បរទេស៖ Watford ក្លឹបដែលបានធ្លាក់ទៅលេងនៅក្របខណ្ឌលីកលំដាប់ទី២ Championship រដូវកាលថ្មី បានបញ្ជាក់​ជា​ផ្លូវការណ៏​ពី​ការ​តែងតាំងលោក Vladimir Ivic ជាគ្រូបង្វឹកថ្មីរបស់ពួកគេ។ អ្នកចាត់ការទូទៅវ័យ ៤៣ ឆ្នាំរូប​នេះ​បានយល់ព្រមលើកិច្ចសន្យាដឹកនាំក្លឹបរយៈពេលមួយឆ្នាំ ជាមួយនឹងជម្រើសបន្តរយៈពេលបន្ថែមទៀត អាស្រ័យ​លើលទ្ធផលជាក់ស្តែង ។

អតីតអ្នកចាត់ការក្លឹប Maccabi Tel Aviv នៅលីកកំពូលអ៊ីស្រអែលរូបនេះ បានចូលមកដឹកនាំក្រុមបន្ត ពីលោក Nigel Pearson ដែលត្រូវបានក្លឹបបណ្តេញចេញក្រោយនៅសល់ពីរប្រកួតត្រូវ បញ្ចប់រដូវកាលក្របខណ្ឌ Premier League។
ទោះបីជាបណ្តេញគ្រូបង្វឹកចេញ Watford ជៀសមិនផុតពីការជម្រុះទៅលេងនៅលីកលំដាប់ទី២ បន្ទាប់​ពី​ចាញ់​ការ​ប្រកួតចុងក្រោយនាពេលបិទរដូវកាលរបស់ពួកគេជាមួយក្រុមកាំភ្លើងធំ Arsenal។ មានន័យ​ថា​ Watford បាន​ចំណាយពេល ៥ ឆ្នាំចុងក្រោយលេងនៅក្របខ័ណ្ឌ Premier League និងធ្លាប់​ឈាន​ដល់វគ្គផ្តាច់ព្រ័ត្រ FA Cup ក្នុងឆ្នាំ ២០១៩ ។

អតីតកីឡាករក្រុមជម្រើសជាតិស៊ែប៊ី និង ម៉ុងតេណេហ្រ្គោ លោក Ivic បានផ្តល់បទសម្ភាសន៏ក្រោយ​ការ​តែងតាំងនេះថាៈគឺ ជាលើកទី ១ របស់ខ្ញុំសម្រាប់ការដឹកនាំក្លឹបនៅក្នុងប្រទេសអង់គ្លេសហើយខ្ញុំត្រូវសម្របខ្លួន ឲ្យ បានលឿនតាមដែលអាចធ្វើទៅបានដើម្បីធ្វើឱ្យក្លិបមានសារៈសំខាន់បំផុតសម្រាប់ខ្ញុំ៕