បរទេស៖ អតីត​តារា​កីឡា​បាល់​ទាត់​កម្រិត​ពិភព​លោក Ronaldinho បាន​ចាក​ចេញពី​ប្រទេស​ប៉ា​រ៉ា​ហ្គាយ កាលពីថ្ងៃ​អង្គារ ពោល​គឺ​ត្រឹម​តែ​រយៈ​ពេល​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ក្រោយ​ពី​ចៅ​ក្រមបាន​ដោះ​លែង​រូប​គេ​ឲ្យ​រួច​ផុត​ពី​ការ​ឃាត់​ខ្លួន​រយៈ​ពេល​៥​ខែ ជុំ​វិញ​ការ​ប្រើប្រាស់​លិខិត​ឆ្លង​ដែន​ក្លែង​ក្លាយ​​។

Ronaldinho បាន​ចាក​ចេញពី​សណ្ឋា​​គារ ដែល​រូប​គេ​បាន​ស្នាក់​នៅ ចាប់​តាំងពី​ខែ​មេសា នៅ​ក្នុង​រដ្ឋធានី Asuncion ដើម្បី​ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង Rio de Janeiro តាម​រយៈ​យន្ត​ហោះ​ឯក​ជន ជាមួយនឹង​បងប្រុស​របស់​គេ Roberto​។ នេះ​បើយោង​ទៅ​តាម​ការ​បញ្ជាក់​របស់​ក្រុម​អាជ្ញា​ធរ​ប៉ា​រ៉ា​ហ្គាយ​។ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ម៉ោង​មុន​នេះ​នៅលើ​គណនី Instagram របស់​គេ អតីត​​តារាឆ្នើម​រូបនេះ បាន​ថ្លែង​អំណរគុណ​ដល់​មេ​ធាវី​ប្រេស៊ីលម្នាក់ និង​ក្រុម​អាជីព ដែល​បាន​ផ្តល់​ប្រឹក្សា​ដល់​រូប​គេ​ក្នុង​ប្រទេស​ប៉ា​រ៉ា​ហ្គាយ ក៏ដូច​ជា​អ្នក​គាំទ្រ​មួយ​ចំនួន​ដែល​បានផ្តល់​កា​ដូ​ដល់​រូបគេ​។ រូប​គេក៏​បាន​បង្ហោះ​រូប​ថត​មួយ​ ដែល​បាន​ថត​ជាមួយ​នឹង​​អតីត​ខ្សែ​ការ​ពារ​អន្តរ​ជាតិ​ប៉ារ៉ា​ហ្គាយ Carlos Gamarra ផង​ដែរ​។​ ការ​ចាក​ចេញ​នេះ បញ្ចប់​ទំ​ព័រ​ដ៏​ជ្រួលច្របល់​មួយ ក្នុង​ជីវិត​របស់​ខ្សែ​ប្រយុទ្ធ​ដ៏ឆ្នើម​រូបនេះ ដែល​បាន​ជួយ​ឲ្យ​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ប្រេស៊ីល ឈ្នះពាន World Cupក្នុង​ឆ្នាំ​២០០២​។

រូប​គេ​ត្រូវ​បាន​ឃាត់​ខ្លួន កាលពីថ្ងៃ​ទី​៦ ខែមីនា ជាមួយ​នឹង​បង​ប្រុស​របស់​គេ និង​អ្នក​គ្រប់គ្រង​​ពាណិជ្ជ​កម្ម​លោក Roberto Assis នៅពេលដែលពួកគេ​បាន​ព្យា​យាម​ចូលទៅកាន់​ប្រទេស​ប៉ា​រ៉ា​ហ្គាយ ជាមួយ​នឹង​លិខិត​ឆ្លង​ដែន​សញ្ជាតិប៉ា​រ៉ា​ហ្គាយក្លែង​ក្លាយ​។ ពួក​គេ​បាន​ចំណាយ​ពេល​អស់​៣២​ថ្ងៃ ក្នុង​មន្ទីរឃុំ​ឃាំង​នៅ​ស្ថានីយប៉ូលិស ដោយ​នៅរួម​ជាមួយនឹង​ក្រុម​ជួញដូរគ្រឿងញៀន នរគបាល និងអ្នក​នយោបាយ​ពុករលួយ នៅមុន​ពេល​បង់​ប្រាក់ធានា​ចំនួន​១,៦​លាន​ដុល្លារអាមេរិក ដើម្បី​ឃុំ​ខ្លួន​នៅ​សណ្ឋគារ​ជំនួស​វិញ​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia