ប្រទេសអង់គ្លេស៖ សហ​ព័ន្ធ​កីឡា​បាល់​ទាត់​អង់គ្លេស បានប្រកាស​កាលពីថ្ងៃពុធ​ថា ពាន CommunityShield ដែល​ជា​ការ​ប្រកួត​​បើក​រដូវ​កាលថ្មី​នៃក្រប​ខ័ណ្ឌលីក​អង់គ្លេស នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​កីឡដ្ឋាន Wembley នា​ថ្ងៃ​ទី​២៩ ខែ​សីហា​។ ការ​ប្រកួត​នេះ ដែល​ជា​ជំនួប​រវាងក្រុម​ Liverpool ម្ចាស់​ជើង​ឯក Premier League និង​ក្រុម​ម្ចាស់​ជើង​ឯក​ពីការ​ប្រកួត​ពាន FA Cup នៅ​ថ្ងៃ​សៅរ៍​នេះ រវាងក្រុម Chelseaនិង Arsenal នឹង​ត្រូវ​រៀប​ចំ​ឡើង​ក្នុង​រយៈ​ពេល​២​សប្តាហ៍ នៅ​មុន​ពេល​ការ​ប្រកួត​បើក​រដូវ​កាល​នៃ​ក្រប​ខ័ណ្ឌកំពូល​។

 

មាន​​ព័ត៌​មាន​ចេញផ្សាយ​ថា ការ​ប្រកួត​នេះ នឹង​ដើរ​តួនាទី​ជា​ការ​ប្រកួត​សាកល​ល្បង ដើម្បី​ស្វាគមន៍​អ្នក​គាំទ្រ​ក្នុង​ចំនួន​កំណត់ នៅ​កីឡដ្ឋាន Wembley ក្នុង​នាម​ជាផ្នែក​មួយ​នៃ​ផែន​ការ​នានា សម្រាប់​អ្នក​គាំទ្រ ក្នុងការ​វិល​ទៅ​ទស្ស​នា​​ព្រឹត្តិ​ការណ៍​កីឡា​ដោយ​ផ្ទាល់​វិញ ក្នុង​គម្លាត​សុវត្ថិភាពនៅ​តាម​កីឡដ្ឋាននានា ចាប់​ពីថ្ងៃ​ទី​១ ខែ​តុលា ត​ទៅ​។ ការ​ប្រកួត Community Shield នឹង​ត្រូវ​រៀប​ចំ​​​ឡើង នៅមុន​ពេល​ការ​សម្រាក​សម្រាប់​ការ​ប្រកួត​អន្តរ​ជាតិ ចាប់​ពីថ្ងៃ​ទី​២ ដល់​ទី​១០ ខែកញ្ញា​។ ក្រប​ខ័ណ្ឌ Premier League បាន​ឲ្យ​ដឹង​​កាល​ពី​សប្តាហ៍មុន​ថា រដូវ​កាល​ឆ្នាំ​២០២០-២០២១ នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​១២ ខែ​កញ្ញា ហើយ​និង​បន្ត​រហូត​ដល់​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២២​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia