Mobile Legends: Bang Bang ដែល​ជាវិញ្ញាសា​ប្រកួត​មួយ​នៃ​កីឡា​អេឡិចត្រូនិក បាន​ប្រកាសពី​​គម្រោង​ Project NEXT ជា​ផ្លូវ​ការ ដែល​ជា​គម្រោង​ថ្មី​ដ៏​មាន​សារៈ​សំខាន់​បំផុត​ប្រចាំ​ឆ្នាំ ហើយ​គម្រោងថ្មី ដែល​បាន​ប្រកាស កាល​ពីថ្ងៃ​ទី​​១៩ ខែ​កក្កដា ឆ្នាំ​២០២០​​​នេះ​​គឺ​ក្រុម​​ការងារ​អភិវឌ្ឍ​ បាន​​ដាក់​ចេញ​នូវ​លក្ខណៈ​ពិសេស​ជា​ច្រើន ជា​ពិសេស​បាន​បន្ថែម​លើ​ការ​កែ​​ប្រែ​ Hero ថ្មី​ ​ឡូហ្គោ​​គម្រោង​ Project NEXT ផ្លូវ​ការ និង​​រឿង​រ៉ាង​អភិវឌ្ឍន៍ជាច្រើន ​​ក៏​ត្រូវ​បាន​បង្ហាញ​ជា​ផ្លូវ​ការ​លើក​ដំបូង​ដែរ។

គម្រោង​ថ្មីនេះ ជាការរៀបចំឡើងដើម្បី​ឲ្យ​ Heroes ចាស់​​មួយ​ចំនួន ​មាន​​លក្ខណៈ​ពិសេស​​​ល្អ​ឯក​ ក្នុង​នោះ​ក្រុម​ការងារ​ Mobile Legends: Bang Bang បាន​បង្កើត​​​​សមត្ថភាព​ជា​ស៊េរី ​ដល់​ពួក​គេ ដូចជា Miya ជា​ Heroទី​១ ​​​នៅ​ក្នុង​បញ្ជី​កែ​ប្រែ និង​ជា Heroដំបូងរបស់​ Mobile Legends: Bang Bang ដែល​បាន​ក្លាយ​ជា​រូបតំណាង​ Iconic នៃ​ហ្គេម ហើយ​ការ​ចាប់​ផ្តើម​ Project NEXT នេះ គឺ​​Miya នឹងបង្ហាញ​ខ្លួន​មុន​គេ​ ​​​​ក្នុង​​​​ដំណើរ​ផ្សង​​ព្រេង​​ថ្មី​មួយ។

Mobile Legends: Bang Bang បាន​ធ្វើ​ការ​តុប​តែង​លំអ​​ជា​​ពិសេស​ដល់​​ Miya ដែល​រាប់​ចាប់​ពី​សព្វាវុធ រហូត​ដល់​ឈុត​សំលៀក​បំពាក់​ ដែល​ធ្វើ​ឲ្យ​ Miya កាន់​តែ​ស្រស់​ស្អាត ទន់​ភ្លន់ និង​ក្លាហាន។ លើស​ពី​នេះ​ទៀត ដើម្បី​ធ្វើ​ឲ្យ​ Miya មាន​តួនាទី​សកម្ម ​នៅ​ក្នុង​ការ​​ប្រកួត​ ក្រុម​ការងារ​បាន​​ធ្វើ​ឲ្យ​អាវុធ​របស់​នាង​ កាន់​តែ​សាហាវ​ខ្លាំង​ឡើងជាមុន។ ការ​បង្កើន​សមត្ថភាព​វាយ​ប្រហារ​ និង​ជំនាញ ​Passive និង Skill ទី2 បាន​​ធ្វើ​​​ឲ្យ​នាង កាន់តែ​មាន​​សមត្ថភាព​ខ្លាំងក្លា​ គ្រោះ​ថ្នាក់​ និង​គ្រប់​គ្រង​កាន់​តែ​អស្ចារ្យ ជា​ពិសេសភាពប៉ិនប្រសព្វ​បត់​បែន​លឿន​តាម​កាលៈ​ទេសៈ។

ជា​មួយ​គ្នា​នេះ​​ Mobile Legends: Bang Bang ក៏​​បាន​​​កែ​ប្រែ Hero​ ផ្សេង​ទៀត​ហើយ​ម្នាក់នេះ ជាអ្នក​ងុប​ងល់​នឹង​ Miya និង​​មាន​ក្តី​រំពឹង​ខ្ពស់ដល់​​​អ្នកកម្សាន្ត គឺ ​​Alucard។ យោង​តាម​ក្រុម​ការងារបាន​ឲ្យ​ដឹង​ថា ​ការ​កែ​ប្រែចំណុច​តូច​ៗ​ជា​ច្រើន​អំពី ​​Skills​របស់​ Alucard ត្រូវ​បាន​ធ្វើឡើង​ ប៉ុន្តែ​សម្រាប់​រូប​រាង​ខាង​ក្រៅ​វិញ​ មិន​មាន​ការ​កែ​ប្រែ​ច្រើន​ទេ។

ក្រោយ​ពេល​សិក្សា​ស្រាវ​ជ្រាវ​យ៉ាង​យូរ​តាម​រយៈ​​មតិ​​ស្ថាបនា​របស់​អ្នក​កម្សាន្ត ក្រុម​ការងារ Mobile Legends: Bang Bang បាន​រក​ឃើញ​ថា ភាគ​ច្រើន​បំផុត ​នៃអ្នក​កម្សាន្ត ពេញ​ចិត្ត​ខ្លាំង​ ​ចំពោះ​​​សមត្ថភាព​របស់ ​Alucard ដែលជំរុញ​ឲ្យ​មាន​​ការ​សម្រេច​ចិត្ត​មួយ​ ដើម្បី​​បង្កើន​កម្រិត​​អតិបរមា​ ដល់សមត្ថភាព​របស់​គាត់។

បន្ថែម​លើ​នេះ ក្រុម​អភិវឌ្ឍ ​បាន​​កែ​សម្រួល​ជំនាញ​វាយ​លុកផ្នែក​ Passive និង​​ដក​ចេញ​​នូវ​​​ជំនាញ​វាយប្រហារ​របស់​គាត់ ​ពេល​​ប្រឈម​នឹង​គោល​ដៅ២។ ផ្ទុយ​ទៅ​វិញ Passive ថ្មី​ឥឡូវ​នេះ​ អនុញ្ញាត​ឲ្យ​ Alucard​ មាន​លទ្ធភាព​ខ្លាំង​ក្លា​ ពេល​វាយ​លើ​គោល​ដៅ​តែ​មួយ។ ដូច​គ្នា​នេះ​ ឥទ្ធិពល​នៃ lifesteal ​ដែលស្ថិតក្នុងកំពូលជំនាញរបស់គាត់​ ​(Ultimate Skill) ​​ត្រូវបាន​ដក​ចញ និង​ដាក់​​ជំនួស​​វិញ នូវ​សមត្ថភាព​បន្ថែមកម្លាំង​វាយប្រហារ (Extra Damage)​ ​ទៅលើគោលដៅ ដែលគាត់ចង់កម្ទេច។ ​ជំនាញ​នេះ​​ អាច​ជា​គន្លឹះ​​ដ៏​មានឥទ្ធិពល​​របស់ Passive ដែល​បង្កើន​ដល់​លទ្ធផល​វាយប្រហារកម្ទេចរបស់​គាត់ ​កាន់​តែ​អស្ចារ្យ​ និង​ខ្លាំង​ឡើង​មួយកម្រិតទៀត។ លើស​ពី​នេះ​ទៀត ការ​តុប​តែង​កែប្រែ​ ​ជំនាញ​ និងប្រវត្តិ​របស់​ Heroes ក៏​ត្រវ​បាន​ស្ថាបនា​ថ្មី ​ទៅតាមកម្រិតផ្សេងៗគ្នាជា​ច្រើន។​

​ គម្រោង​ Project NEXT ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ក្លាយ​ជា​គម្រោង​យូរ​អង្វែង​ ដែល​មាន​គោល​បំណង​​​​ផ្តល់ឲ្យ​​​អ្នក​កម្សាន្ត ទទួល​បាន​បទ​ពិសោធ​ហ្គេម​ពិសេស​ថ្មី​ តាម​រយៈ​ការ​​កែ​សម្រួល​​ Heroes រូបរាង ​សំលេង​ និងព្រម​ទាំង​ទស្សនៈ​ជា​សកល។ Mobile Legends: Bang Bang មាន​គោល​ដៅ​ឥត​ងាក​រេ​ទេ ​ក្នុង​ការ​ស្វះ​ស្វែង​រកទាំងគុណ​ភាព និងភាពអស្ចារ្យ ​ហើយ​នេះ​ជា​ហេតុ​ផល ​​​ដែល​​ឡូហ្គោ​ផ្តាច់​មុខ​មួយ ​ត្រូវ​បាន​​ឌីហ្សាញ​ឡើង​សម្រាប់​គម្រោង Project NEXT នេះ។

ក្នុង​នាម​ជា​ប្រភេទ​កីឡា​អេឡិចត្រូនិក​​ដែល​លក់​ដាច់ និងពេញ​និយម​លេង​បំផុតជា​ច្រើន​ឆ្នាំ​មក​ហើយ​ វិញ្ញាសា Mobile Legends: Bang Bang បាន​នឹង​កំពុង​​ធ្វើ​ការអភិវឌ្ឍន៍ បង្កើន​ប្រសិទ្ធភាព​ច្នៃ​ប្រឌិត​ឥត​ឈប់​ឈរ ​ឆ្លើយ​តប​ទៅ​នឹង​​តម្រូវ​ការ និង​មតិ​ស្ថាបនា​របស់​អ្នក​កម្សាន្ត​គ្រប់​ពេល​វេលា។ ក្នុង​ឆ្នាំ​២០១៩​កន្លង​ទៅ​ Mobile Legends: Bang Bang 2.0 បាន​ធ្វើ​បច្ចុប្បន្ន​ភាព​ប្រចាំ​ឆ្នាំ ​និង​ទទួល​បាន​ការ​អបអរ​ពីអ្នក​លេង​ទូទាំង​ពិភព​លោក ហេតុ​នេះ Project NEXT គឺ​ជា​គម្រោង​​ដ៏​មាន​តម្លៃ​ ដែល​​អ្នក​រាល់គ្នា​ទន្ទឹង​រង់​ចាំ៕