បរទេស៖ ខ្សែ​បម្រើ​ដ៏​ឆ្នើម​អន្តរ​ជាតិ​ក្រូអាត Ivan Rakitic បាន​វិល​ទៅកាន់​​ក្លិប Sevilla ដែល​ជាម្ចាស់​ជើង​ឯក​ក្រប​ខ័ណ្ឌ Europa League វិញ ក្នុង​កិច្ច​សន្យា​រយៈពេល​៤​ឆ្នាំ ពីក្លិប Barcelona សម្រាប់​តម្លៃ​ខ្លួន​បិទ​ជិត​មួយ​។

នេះ​បើយោង​ទៅ​តាម​ការ​ប្រកាស​របស់​ក្លិប​ស្ថិតក្នុងក្រប​ខ័ណ្ឌ La Liga មួយនេះ កាលពីថ្ងៃ​អង្គារ​។ Rakiticបាន​ជួប​ពេល​វេលា​ដ៏​រីក​រាយ​រយៈពេល​៦​ឆ្នាំ​​នៅ​ឯ​ក្លិប Camp Nou ដែល​ក្នុង​អំឡុង​​​ពេលនោះ Barcelonaបាន​ឈ្នះ​ពាន​ក្រប​ខ័ណ្ឌលីក​ចំនួន​៤​ ពាន Copa del Rey ៤លើក ពាន​ក្រប​ខ័ណ្ឌ Champions Leagueនិង Club World Cup ១លើក​។ បណ្តាញ​សារ​ព័ត៌​មាន​អេ​ស្ប៉ាញ បាន​ចេញផ្សាយ​ថា តារាឆ្នើម​វ័យ​៣២​ឆ្នាំ​រូបនេះ ដែល​នៅ​ជា​ប់​កិច្ច​សន្យា​រយៈពេល​១​ឆ្នាំ​ទៀត​ក្នុង​កុង​ត្រា​របស់​គេ មិន​បាន​ស្ថិត​​ក្នុង​ក្រុម​ Barcelona ថ្មី ដែល​លោក​គ្រូបង្វឹក Ronald Koeman ត្រៀម​សម្រាប់​ឆ្នាំ​ក្រោយ​ឡើយ​។

ក្លិប Sevilla បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា៖ «ក្លិប Sevilla FC និង FC Barcelona បាន​ឈាន​ដល់​ការ​​ព្រម​ព្រៀង​​គ្នា​មួយ​សម្រាប់​ការ​ផ្ទេរ​ខ្សែ​បម្រើ Ivan Rakitic ដែល​នឹង​វិល​ទៅកាន់​ក្លិប​នេះ​ជាលើក​ទី​២ ក្រោយពី​ការ​ចំណាយ​ពេល​ជាលើក​ទី​១​របស់​គេ​នៅ​ក្នុង​ក្លិប​នេះ​នា​ចន្លោះ​ខែ​មករា ឆ្នាំ​២០១១ និង​ខែ​មិថុនា ឆ្នាំ​២០១៤»។ Rakitic បាន​ធ្វើ​ជា​ប្រធានក្រុម​នៃក្រុម Sevilla ក្នុង​ពេល​ពួកគេ​បាន​ឈ្នះ​ពាន​ក្រប​ខ័ណ្ឌ Europa League កាលពីឆ្នាំ​២០១៤៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia