បរទេស៖ ក្រុមទើបនិងវិលត្រលប់មកពីក្របខណ្ឌលីកលំដាប់ទី២គឺ Fulham បានចុះហត្ថលេខាលើអ្នកចាំទីអន្តរជាតិបារាំង Alphonse Areola ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលមួយរដូវកាលពី Paris St-Germain។ Areola កីឡាករវ័យ ២៧ ឆ្នាំដែលមានដើមកំណើតជាកូនកាត់បារាំង-ហ្វីលីពីនទើបតែវិលត្រលប់ពីលក្ខណ្ឌខ្ចីជើងដូចគ្នាពីក្លឹបអធិរាជស Real Madrid កាលពីរដូវកាលមុនដោយបង្ហាញខ្លួនបាន ៩ ប្រកួតសម្រាប់ពួកគេរួមទាំងការប្រកួតក្របខ័ណ្ឌ Champions League ចំនួន ២ លើកផងដែរ។
ក្រោយផ្ទេរដោយជោគជ័យមកកាន់ទឹកដី Craven Cottage អ្នកចាំទីរូបនេះបានប្រាប់យ៉ាងដូច្នេះថាៈ ខ្ញុំពិតជារីករាយណាស់ដែលអ្វីៗបានជោគជ័យដូចការគ្រោងទុក។ គ្រូបង្វឹក Scott Parker បានទូរស័ព្ទមកខ្ញុំហើយបាននិយាយថាគាត់ពិតជាចង់បានខ្ញុំធ្វើអោយខ្ញុំមានអារម្មណ៏រីករាយ។ ក្លឹប Fulham គឺជាក្លឹបប្រវត្តិសាស្រ្តមួយនៅទីក្រុងឡុងហើយខ្ញុំបានស្វែងយល់ និង ដឹងអ្វីៗជាច្រើនពីកីឡដ្ឋាននេះ ។
Areola ចូលលេងបាន ៣ ដងសម្រាប់ក្រុមមាន់គកបារាំងហើយ ជាសមាជិកដែលមិនបានប្រើប្រាស់កំលុងពេលក្រុមលោកគ្រូបង្វឹក Didider Deschamp ឈ្នះការប្រកួត World Cup ឆ្នាំ ២០១៨ របស់ពួកគេនោះទេ។ អតីតអ្នកចាំទីដៃទី១រូបនេះក៏ធ្លាប់បានជួយ PSG លើកពាន Ligue-១ និងកាលពីរដូវកាលមុនបានជួយក្លឹប Real Madrid លើកពាន La Liga ផងដែរ៕
ប្រភពព័ត៍មាន៖ BBC


