បរទេស៖ ក្លិប Arsenal បាន​យល់​ព្រម​លើកិច្ច​សន្យា​ជាអចិន្ត្រៃយ៍​ជាមួយ​នឹង​ខ្សែ​ការ​ពារ Pablo Mari និង Cedric Soares ក្រោយពី​ការ​ចំណាយ​ពេល​​ខ្ចី​ជើង​របស់ពួក​​គេ​នៅ​ពាក់​កណ្តាល​រដូវ​កាល​ឆ្នាំ​២០១៩-២០២០​។ នេះ​បើយោង​ទៅ​តាម​ការ​ប្រកាសរបស់​ក្លិប​នៅ​លើ​​គេហ​ទំព័រ​របស់​ពួក​គេ កាលពីថ្ងៃ​ចន្ទ​។

Mari វ័យ​២៦​ឆ្នាំ បាន​ផ្ទេរ​ទៅកាន់​ក្រប​ខ័ណ្ឌ Premier League កាលពី​ខែមករា ពីក្លិប Flamengo ដែល​ជាក្លិប​រូប​គេ​បាន​ជួយ​ឲ្យ​ឈ្នះពានក្រប​ខ័ណ្ឌ​ប្រេស៊ីល Serie A និង​ពាន Copa Libertadores កាលពីឆ្នាំ​មុន​។ ខ្សែ​ការ​ពារ​អេ​ស្ប៉ាញ​រូបនេះ បាន​លេង​៣លើក​ស​ម្រាប់​ក្លិប Arsenal នៅមុន​ពេល​រដូវ​កាល​របស់​គេ បាន​បញ្ចប់​មុន​ពេល​កំណត់ ដោយ​សារ​តែ​​របួស​ក​ជើង​។ ខ្សែ​ការ​ពារ​អន្តរ​ជាតិ​ព័រ​ទុយ​ហ្គាល់ Soares វ័យ​២៨ឆ្នាំ ដែល​បាន​ចូលរួម​ក្នុងនាម​ជា​កីឡាករ​កម្ចី​រយៈពេល​ខ្លី​ពីក្លិប Southampton បាន​បង្ហាញខ្លួន​៥លើក​សម្រាប់​ក្រុមរ​បស់​លោក Mikel Arteta កាលពី​រដូវ​កាល​មុន​។

ជាមួយ​គ្នា​នេះ ក្លិប Arsenal ក៏​បាន​ទាក់​ទង​នាំ​យក​ខ្សែ​ការ​ពារ​កណ្តាល Gabriel Magalhaes ពីក្លិប Lilleផងដែរ ខណៈ​ដែល​លោក Arteta សម្លឹង​រក​ការ​ពង្រឹង​តំបន់​ការ​ពារ នៅមុន​ពេល​យុទ្ធនាការ​លិក​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​១២ ខែកញ្ញា​៕

 

ប្រភព​ព័ត៌​មាន៖ Reuters