បរទេស៖ ខ្សែប្រយុទ្ធ Ansu Fati បានង្កើតការភ្ញាក់ផ្អើលក្នុងកីឡាបាល់ទាត់កម្រិតអន្តរជាតិរបស់គេ កាលពីថ្ងៃអាទិត្យ ក្រោយពីបានក្លាយជាកីឡាករដែលរកបានគ្រាប់បាល់បញ្ចូលទីដ៏វ័យក្មេងបំផុតក្នុងប្រវត្តិសាស្ត្រនៃក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ ក្នុងពេលពួកគេបានទទួលជ័យជម្នះក្នុងលទ្ធផល ៤-០ លើក្រុមជម្រើសជាតិអ៊ុយក្រែន ដើម្បីឈរលេខ១នៅលើកំពូលតារាងពាន UEFA Nations League ។
ខ្សែប្រយុទ្ធ Fati របស់ក្លិប Barcelona បានជួយឲ្យក្រុមជម្រើសជាតិអេស្ប៉ាញនាំមុខ៣គ្រាប់ ក្រោយពីលេងបានរយៈពេលត្រឹមតែ៣១នាទី នៃការប្រកួតពូល 4 នាកីឡដ្ឋាន Alfredo di Stefano ក្នុងទីក្រុងម៉ាឌ្រីដ តាមរយៈការស៊ុតបាល់បញ្ចូលទីយ៉ាងល្អក្នុងការប្រកួតកម្រិតអន្តរជាតិជាលើកដំបូងរបស់គេសម្រាប់ក្រុមជម្រើសជាតិអេស្ប៉ាញ។ ស្របពេលជាមួយគ្នានេះ ខ្សែបម្រើ Ilkay Gundogan បានសម្តែងនូវការផ្ទុះកំហឹរបស់ខ្លួន ខណៈដែលក្រុមជម្រើសជាតិអាល្លឺម៉ង់ បានបញ្ចប់ក្នុងលទ្ធផលស្មើជាលើកទី២ ដែលនាំឲ្យពួកគេស្ថិតក្នុងចំណាត់ថ្នាក់លេខ៣ នៅក្នុងពាន Nations League របស់ពួកគេ ក្រោយពីក្រុមជម្រើសជាតិស្វ៊ីស បានវាយបកដើម្បីតាមស្មើ ១-១ កាលពីថ្ងៃអាទិត្យ។
Gundogan បានជួយឲ្យអាល្លឺម៉ង់ រកបានគ្រាប់បាល់បើកឆាកនៅនាទី ទី១៤ នៅមុនពេលខ្សែការពារស្លាបស្តាំ Silvan Widmer បានរកគ្រាប់បាល់តាមស្មើវិញ នៅមុនពេលឈានដល់នាទី ទី៦០ ក្នុងការប្រកួតនាកីឡដ្ឋាននាទីក្រុង Basel។ ខ្សែបម្រើ Gundogan របស់ក្លិប Manchester City បានឲ្យដឹងថា៖ «ខ្ញុំពិតជាខកចិត្តបន្តិច។ លទ្ធផលនេះកំពុងតែប៉ះពាល់អារម្មណ៍ខ្ញុំ»៕
ប្រភពព័ត៌មាន៖ Channel News Asia