៃអង្គារ​នេះ វា​នឹងក្លាយ​ជា​ការ​ប្រកួត ដែល​មាន​ភាព​ស្វិតស្វាញ​ខ្លាំង ព្រោះ​ក្រុមទាំង​២​នេះ សុទ្ធតែ​បាន​អះអាង ពីការ​ត្រៀម​ខ្លួន​បាន​ល្អ​ដូច​គ្នា។

យ៉ាង​ណា​ក៏ដោយ ខេត្តសៀម​រាប ដែល​ធ្វើ​បាន​ល្អ​នៅ​វគ្គ​ជម្រុះ​តាម​ពូល ដោយ​ឈ្នះ​៣ និងចាញ់​១​ប្រកួតនោះ​ អាច​នឹង​មាន​ប្រៀបលើ​ក្រុម​ខេត្តកណ្តាល​បន្តិច ក្នុងនា​មជា​ម្ចាស់ផ្ទះ ប៉ុន្តែ​ខេត្ត​កណ្តាល ដែល​ទទួល​បាន​លេខ​​២​ល្អ​ប្រចាំពូល​D ក៏​ធ្វើ​បាន​ល្អ​ផងដែរ ដោយ​ឈ្នះ​១ និងស្មើ​៣ គឺ​មិនទាន់ស្គាល់ការ​ចាញ់នោះ​ទេ។

ដោយ​ឡែក ​ក្រុម​លេខ​១​ប្រចាំC ខេត្តព្រៃ​វែង ក៏​អាច​មាន​ប្រៀប​ក្នុងនាម​ជា​ម្ចាស់​ផ្ទះ​ផងដែរ ហើយ​បន្ថែម​លើ​នេះ តាម​រយៈការ​ប្រកួត​ជម្រុះតាម​ពូល​កន្លង​មក​នេះ ខេត្ត​ព្រៃវែង ក៏​ធ្វើ​បាន​ល្អ​ផងដែរ ដោយ​ពួក​គេ​បាន​ឈ្នះ​២ និងស្មើ​២​ប្រកួត ខណៈ​ក្រុម​ខេត្តកោះ​កុង ដែល​បាន​ឡើងមក​ដល់​វគ្គ​នេះ ក្នុង​នាម​ជា​ក្រុម​លេខ​២​ប្រចាំ​ពូល​Eនោះ បាន​ឈ្នះ​២ ស្មើ​១ និង​ចាញ់​១​ដង។

យ៉ាង​ណា​ក៏ដោយ លទ្ធផល​ពិតប្រាកដ​ទៅ​ជា​យ៉ាងណា​នោះ គ្មានអ្នក​ណា​អាច​ប៉ាន​ស្មាន​ត្រូវ​នោះ​ឡើយ ព្រោះ​នៅ​មុន​ការ​ឡើង​មក​ជួប​គ្នា នៅ​ក្នុង​វគ្គ​៨​ក្រុមចុង​ក្រោយ​នេះ ទាំង​ក្រុម​ខេត្ត​ព្រៃ​វែង និង​ខេត្តកោះកុង សុទ្ធតែ​បាន​ត្រៀម​ខ្លួន​រួច​រាល់ ហើយក៏​បានសិក្សា​ពី​ចំណុច​ខ្សោយ និងចំណុច​ខ្លាំង​គ្នាទៅ​វិញ​ទៅ​មក​ហើយដែរ ហេតុនេះឱកាស​រក​បាន​គ្រាប់បាល់ អាច​នឹងកើតមាន​ដូច​គ្នា៕