​បរទេស៖ ក្លិប Inter Milan បាន​បំពេញ​ការ​​ព្រមព្រៀង​គ្នា​មួយ​ដើម្បី​ចុះ​​ហត្ថ​លេខា​ជាមួយនឹង​ខ្សែ​បម្រើ​ប្រយុទ្ធ Arturo Vidal ពីក្លិប Barcelona ក្នុង​តម្លៃ​ខ្លួន​១​​លាន​អឺ​រ៉ូ (ស្មើ​នឹង​១,១៧​លាន​ដុល្លារ​អាមេរិក)​។

 

នេះ​បើយោង​ទៅ​តាមការ​ប្រកាស​របស់​ក្លិប កាលពីថ្ងៃ​អង្គារ​។ Barca បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែ​ងការណ៍​មួយ​ថា៖ «ក្លិប Barcelona និង Inter Milan បាន​ឈាន​ដល់​ការ​ព្រម​ព្រៀង​​គ្នា​មួយ​ដើម្បី​ផ្ទេរ​កីឡាករ Arturo Vidal​។ ក្រុម​របស់​អ៊ី​តាលីមួយ​នេះ នឹង​បង់​ប្រាក់​ឲ្យ​ក្លិប FC Barcelona ចំនួន​១លាន​អឺ​រ៉ូ​»​។ ក្រោយពី​ចូលរួម​កាលពីឆ្នាំ​២០១៨ Vidal បាន​លេង​ការ​ប្រកួត​៩៦​លើក​សម្រាប់​ក្លិប Barcelona និង​បាន​ស៊ុត​បាល់​បញ្ចូល​ទី​១១​គ្រាប់ ក៏ដូច​ជា​បាន​ជួយ​ឲ្យ​​ពួក​គេ​លើក​​ពាន​ La Liga ក្នុង​ឆ្នាំ​ទី​១​របស់​គេ នៅ​អេ​ស្ប៉ាញ​​។

ប៉ុន្តែ កីឡាករ​វ័យ​៣៣​ឆ្នាំ​រូបនេះ ត្រូវ​បាន​ចាត់​ទុក​ថា ជា​ចំនួន​លើស​ដោយ​ក្លិបនេះ ក្រោយពី​ការ​បញ្ចប់​រដូវ​កាល​ដ៏ខក​ចិត្ត​របស់​ពួក​គេ កាលពី​រដូវ​កាល​មុន ខណៈ​ដែល​លោក Josep Maria Bartomeu ប្រធានក្លិប Barca បាន​ទទួល​ស្គាល់​ថា កីឡាករ​ជា​ច្រើន​ត្រូវ​តែ​ចាក​ចេញ នៅមុន​ពេល​នាំ​យក​កីឡាករ​ថ្មីៗ​។ Vidal នឹង​វិល​ទៅ​ចូលរួម​ជាមួយ​នឹង​លោក Antonio Conte វិញ​នៅ​ Inter ដែល​ជា​គ្រូបង្វឹក​រូប​គេ​បាន​លេង​ឲ្យ​ ក្នុង​ពេល​ស្ថិត​ក្នុងក្លិប Juventus នៅ​ចន្លោះ​ឆ្នាំ​២០១១ និង​២០១៥ នៅមុន​បេល​ផ្ទេរ​ទៅកាន់​ក្លិប Bayern Munich និង Barca​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia