រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ស សុខា បាន​ប្រតិកម្ម​ភ្លាមៗ​ទៅនឹង​ការ​លើក​ឡើង​របស់​អ្នក​និយម​កលេង​ហ្វេសប៊ុក​មួយចំនួន ដែល​បាន​វាយ​ប្រហារ​រូប​លោក​ខុសពី​ការ​ពិត ពាក់​ព័ន្ធ​ទៅនឹងក្លិប​បាល់ទាត់វិសាខា ដោយ​លោក​បាន​បញ្ជាក់ថា លោក​ពុំ​ដែល​យក​តួនាទី ​បុណ្យ​ស័ក្តិ​របស់​ខ្លួន ទៅ​កាង​នឹង​រឿង​អ្វី​មួយ​ឡើយ ជា​ពិសេស​ពាក់​ព័ន្ធ​នឹង​ក្លិប​វិសាខា បើ​ទោះបីជា​រូប​លោក​​ជា​ស្ថាបនិក​ក្លិប​នេះ។

បើ​ទោះ​បីជា លោក ស សុខា មិន​បាន​បង្ហាញ​មុខ​ អ្នក​ដែល​បាន​រិះ​គន់​លោកឲ្យចំៗឈ្មោះ ប៉ុន្តែ​លោក​បាន​សរសេរ​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន កាល​ពី​ថ្ងៃ​ចន្ទ​ថា៖​«ថ្មីៗ​នេះ​ ដោយ​ពិនិត្យ​ឃើញ​ថា មាន​បង​ប្អូន​មួយ​ចំនួន​តូច ដែល​ចូល​ចិត្ត​បញ្ចេញ​អារម្មណ៍​របស់​ខ្លួន តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម (Facebook) ជុំវិញ​ក្លិប​វិសាខា ដោយ​ធ្វើ​ការ​ទាញ​ភ្ជាប់​រូប​ខ្ញុំ ទៅ​នឹង​ការ​បញ្ចេញ​អារម្មណ៍​នោះ បែប​វាយ​ប្រហារ​ខុស​ពី​ការ​ពិត​មក​លើ​រូប​ខ្ញុំ ទាំង​ខ្ញុំ​មិន​បាន​ដឹង ឬ​ពាក់​ព័ន្ធ​ទាល់​តែ​សោះ បណ្តាល​ឱ្យ​ប៉ះ​ពាល់​ដល់​កិត្តិយស និង​សេចក្តី​ថ្លៃ​ថ្នូរ​របស់​ខ្ញុំ​ជា​ខ្លាំង»។

កូន​ប្រុស​​របស់លោក​ឧបនាយករដ្ឋមន្រ្តី ស ខេង រូបនេះ បាន​បន្ត​ថា៖​«ខ្ញុំ​សូម​ជម្រាប​ជូន​ពុក​ម៉ែ បង​ប្អូន​សាធារណ​ជន​ទាំង​អស់ មេត្តា​ជ្រាប​ថា រូប​ខ្ញុំ​ពុំ​ដែល​យក​តួនាទី​បុណ្យ​ស័ក្តិ​របស់​ខ្លួន ទៅ​កាង​នឹង​រឿង​អ្វី​មួយ​ឡើយ ជា​ពិសេស​ពាក់​ព័ន្ធ​នឹង​ក្លិប​វិសាខា បើ​ទោះបីជា​រូប​ខ្ញុំ​ជា​ស្ថាបនិក​ក្លិប​នេះ ហើយ​បច្ចុប្បន្ន ភរិយា​របស់​ខ្ញុំ ជា​ប្រធាន​ក្លិប​ក៏​ដោយ​ចុះ។ បង្កើត​ក្លិប​នេះ​ ពុំ​បាន​គិត​ពី​ផល​ប្រយោជន៍​នោះ​ទេ​ ដោយសារ​ស្រឡាញ់​ និង​ចង់​ចូល​រួម​អភិវឌ្ឍ​វិស័យ​កីឡា​តែ​ប៉ុណ្ណោះ»។

គេ​នៅ​មិនទាន់​ដឹង​ថា តើការ​ប្រតិកម្មរបស់​លោក ស សុខា សំដៅ​ទៅលើ​មនុស្ស​ប៉ុន្មាន​នាក់ ហើយ​ពាក់ព័ន្ធ​ទៅ​នឹងរឿង​​អ្វី​ឲ្យ​ប្រាកដ​នៅ​ឡើយ​ទេ ប៉ុន្តែ​នៅ​ក្នុងការសរសេរ​បង្ហោះតប​វិញ​​នោះ លោក ស សុខា ក៏​បាន​ភ្ជាប់ជាមួយ​លិខិតសូមទោស​របស់​លោក សូត្រ សុគន្ធផា ដែល​បានសូម​ទោស​ចំពោះ​ការ​ប្រើ​ពាក្យ​សម្តីខុសឆ្គង និងមិនសមរម្យ ចំពោះ​រូប​លោក ផងដែរ ហើយ​បើតាម​ប្រភព​ក្រៅ​ផ្លូវការ ​បាន​ឲ្យ​ដឹង​ថា ​ការ​វាយ​ប្រហារ​​របស់អ្នក​លេង​ហ្វេសប៊ុកមួយចំនួនទៅលើ​លោក ស សុខា បាន​កើតមាន​ឡើយ នៅ​ពេល​ក្រុម​វិសាខា ​​ប្រកួត​ស្មើ​គ្នា ២-២ ជាមួយក្រុម​ភ្នំពេញ​ក្រោន កាលពី​ថ្ងៃអាទិត្យ កន្លង​មកនេះ។​

យ៉ាង​ណា​ក៏ដោយ លោក ស សុខា បាន​បញ្ជាក់នៅ​ក្នុងសារ​នោះ​​ថា៖​«ជា​ថ្មី​ម្តង​ទៀត ខ្ញុំ​សូម​អំពាវ​នាវ​ដល់​បង​ប្អូន​ទាំង​អស់ សូម​មេត្តា​កុំ​ប្រញាប់​ប្រញាល់​ ក្នុង​ការ​បញ្ចេញ​អារម្មណ៍​របស់​ខ្លួន ​ដោយ​ទាញ​ភ្ជាប់​រូប​ខ្ញុំ​ទៅ​នឹង​រឿង​នេះ​រឿង​នោះ ទាំង​រូប​ខ្ញុំ​មិន បាន​ដឹង ឬ​មិន​ពាក់​ព័ន្ធ​សោះ​នោះ ព្រោះ​វា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​កិត្តិយស និង​សេចក្តី​ថ្លៃ​ថ្នូរ​របស់​ខ្ញុំ ជា​ពិសេស​ដែល​អាច​ធ្វើ​ឱ្យ​ខ្លួន​ឯង​ប្រឈម​ទៅ​នឹង​បញ្ហា​ផ្លូវ​ច្បាប់ ជាប់​ទោសទណ្ឌ​ផ្សេងៗ​ទៀត​ផង។​ សូម​កុំ​គិត​ថា​ ធ្វើ​ខុស​ហើយ​សុំ​ទោស​រួច​ខ្លួន​ ក៏​ចេះ​តែ​ធ្វើ​ទៅ​នោះ​អី!»៕